ជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ហាញ​ទីតាំង​ជិះ​រថយន្តក្រុង​ទៅតាម​ខេត្ត​ដោយ​ឥតគិតថ្លៃ ក្នុង​ថ្ងៃ​ចូលឆ្នាំ​
06, Apr 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ រដ្ឋាភិបាល​បានរៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ១២-១៨ ខែមេសា ទាំង​ទៅ​-​មក​តាម​បណ្ដា​ខេត្ត​ក្រុង និង​ចេញដំណើរ​នៅ​ម៉ោង​៥:៣០​នាទី​ព្រឹក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។


 
​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ទីតាំង​ចេញដំណើរ​ទៅតាម​ផ្លូវជាតិ​នីមួយ​រួមមាន​៖ ផ្លូវជាតិ​លេខ​១ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស ឆ្ពោះទៅ​ទី​រួម​ខេត្តព្រៃវែង និង​ស្វាយរៀង​។  សម្រាប់​ផ្លូវជាតិ​លេខ​២ មាន​រថយន្ត​៥​គ្រឿង ចេញដំណើរ ពី​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស ឆ្ពោះទៅ​ចំណត​រង្វង់​មូល​អូរ​ចំបក​។​


 
​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល សម្រាប់​ផ្លូវជាតិ​លេខ​៣ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ឆ្ពោះទៅ​ចំណត​សាលាបឋមសិក្សា​ដំណាក់​ចង្អើរ និង​ទី​រួម​ខេត្តកំពត​។ រីឯ​ផ្លូវជាតិ​លេខ​៤ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ឆ្ពោះទៅ​ចំណត​នៅ​ផ្សារ​កំពង់ស្ពឺ និង​វិមានឯករាជ្យ​ខេត្ត​ព្រះសីហនុ​។ 
 
​សម្រាប់​ផ្លូវជាតិ​លេខ​៥ មាន​រថយន្ត​៤៥​គ្រឿង ចេញដំណើរ​ពី​សួន​ឫស្សីកែវ ឆ្ពោះទៅ​ចំណត​នៅ​ផ្សារលើ (​ខេត្តកំពង់ឆ្នាំង​), បុរី​ភូ​ប៉ុយ​(​ខេត្តពោធិ៍សាត់​), ផ្សារ​ប៉ុ​ម​ប៉ុយ (​ខេត្តបាត់ដំបង​) និង​ក្រុង​សេរី​សោ​ភ័​ណ្ឌ (​ខេត្តបន្ទាយមានជ័យ​)​។ ផ្លូវជាតិ​លេខ​៦​វិញ មាន​រថយន្ត​២០​គ្រឿង ចេញដំណើរ​ពី​រង្វង់​មូល​ទេ​ពម​ប្ជា​ជ្រោយចង្វារ ឆ្ពោះទៅ​ចំណត​ត​នៅ​ភោជនីយដ្ឋាន​ស្ទឹងសែន (​ខេត្តកំពង់ធំ​) និង​ផ្លូវ​៦០​ម៉ែត្រ (​ខេត្តសៀមរាប​)​។ 
 
​ផ្លូវជាតិ​លេខ​៦.៧ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពីមុខ​រាជា​យ​ស្ម័យ​យាន ឆ្ពោះទៅ​ចំណតរថយន្ត​ខេត្ត និង​ផ្សារ​សួង និង​ផ្លូវជាតិ​លេខ​៦.៨ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពីមុខ​រាជា​ស្ម័យ​យាន ឆ្ពោះទៅ​ចំណត​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ (​ខេត្តក្រចេះ​) និង​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង​៕
 

Tag:
 ឡានក្រុង​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com