ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តន្ត្រី​កំដរ​សព​ហៀបនឹង​បាត់បង់​ខណៈ​ខ្មែរ​មួយចំនួន​មិន​ស្គាល់​
07, Apr 2019 , 7:29 pm        
រូបភាព
​សៀមរាប​៖ ភ្លេង​កំដរ​សព ឬ​តន្ត្រី​ត្រៃ​លក្ខ ក៏​អាច​ហៅ​ម្យ៉ាង​ទៀតថា ភ្លេង​កន្ទ្រាំ​មីង គេ​ច្រើន​ឃើញ​វត្ត​មាននៅ​ខេត្តសៀមរាប​។ ចំណែក​នៅ​ខេត្ត​ផ្សេងៗ​ទៀត មាន​ប្រគំ​ខ្លះ​ដែរ តែ​កម្រ​ឃើញ​ណាស់​។ ភ្លេង​នេះ​គេ​លេង​ដើម្បី​កំដរ​សព​មុន​យកទៅ​បូជា​ឬ​បញ្ចុះ​។ ពី​ដើមឡើយ​តន្ត្រី​ត្រៃ​លក្ខ ប្រគំ​តែ​នៅក្នុង​ពិធី​តម្កល់​ព្រះ​សព​ព្រះមហាក្សត្រ ឬ​តម្កល់​ព្រះ​សព​ព្រះចៅអធិការ​វត្ត​តែប៉ុណ្ណោះ​។ សម័យ​ក្រោយៗ​មកទៀត​គេ​អាច​លេង​ក្នុង​ពិធី​បុណ្យសព​របស់​មន្ត្រី​រាជការ ឬ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​។ មកដល់​ពេលបច្ចុប្បន្ន តន្ត្រី​កំដរ​សព​មិនសូវ​ជាមាន​អ្នក​ស្គាល់ និង​ចង់​រៀន​បន្ត​ឡើយ ព្រោះ​មិនសូវមាន​តម្រូវការ​។



​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា​អ្វី​ជាត​ន្ត្រី​ត្រៃ​លក្ខ ហើយ​ភ្លេង​នេះ​គេ​លេង​មាន​លក្ខណៈ​បែបណា​នោះ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ភ្លេង​កំដរ​សព ឬ​ហៅ​តន្ត្រី​ត្រៃ​លក្ខ ក៏​អាច​ហៅ​តាម​ភាសា​អ្នកស្រុក​ថា​ភ្លេង​កន្ទ្រាំ​មីង​។ ភ្លេង​កំដរ​សព​នេះ គេ​លេង​ក្នុងអំឡុងពេល​តម្កល់សព​។ បានន័យថា​មុនពេល​យក​សព​ទៅ​បូជា ឬ​បញ្ចុះ​។ គេ​ក៏​អាច​ប្រគំ​ក្នុង​ពិធីបុណ្យ​លើកសព​ដែរ​។ មានន័យថា​ពិធី​រើស​ឆ្អឹង​របស់​សព​ដែល​បញ្ចុះ​អស់​រយៈ​ច្រើន​ឆ្នាំ​។​
 
​តន្ត្រី​កំដរ​សព​មិន​ជាទី​ពេញនិយម​សម្រាប់​ប្រជាជន​ទូទៅ​ឡើយ​។ កាលពី​សម័យ​ដើម​តន្ត្រី​នេះ​ប្រគំ​បានតែ​ក្នុង​ពិធី​តម្កល់​ព្រះ​សព​ព្រះមហាក្សត្រ ឬ តម្កល់​ព្រះ​សព​ព្រះចៅអធិការ​វត្ត​តែប៉ុណ្ណោះ​។ ត​មក​សម័យ​ក្រោយៗ​មកទៀត​ដល់​បច្ចុប្បន្ន ភ្លេង​កន្ទ្រាំ​មីង​អាច​ជ្រៀត​ចូលដល់​គ្រួសារ​មន្ត្រី​ធំៗ ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។ ព្រោះតែ​មិនអាច​អាស្រ័យ​ជាមួយ​ប្រជាជន​ធម្មតា​បាន តន្ត្រី​ប្រភេទ​នេះ​មិនសូវ​ជាមាន​អ្នក​ស្គាល់​ប៉ុន្មាន​ឡើយ​។​
 
