ភ្នំពេញ៖ ខ្មែរមួយចំនួនបានមើលរំលងគុណតម្លៃវត្ថុជាដួងព្រលឹងជាតិ ដែលមានតម្លៃកាត់ថ្លៃមិនបាន។ ការមិនស្គាល់ ឬមិនសិក្សាស្វែងយល់ពីសម្បត្តិវប្បធម៌ដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណជាតិ ធ្វើឱ្យជននោះបាត់ជំនឿលើជាតិសាសន៍ឯង។ នេះជាការលើកឡើងរបស់យុវជនដែលបានចូលរួមបាឋកថាស្ដីពីគ្រឿងលម្អស្ថាបត្យកម្មខ្មែរ នៅឯពុទ្ធសាសនបណ្ឌិត្យកាលពីពេលកន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់ពីការយល់ឃើញរបស់យុវជន សូមស្ដាប់បទយកការណ៍របស់កញ្ញា ប៉ូ សាគុន ដូចតទៅ ៖
សិក្ខាកាមប្រមាណ៤០អង្គ និងនាក់បានទៅចូលរួមស្ដាប់បាឋកថា ពីគ្រឿងលម្អស្ថាបត្យកម្មខ្មែរ ក្នុងកាលពីពេលកន្លងទៅ។ យុវជនបានមើលឃើញថា ប្រជាជនខ្មែរ ក៏ដូចជាស្ថាបត្យករមួយចំនួន មិនបានយកចិត្តទុកដាក់ស្រាវជ្រាវក្បាច់រចនា លើគ្រឿងលម្អស្ថាបត្យកម្មខ្មែរពីបុរាណ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការសាងសង់ឡើយ។
លោក ទ្រី សេងហៀង ជាស្ថាបត្យករមួយរូបដែលបានចូលរួមក្នុងបាឋកថានេះ ឱ្យតម្លៃស្ថាបត្យកម្មខ្មែរ ជាផ្នែកមួយតំណាងឱ្យព្រលឹងជាតិ។ ទោះជាយ៉ាងនេះក្ដី លោកមើលឃើញថា ខ្មែរមួយចំនួន បានមើលរំលងគុណតម្លៃនេះ ៖«ស្ថាបត្យកម្មតំណាងឱ្យជាតិមួយដែរ។ បានន័យថាគេគ្រាន់មកដល់ទឹកដីយើង គេមើលឃើញស្ថាបត្យកម្មបែបនេះ ឬក៏ផ្ទះនេះ ប្រាសាទនេះ វត្តនេះ គេដឹងថាគេកំពុងតែចូលដល់ទឹកដីខ្មែរហើយ។ នេះជាអត្តសញ្ញាណមួយសំខាន់ណាស់ ប៉ុន្ដែគេតែងតែមើលរំលង។ បើជាងសំណង់វិញ គាត់ធ្វើឱ្យតែបានៗ ដូចកំពូលម៉ែត្រមិនវាស់ទេ គ្រាន់តែទៅទិញពីគេមកដាក់។ ជួនកាលតួផ្ទះធំ តែកំពូលម៉ែត្រខ្លី ជួនកម្ពស់ដំបូលធំ តែដល់ជហ្វាខុសខ្នាតតូចពេក»។
ស្ត្រីម្នាក់ទៀតដែលចូលរួមស្តាប់ បាឋកថានោះដែរ គឺអ្នកនាង អ៊ួន កនិកា ក៏លើកស្រដៀងគ្នានេះដែរ។ អ្នកនាង និយាយថា ដោយសារតែការមិនឱ្យតម្លៃអ្វីដែលជារបស់ខ្មែរ ទើបមិនមានគ្រឿងជំរុញទឹកចិត្ត ឱ្យសិក្សាស្វែងយល់ពីវត្ថុទាំងនោះ យូរៗទៅខ្មែរមិនដឹងថាអ្វីជារបស់ខ្លួន ហើយអ្វីខ្លះបរទេសចម្លងពីខ្មែរ។ អ្នកនាង អ៊ួន កនិកា ៖«យើងមានក្បូរក្បាច់សម្បូរបែបហើយ តែពេលយើងបាត់បង់។ ក្រោយមកយើងយករបស់ចាស់មកប្រើ តែបែរជាមានពាក្យមួយគេថា យើងចម្លងតាមថៃ តែតាមពិតទាំងអស់នោះសុទ្ធតែជារបស់ខ្មែរ។ សំណូមពរទៅអ្នកទាំងអស់គ្នា ឈប់គិតថាសំណង់ខ្មែរយើងហ្នឹង ចម្លងមកពីថៃ។ សិល្បៈគឺជាការចម្លងគ្នា តែអ្វីដែលសំខាន់ចម្លងហើយ អភិវឌ្ឍន៍វាឱ្យស្អាតជាងមុន ទើបសិល្បៈយើងរីកចម្រើន»។
