អន្តរជាតិ
មហា​ធៀ ប្រកាស​ដកខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ ក្រោម​ហេតុផល​ប៉ះពាល់​អធិបតេយ្យ​
07, Apr 2019 , 1:19 pm        
រូបភាព
រូបភាព៖ Strait Times
រូបភាព៖ Strait Times
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី​របស់លោក​នាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ប្រឈម​នឹង​ស្ថានភាព​ប្រទាំង​ប្រទើស  ដោយសារ​ការនាំ​ម៉ាឡេស៊ី​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ភាព​ប្រទាំង​ប្រទើស​នោះ​កើតឡើង ដោយសារ​បក្សនយោបាយ​មួយចំនួន បាន​ជំទាស់​មិន​ឲ្យ​ម៉ាឡេស៊ី​ចូល​ជា​ភាគី​របស់​តុលាការ ក្រោម​ហេតុផល ថា ម៉ាឡេស៊ី នឹងត្រូវ​បាត់បង់​អធិបតេយ្យ​រប​ស់​ខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃ​៥ មេសា បានប្រកាស​ដកខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ ខណៈដែល​ការផ្តល់​សច្ចាប័ន​នៅក្នុង​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​ការ​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​ម៉ាឡេស៊ី នៅ​មិនទាន់បាន​ចូល​ជា​ធរមាន​នៅឡើយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Strait Times ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​ក្រោយ​តែមួយ​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​បក្សប្រឆាំង​ធំជាងគេ​របស់​ប្រទេស UMNO អះអាងថា ពួកគេ នឹងដាក់​អនុស្សារណ​មួយ​ទៅកាន់​ក្សត្រ ដើម្បី​បង្ហាញ​ការតវ៉ា​ពី​ការចូល​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ភ្ជាប់​ហេតុផល​ថា ការផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​នេះ នឹង​ប៉ះពាល់​អធិបតេយ្យ​នៃ​ការដឹកនាំ​របស់​ម៉ា​ឡេ​។ 
 
​ជុំវិញ​ការប្រកាស​ដក​នេះដែរ លោកនាយក​រដ្ឋមន្ត្រី Mahathir ដែលមាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​រាប់​ទសវត្សរ៍​ហើយ​នោះ បាន​គូសបញ្ជាក់ថា ការដកខ្លួន​វិញ​នេះ មិនមែន​ព្រោះតែ​ម៉ាឡេស៊ី​ប្រឆាំង​តុលាការ​នោះទេ ក៏ប៉ុន្តែ​ក៏​ព្រោះតែ ការខ្វែងគំនិត​នយោបាយ ក្រោម​អំ​ណេះ​អំ​ណា​ង​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​ផលប្រយោជន៍​ប្រជាជន​។ 
 
​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​៤ មីនា​កន្លងទៅ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​តម្កល់​លិ​ខិ​តូ​បក​រណ៍​ផ្តល់​សច្ចាប័ន​នៅ​អគ្គលេខាធិការដ្ឋាន​រប​ស់​អង្គការសហប្រជាជាតិ​ដើម្បី​ក្លាយជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ( ICC ) ក្នុង​គោលដៅ​លើកកម្ពស់​យុត្តិធម៌ និង​នីតិរដ្ឋ​អន្តរជាតិ​។ តាមរយៈ​ការផ្តល់​សច្ចាប័ន​នេះ ម៉ាឡេស៊ី នៅ​មិនទាន់​ក្លាយជា​ភាគី​ពេញសិទ្ធិ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅឡើយ​នោះទេ​។ 
 
​តាម​មាត្រា​១២៦ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​៦០ ថ្ងៃ​បន្ទាប់ពី​ការតម្កល់​លិ​ខិ​តូ​បក​រណ៍​ផ្តល់​សច្ចាប័ន ពោលគឺ​នៅ​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៩​តទៅ ទើប​ម៉ាឡេស៊ី​អាច​ក្លាយជា​ភាគី​ពេញសិទ្ធិ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ផ្លូវការ​។ 
 
​មកទល់ពេលនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​សមាជិក ឬ​ភាគី សរុប​ទាំងអស់ ១២២ ប្រទេស ។ បើ​និយាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​វិញ បន្ទាប់ពី​ការប្រកាស និង​ដាក់​លិខិត​តម្កល់​បញ្ចប់​សមាជិកភាព​របស់​ហ្វីលីពីន​នោះ មានតែ​កម្ពុជា​ប៉ុណ្ណោះ ដែលជា​ភាគី​នៃ​តុលាការអន្តរជាតិ​មួយ​នេះ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com