អន្តរជាតិ
តើ​សាច់ក្រក​មាន​ប្រភព​មកពីណា និង​តាំងពី​ពេលណា​?
06, Apr 2019 , 5:29 pm        
រូបភាព
​សាច់ក្រក​ជា​អាហារ​មួយ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​។ អាហារ​មួយ​ដែលមាន​វត្តមាន​សឹងតែ​នៅ​គ្រប់កន្លែង និង​គ្រប់​ជាតិ​សាសន៍​ទូទាំង​ពិភពលោក​។ អ្វីដែល​សំខាន់ អាហារ​មួយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការហូបចុក​អស់​រយៈពេល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ​។

 
​ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​របស់​គេហទំព័ Italianbarrel.com ក្រោម​ចំណងជើង​ថា Who Invented Sausage? ៖
​សាច់ក្រក ឬ​ជា​ភាសា​អង់គ្លេស​ថា Sausage មាន​ប្រភព​មកពី​ពាក្យ​ឡាតាំង​ថា Salsus ដែល​មានន័យថា «​អាហារ​ដែល​ប្រលាក់​ជាមួយ​អំបិល​»​។ សាច់ក្រក​ដំបូង​គេ​មាន​ដើមកំណើត​នៅ​តំបន់​បុរាណ​មួយ​ដែលមាន​ឈ្មោះថា មេ​សូ​ប៉ូ​តា​មី (Mesopotamia) ។ 
 
​តំបន់​មួយ​នេះ​គឺជា​ទីប្រជុំជន​ធំ​មួយ​កាលពី​ជាង​៣០០០​ឆ្នាំមុន ដែល​សព្វថ្ងៃ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងប្រទេស គុយ​វ៉ែត អ៊ីរ៉ាក់ និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី​។ ប្រជាជន Sumerian ដែលជា​ប្រជាជន​ចំណាស់​រស់នៅក្នុង​តំបន់​មេ​សូ​ប៉ូ​តា​មីនោះ​ត្រូវបាន​គេ​សន្មត​ថា​ជា​ក្រុមមនុស្ស​ដំបូង​គេ​ដែល​រិះរក​គំនិត​បង្កើត​សាច់ក្រក​។​
 
គេ​គិតថា សាច់ក្រក​សម័យ​នោះ​មិនមាន​រស់ជាតិ​ឆ្ងាញ់​ប៉ុន្មាន​នោះទេ ដោយសារតែ​ប្រជាជន​សម័យ​នោះ​រស់នៅ​លាយឡំ​ជាមួយនឹង​សង្គ្រាម និង​ការ​វាយ​ប្រយុទ្ធ​។ ពេលខ្លះ សេះ​ដែល​ងាប់​ក្នុង​សង្គ្រាម​ក៏ត្រូវ​បាន​គេ​យកមក​ធ្វើជា​សាច់ក្រក​ដែរ​។ 
 
​សត្វ​ខ្លះទៀត​ដែល​គេ​បាន​ប្រមាញ់​មានដូចជា តោ ក្តាន់ ជ្រូកព្រៃ ឬ​ពេលខ្លះទៀត​ត្មាត​។ សត្វ​ទាំងនោះ​ក៏ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​សាច់ក្រក​ដែរ​។ ក្រោយមក ប្រទេស​តួ​ក​គី​ក៏បាន​ប្រើប្រាស់​លំនាំ​ក្នុង​ការផលិត​អាហារ​នេះ​ឲ្យ​មាន​អនាម័យ​នឹង​រស់ជាតិ​កាន់តែ​ប្រសើរ​។ កាលពី​ឆ្នាំ​១០០០​មុន​គ្រឹ​ស្ត​សករាជ សាច់ក្រក​តួ​ក​គី​ត្រូវបាន​គេ​ហៅថា Sujuk ។ ក្នុង​ឆ្នាំ​៥៨០​មុន​គ្រឹ​ស្ត​សក​រាជ្យ ចិន​បាន​បង្កើត​សាច់ក្រក​សាច់ក្រក​របស់​ខ្លួន​មាន​ឈ្មោះថា Lap Cheong ដែលជា​សាច់ក្រក​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​តំបន់​
​អាស៊ី​។ វា​មាន​លក្ខណៈ​ស្រដៀង​នឹង​សាច់ក្រក​ដែល​យើង​បរិភោគ​សព្វថ្ងៃ​នៅ​កម្ពុជា​ដែរ​។ ក្រោយ​ឆ្នាំ​១៣០០​មក ពោលគឺ​ជិត​៧០០​ឆ្នាំមុន ប្រទេស​ជាច្រើន​ទៀត​ដែលមាន​ដូចជា​អាល្លឺម៉ង់ 
(​ឆ្នាំ​១៣១៣) អ៊ីតាលី (​ឆ្នាំ​១៣៧៦) អេស្បាញ (​ឆ្នាំ​១៦០០) អង់គ្លេស (​ឆ្នាំ​១៨៣០) និង​បារាំង (​ឆ្នាំ​១៩០៣) បាន​បង្កើត​សាច់ក្រក​រៀងៗ​ខ្លួន​ក្នុង​ការបរិភោគ​តាម​ចំណង់​ចំណូលចិត្ត និង​ការ​ពេល​និយម​តាម​តំបន់​។ 
 
​គេ​មិនអាច​សន្មត​ឲ្យ​ច្បាស់​ទេ​ថា វា​មាន​ដើមកំណើត​នៅពេលណា ឬ​កន្លែង​ណា ដោយ​នរណា ឲ្យ​ពិតប្រាកដ​នោះទេ តែ​យើង​អាច​ដឹងបាន​ថា វា​ជា​អាហារ​ដែលមាន​ការវិវត្ត​អស់​រយៈពេល​ជាច្រើន​ដង មនុស្ស​ជាច្រើន​ជំនាន់ និង​ច្រើន​ពូជសាសន៍​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com