ដោយសារសង្គ្រាមធ្វើឱ្យកម្ពុជាបាត់បង់គម្ពីក្បួនខ្មាត និងឯកសារដែលជាមរតកដ៏វិចិត្រយ៉ាងណាក្ដី តែអ្នកខេត្តកំពង់ចាម លោក សេងហៀង ហ៊ានអះអាងថា ខ្មែរមានគំនិតច្នៃប្រឌិតដ៏អស្ចារ្យ។ លោក សេង ហៀង បន្ថែមដូច្នេះ៖«យើងដឹងហើយ ខ្មែរយើងជាម៉ែ ជាឪក្នុងផ្នែកគ្រឿងលម្អស្ថាបត្យកម្មហ្នឹង។ តែពេលយើងជួបសង្គ្រាមច្រើនយើងបាត់បង់ យើងច្រឡំគ្នា។ ពេលនេះជាឱកាសល្អ យើងវែកញែកឱ្យដាច់ថាមួយណាជាខ្មែរ មួយណាជាសៀម មួយណាមិនកម្ចី។ ធម្មតាប្រទេសពីរជិតគ្នា ការចម្លងវប្បធម៌តែងតែមានលើផ្នែកមួយចំនួន។ ពេលប្រទេសមួយអន់ តែងមានប្រទេសមួយទៀតមានឥទ្ធិពលលើ។ ពេលនេះយើងកំពុងតែរឹងមាំខ្លួនវិញហើយ យើងកំពុងតែព្យាយាមធ្វើយ៉ាងណាឱ្យច្បាស់លាស់ ថានេះជាការវិវឌ្ឍរបស់ខ្មែរ»។
បុរសវ័យ៣០ឆ្នាំរូបនេះ ចង់ឱ្យស្ថាបត្យកម្មខ្មែរសម័យក្រោយ ធ្វើស្របតាមក្បួនខ្នាតរួម ដែលបង្ហាញពីអត្តសញ្ញាណជាតិ។ លោក សេង ហៀង បញ្ជាក់៖«ចង់ឱ្យស្ថាបត្យកម្មខ្មែរធ្វើទៅតាមបទដ្ឋានក្បួនខ្នាតប្រពៃណីរបស់យើង ឱ្យបានត្រឹមត្រូវ។ ទោះជាយើងចង់យកទៅបំបែកក៏នៅក្នុងក្បួនខ្នាតខ្មែរ»។
ឆ្លើយតបនឹងបញ្ហាខាងលើអ្នកនាង កនិកា ថាទាល់តែមានការផ្សព្វផ្សាយឱ្យកាន់តែច្រើន និងទូលំទូលាយ លើការសិក្សាស្វែងយល់ពីគ្រឿងលម្អស្ថាបត្យកម្មខ្មែរ។ «ទាល់តែមានការផ្សព្វផ្សាយឱ្យបានច្រើនអំពីរចនាបទអស់ហ្នឹង គឺផ្សព្វផ្សាយជាសកលតាមហ្វេសប៊ុក និងអ្វីផ្សេងទៀត។ កូនខ្មែរយើងគាត់បានស្គាល់កាន់តែច្រើន ហើយបរទេសក៏បានដឹងថាអ្វីជារចនាបទរបស់ខ្មែរដែលយើងមានតាំងពីដើមមក ហើយមានការច្នៃឱ្យមានការល្អប្រសើរយ៉ាងណាខ្លះទៀត»។ នេះជាការលើកឡើងរបស់អ្នកនាង កនិកា។
បន្ថែមលើនោះលោក លី រស្មី អគ្គលេខាធិការងនៃគណៈស្ថាបត្យករកម្ពុជា នៃគណៈស្ថាបត្យកររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថាការសិក្សាហើយ យកទៅអនុវត្ត ទើបជារឿងប្រសើរ។ លោក លី រស្មី៖«សិក្សាហើយយើងធ្វើរបស់បុរាណឡើងវិញទើបយើងអាចថែរក្សារបស់បុរាណបាន ហើយឱ្យតម្លៃថារបស់បុរាណហ្នឹងជាមរតកជាតិ។ ការសំយោគចូលគ្នារវាងស្ថាបត្យកម្មបុរាណនិងទំនើបជារចនាបទមួយដែរ ដែលយើងគួរតែយកចិត្តទុកដាក់។ ពិសេសស្នាដៃរបស់លោកតា វណ្ណ មូលី វណ្ណ លោកបានយករបស់បុរាណមកបញ្ចូលក្នុងសិល្បៈទំនើប។ យើងអាចមើលដឹងថានេះជាអត្តសញ្ញាណខ្មែរ រឿងនេះយើងគួរតែធ្វើ ព្រោះមានសារសំខាន់»។
