អន្តរជាតិ
វិបត្តិ​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​កុមារ​បង់​ក្លា​ដែ​ស​រាប់លាន​នាក់​ត្រូវ​ជួប​ហានិភ័យ​
07, Apr 2019 , 11:23 am        
រូបភាព
រូបភាព៖ UN
រូបភាព៖ UN
ដោយ:
​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ UNICEF បានចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ស្ថានភាព​របស់​កុមារ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ជាង ១៩ លាន​នាក់ ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ ដោយសារតែ​ទឹកជំនន់​ជោគជាំ​, ព្យុះ និង​មហន្តរាយ​ពាក់ព័ន្ធ​បរិស្ថាន​ផ្សេងទៀត​ដែលជា​កត្តា​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​។


 
​តាម​របាយការណ៍​សិក្សា​របស់ UNICEF ចុះផ្សាយ​នៅ​ថ្ងៃ​៥ មេសា បច្ចុប្បន្ន កុមារ​ប្រមាណ ១២ លាន នៃ​កុមារ ១៩,៤ លាន​នាក់ ដែល​ពួកគេ​ភាគច្រើន​រស់នៅ​តាម​បណ្តោយ​ដង​ទន្លេ សមុទ្រ និង​តំបន់​ទំនាប បាន​រង​ផលប៉ះពាល់​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ខណៈដែល​ហេ​ដ្ឋា​សម្ព័ន្ធ​ក្នុង​តំបន់​រស់នៅ​នោះ ក៏មាន​លក្ខណៈ​មិនទាន់​រឹងមាំ​។​
 
​របាយការណ៍​នោះ បាន​អះអាងថា គ្រោះទឹកជំនន់ និង​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ កើតឡើង​ស្ទើរតែ​រាល់​ឆ្នាំ ហើយ​សុទ្ធតែ​ធ្ងន់ធ្ងរ​ទៀត ដែល​គ្រោះមហន្តរាយធម្មជាតិ​នេះ មិន​ត្រឹមតែ​បំផ្លាញ​តម្រូវការ​មូលដ្ឋាន​ដូចជា​ទឹក​, ការ​អនាម័យ និង សម្ភារ​ថែទាំ​សុខភាព​ជាដើម​នោះទេ តែ​ថែមទាំង​បង្ខំ​ឲ្យ​ពួកគេ ត្រូវ​បាត​បង់ និង​ចាក​ចេញពី​ផ្ទះសម្បែង​ទៀតផង​។ 
 
​ដោយសារតែ​ហេតុ​បង្ក​នេះ ធ្វើ​ឲ្យ​កុមារ​ទាំងនោះ ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ការអប់រំ ដោយ​ខ្លះ ត្រូវ​រុញច្រាន​ឲ្យ​ធ្លាក់ខ្លួន​ទៅក្នុង​ពលកម្ម​កុមារ និង​ខ្លះទៀត ត្រូវ​បង្ខំចិត្ត​រៀបការ​ទាំង​នៅ​ក្មេង និង​ធ្លាក់​ក្នុង​ការងារ​ពេស្យា ដ្បិត​ក្រុមគ្រួសារ​របស់​ពួកគេ លែងមាន​លទ្ធភាព​អាច​មើលថែ​ពួកគេ​បាន​ទៀត​។ 
 
​អ្វីដែល​គួរ​ឲ្យ​សម្គាល់​ផង​នោះ តាម​របាយការណ៍ ដែលមាន​ចំណងជើង​ថា « បម្រែបម្រួល​អាកាសធាតុ ឆក់យក​អនាគត​កុមារ​នៅ​បង់​ក្លា​ដែ​ស » ដដែល​នោះ ក៏​រាប់បញ្ចូល​កុមារ ដែលជា​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មកពី​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺជា​ក្តីបារម្ភ​រួម​សកល ដែល​ទាមទារ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្ពស់ និង​បង្ហាញ​ពី​ការទទួលខុសត្រូវ​ពី​គ្រប់ភាគី​ទាំងអស់ ជាពិសេស​នោះ​មេដឹកនាំ​ពិភពលោក​តែម្តង​។ ដោយសារតែ​បញ្ហា​នេះ មាន​ប្រទេស​មួយចំនួន ត្រូវ​លិចលង់ ខណៈ​ផ្សេងទៀត ត្រូវ​ជួបនឹង​គ្រោះរាំងស្ងួត​៕ 

Tag:
 បង់​ក្លា​ដែ​ស​
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com