កីឡាជាតិ
ជាតិ
គុន​ចម្រុះ មិន​ពេញនិយម​នៅ​កម្ពុជា តែ រិ​ន សា​រ័ត្ន ជាប់ចិត្ត​ស្រលាញ់​តាំងពី​ឆ្នាំ ២០១៣
07, Apr 2019 , 8:29 am        
រូបភាព
​ដោយ​៖ ស៊ី​ធី​

​កាល​ប៉ុន្មាន​ឆ្នាំមុន​ក្បាច់គុន​ចម្រុះ (MMA) មិនសូវ​ជា​ពេញនិយម​នៅ​កម្ពុជា​ទេ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​មាន​ភាព​ផុលផុស​គួរសម​ដោយមាន​ការបង្កើត​ក្លិប និង​មាន​កីឡាករ​ចេញទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក One Championship ញឹកញាប់​។ ហេតុអ្វី​បានជា រិ​ន សា​រ័ត្ន ចាប់​អាជីព​ជា​កីឡាករ​គុន​ចម្រុះ តាំងពីដើម​មក មិន​ព្រម​ចាប់យក​ប្រដាល់​?


 
​អ្នកលេង​គុន​ចម្រុះ វ័យ ២៥ ឆ្នាំ​បាន​បង្ហើប​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់អារម្មណ៍​ក្បាច់គុន​ចម្រុះ​ដំបូង​ពេល ស៊ី​ធី​អិន​រៀបចំ​ការប្រកួត​គុន​ចម្រុះ​ដំបូង នៅ​ឆ្នាំ ២០១៣ ហើយ​គេ​ក៏ត្រូវ​ការជ្រើសរើស​កីឡាករ​ឲ្យ​ប្រកួត​។ ដោយសារ​ខ្ញុំ​ស្រលាញ់​គុន​ចម្រុះ ទើប​ខ្ញុំ​ទៅទាក់ទង​លោក គ្រូ ម៉ា សេរី និង​លោក ម៉ា ស៊ី​ថេត ដើម្បី​បាន​ហ្វឹកហាត់​។ ពេល​ពួកគាត់​យល់ព្រម ខ្ញុំ​ហ្វឹកហាត់​ជាមួយ​គ្រូ​ចំនួន ៦ រូប​មាន គ្រូ​ប្រដាល់​គុន​ខ្មែរ យូ​ដូ និង គ្រូ​MMA មកពី​បរទេស​»​។​
 
អ្នកលេង​គុន​ចម្រុះ​ដដែល​នេះ​គូសបញ្ជាក់​ទៀត ការរៀបចំ​របស់​ស៊ី​ធី​អិន ជា​អ្នកជំរុញ​ឲ្យ​រូបគេ​កាន់តែ​ចូលចិត្ត​គុន​ចម្រុះ និង ឈានដល់​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​រហូតដល់​សព្វថ្ងៃ​។ 
 
​ដ្បិត​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​អំឡុង ស៊ី​ធី​អិន រៀបចំ​ការប្រកួត​នៅ​ឆ្នាំ ២០១៣ និង ២០១៤ តែ សា​រ័ត្ន ក៏បាន​បែរ​ទៅ​ហាត់​ប្រដាល់​នៅ​ក្លិប​មួយ​នៅ​ប្រទេស​ថៃ​ក្រោយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​នេះ​ផ្អាក​ការប្រកួត​ជើងឯក​ក្បាច់គុន​ចម្រុះ​។ 
 
​សា​រ័ត្ន នៅចាំ​ថា​រូបគេ​ធ្លាប់​ប្រកួត​ប្រដាល់​បាន​ចំនួន ៣២ ដង ដែល​ក្នុងនោះ​ឈ្នះ ២៥ ដង​។ បែបណាក៏ដោយ ក្ដី​ស្រលាញ់​គុន​ចម្រុះ​មិនអាច​កាត់ផ្ដាច់​បាន​នោះទេ ពោល អ្នកលេង​គុន​ចម្រុះ​មកពី​ខេត្តព្រៃវែង​រូបនេះ​នៅតែ​ចិញ្ចឹមចិត្ត​ហាត់​ក្បាច់​ចម្រុះ​នេះ​ដដែល​។ 
 