លោក ទ្រី សេងហៀង ផ្ដោតសំខាន់ទៅលើស្ថាបត្យករក្នុងទឹកសំដីម៉ឺងម៉ាត់ ថាពួកគេគួរតែចូលរួមសិក្សាស្វែងយល់ឱ្យបានច្រើន។ លោក ទ្រី សេងហៀង ៖«ជាពិសេសខាងផ្នែកសំណង់និងស្ថាបត្យកម្ម ព្រោះពីរនេះដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចេញជារូបរាងសំណង់ស្ថាបត្យកម្មឱ្យគេមើល។ វិស្វករមធ្យមទេ គាត់គ្រាន់តែធ្វើតាមស្ថាបត្យករ ដូច្នេះស្ថាបត្យករគឺត្រូវឱ្យច្បាស់មែនទែនពីរឿង ខ្នាត ទំហំ ការច្នៃបំបែក ឱ្យបានត្រឹមត្រូវតាមបែបខ្មែរ ព្រោះវាជាព្រលឹងជាតិយើង»។
បញ្ជាក់ឱ្យកាន់តែច្បាស់លោក លី រស្មី ថាបើស្ថាបត្យកម្មនៅលើពិភពលោកដូចគ្នាទាំងអស់ នោះមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។ លោក លី រស្មី ៖«នៅលើពិភពលោក បើស្ថាបត្យកម្មដូចគ្នាទាំងអស់ មិនមានកន្លែងណាមួយគួរឱ្យចាប់អារម្មណ៍ទេ។ ដ្បិតតែសព្វថ្ងៃជាសម័យសកលភាវូបនីយកម្ម ហើយសិល្បៈស្ថាបត្យកម្មមានលក្ខណៈប្រហាក់ប្រហែលគ្នាគ្រប់ជាតិសាសន៍ទាំងអស់ តែបើយើងចេះច្នៃយកបុរាណមកបញ្ចូលក្នុងទំនើប គឺកាន់តែពិសេសឡើង។ យើងមានលក្ខណៈមួយប្លែកពីគេ នោះគេចូលចិត្តមកលេងស្រុកយើង គេចូលចិត្តមកមើលលក្ខណៈស្ថាបត្យកម្មស្រុកយើងហើយ។ បើដូចស្រុកគេដែរ គេមិនមកមើលទេ»។
ដើម្បីឱ្យរចនាបទខ្មែរមានភាពប្លែកពីគេ លោក សេងហៀង ព្យាយាមសិក្សាពីគំរូក្បាច់បុរាណខ្មែរយ៉ាងដូច្នេះ ៖«ខ្ញុំចាប់អារម្មណ៍បំផុត គឺការបំពាក់ជហ្វា ខ្នាតជហ្វា សម័យកាលនៃការកើត ហើយនឹងកម្ពស់ម៉ែត្រគេប្រើប្រាស់យ៉ាងណាខ្លះ ហើយនឹងពាក្យកម្ចី។ នេះជាឱកាសល្អសម្រាប់ខ្ញុំក្នុងការស្វែងយល់ និងយកទៅគូប្លង់តាមក្បួនខ្នាតខ្មែរត្រឹមត្រូវ»។
ដូចគ្នាដែរអ្នកនាង កនិកា ចង់ឱ្យមានការដាក់ឈ្មោះគ្រឿងសម្គាល់ស្ថាបត្យកម្មខ្មែរឱ្យមានអត្ថន័យច្បាស់។ អ្នកនាង កនិកា៖«ថ្វីដ្បិតតែគាត់ថាកុំខ្វល់ពីឈ្មោះហ្នឹងក៏ដោយ តែអ្វីដែលខ្ញុំចង់បាន គឺឱ្យពាក្យទាំងនោះមានរូបរាងច្បាស់លាស់។ ស្លឹកឈូកស្គាល់ ជួងស្គាល់ ត្រយូងចេកក៏ស្គាល់។ តែពាក្យខ្លះយើងស្ដាប់មិនដឹងថាជាអ្វីទេ។ ខ្ញុំចង់ឱ្យបង្កើតពាក្យដាក់ហើយ អ្នកដែលមិនរៀនខាងហ្នឹងក៏គេស្ដាប់ទៅដឹងហើយយល់»។
ផ្ដោតទៅលើការសង្កេតទិដ្ឋភាពរួម នៃសំណង់ស្ថាបត្យកម្មខ្មែរពេលបច្ចុប្បន្ន ក៏បានធ្វើឲ្យ លោក លី រស្មី ព្រួយបារម្ភយ៉ាងខ្លាំងដែរ។ លោក លី រស្មី លើកឡើងដូច្នេះ៖«សព្វថ្ងៃស្ថាបត្យកម្មបុរាណគួរឱ្យព្រួយបារម្ភ ដោយសារការរចនាផ្ដោតសំខាន់ទៅលើសំណង់ទំនើប។ បើធ្វើសំណង់បុរាណ ក៏មិនធ្វើទៅតានក្បួនខ្នាតបច្ចេកទេស។ ដូច្នេះធ្វើឱ្យខ្វះសោភណ្ឌភាពផ្នែកវិចិត្ររចនាហ្នឹងច្រើន របស់ដែលមានស្រាប់ជាទន់ ដ៏មានសារៈសំខាន់សម្រាប់យើង ក្នុងការច្នៃប្រឌិត។ ដូច្នេះយើងត្រូវធ្វើវាទាំង២។ បើយើងគ្រាន់តែសិក្សា ហើយមិនធ្វើវាក៏មិនបានផលដែរ»៕