​នៅ​ឆ្នាំ ២០១៧ គេ​បាន​ស្គាល់ លោក ហ៊ុន ច័ន្ទ​រាជ្យ ដែល​គ្រូបង្វឹក​ក្បាច់គុន​ចម្រុះ​នៅ​ក្លិប Cambodian Top Team បច្ចុប្បន្ន​។ រហូតដល់​ឆ្នាំ ២០១៨ ទើប​អ្នកលេង​គុន​ចម្រុះ​មានបទពិសោធន៍​ច្រើន​នៅ​សង្វៀន One Championship រូបនេះ​ចូល​ហ្វឹកហាត់ និង ស្នាក់នៅ​ជាមួយ​លោក ហ៊ុន ច័ន្ទ​រាជ្យ រហូតដល់​បច្ចុប្បន្ន​។ 
 
​កីឡាករ​ដែល​ប្រកួត​គុន​ចម្រុះ​ផ្លូវការ​បាន ១០ ដង​រូបនេះ​បាន​សង្កត់ធ្ងន់​ទៀតថា ៖«​ខ្ញុំ​ស្រលាញ់​វា ហើយ​វា​ជា​ក្បាច់គុន​លំបាក​មួយ ហើយ​យើង​ហ្វឹកហាត់​ត្រូវតែមាន​គ្រូ​។ ពេលខ្លះ​ប្រដា​ល់អាច​ហាត់​តែឯង​បាន ប៉ុន្តែ MMA មាន​ក្បាច់​ច្រើន ក្លេរ គាប និង ក្បាច់​ច្រើន​ទៀត​លាយ​គ្នា​។ ដូច្នេះ​យើង​ហាត់ ក្បាច់​ចម្រុះ​ភាគច្រើន​ត្រូវតែមាន​គ្រូ បើ​ហាត់​តែឯង​ពិបាក​ណាស់​»​។ 
 
​រឹតតែ​ធ្វើ​ឲ្យ​រូបគេ​ជក់ចិត្ត និង ដក់ចិត្ត​ជាប់​ក្បាច់ MMA ក្រោយ​បាន​ទស្សនាការ​វ៉ៃ​របស់​កីឡាករ​គុន​ចម្រុះ​ហ្វីលីពីន​មួយចំនួន ដែលមាន​ក្បាច់​ល្អ​ច្រើន ក្លេរ​រហ័ស និង បម្លាស់​ទី​វ៉ៃ​រហ័ស​ណាស់​។ 
​គួររំលឹកថា រិ​ន សា​រ័ត្ន ចូល​ហាត់គុន​ចម្រុះ តាំងពី​ឆ្នាំ ២០១៣ ពេល​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន រៀបចំ​ការប្រកួត​ជើងឯក​ក្បាច់គុន​ចម្រុះ ក្នុងស្រុក​លើកដំបូង​។ គ្រានោះ សា​រ័ត្ន បាន​ចូល​ហាត់​ជាមួយ​គ្រូ​ចំនួន ៦ នាក់​ផ្សេងគ្នា មាន​គ្រូ​ប្រដាល់ គ្រូ​គុន​ចម្រុះ មកពី​បរទេស និង គ្រូបង្វឹក យូ​ដូ ជាដើម​។ 
 
​រហូតដល់​ពេលនេះ សា​រ័ត្ន មានកំណត់​ត្រា​ប្រកួត​គុន​ចម្រុះ​ចំនួន ១០ ដង​ដែល​ក្នុងនោះ​ឈ្នះ ៣ ដង និង ចាញ់ ៧ ដង​។ ចំណែក​ការប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក One Championship វិញ កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ ឡើង​ប្រកួត​បាន​ចំនួន ៦ ដង ដោយ​ឈ្នះ ២ ដង និង ចាញ់ ៤ ដង​។ ការប្រកួត​លើកចុងក្រោយ​នៅ​សង្វៀន ONE: REIN Of Valor សា​រ័ត្ន ចាញ់​កីឡាករ​សញ្ជាតិ​អាមេរិក Tial Thang នៅ​ទឹក​ទី​៣៕ 
 

Tag:
 One Championship
  រិ​ន សា​រ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com