​លោក ម៉ៃ សា​មឿត ជា​តន្ត្រីករ​ក្នុង​វង់ភ្លេង​កំដរ​សព សង្កេតឃើញ​បច្ចុប្បន្ន​មិនសូវមាន​អ្នក​ចង់​រៀន​តន្ត្រី​នេះ​ព្រោះ​កត្តា​ទីផ្សារ​៖«​បើតាម​អ្នក​ដែល​មិនសូវ​ចង់​រៀន គេ​គិតថា​ដោយសារតែ​ទីផ្សារ​។ ហើយ​អ្នកខ្លះ​មិនដឹងថា​មាន​គ្រូបង្ហាត់ គេ​ដឹង​តែ​ថា​មាន​ក្រុម​ភ្លេង​។ ការផ្សព្វផ្សាយ​ក៏​មិនសូវ​ជា​ទូលំទូលាយ​»​។  


 
​ការប្រគំ​ភ្លេង​កំដរ​សព​តម្រូវឱ្យ​អ្នកភ្លេង​អង្គុយលេង​បែរខ្នង​ដាក់គ្នា ហើយ​បុរស​វ័យ​២៨​ឆ្នាំ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ ៖«​គេ​សួរ​ខ្ញុំ​ថា​ហេតុអ្វី​បានជា​អង្គុយលេង​បែរខ្នង​ដាក់គ្នា ឬ​អ្នកភ្លេង​ខ្លាច​ខ្មោច​? បើតាម​លោកគ្រូ​ប្រាប់ ការ​អង្គុយ​បែរខ្នង​ដាក់គ្នា​ហ្នឹង គឺ​សំដៅ​ទៅតាម​ព្រះធម៌​ថា​លាចាក​លោក​ទៅ​»​។​
 
​ដោយសារតែ​មិនមាន​ទីផ្សារ​ផង ការហាត់​រៀន​ត្រូវ​រើស​ទីតាំង​ច្រើន​ផង ជាហេតុ​នាំឱ្យ​តន្ត្រីបុរាណ​នេះ អាចធ្វើ​ដំណើរ​ទៅរក​ទៅ​អវសាន ដែល​នេះ​ជាការ​ព្រួ​បារម្ភ​របស់លោក ផល លន់ ៖«​កន្ទ្រាំ​មីង​នេះ​ជិត​បាត់​បង់ហើយ​។ ខ្ញុំ​ចង់​ចេះ​ហើយ​ឃើញ​គ្រូ​បើក​បង្រៀន​ខ្ញុំ​ក៏​ចូលទៅ​ហាត់​។ តាម​ខ្ញុំ​ស្គាល់​បទ គឺ​បទ​ស្វា​បរពល បំពេ ត្រពាំងពាយ អា​ឡេ អំ​ទូក​»​។​
 
​លោក ស្រី ធឿ​ង ជា​គ្រូបង្ហាត់​ភ្លេង​ត្រៃ​លក្ខ​ត​ពី​ឪពុក បង្ហាញ​ហេតុ​ផង​បន្ថែម​ពី​ដំណើរ​អាចឈាន​ទៅដល់​ការបាត់បង់​៖«​តម្រូវការ​ភ្លេង​យើង​នេះ​លុះត្រាតែ​គេ​អ្នកមាន ឬ​មន្ត្រីរាជការ គេ​យកទៅ​លេង បើ​ល្មមៗ​គេ​មិន​យក​ទេ គេ​ចាក់​តាម​ឧ​គ្ឃោ​សន​សព្ទ​(​មេក្រូ​)​វិញ​។ គេ​អាច​ប្រកាន់​ថា​បុណ្យ​នេះ​ទាល់តែ​ធ្វើ​ទ្រង់ទ្រាយ​ធំ​។ ពី​ដើម​ឮ​ពុក​ខ្ញុំ​មានប្រសាសន៍ ទាល់តែ​ព្រះរាជ​ពិធី​របស់​ព្រះករុណា  ឬ​បុណ្យ​ព្រះចៅអធិការ​វត្ត​។ គេ​មិន​ងាយ​លេង​សម្រាប់​រាស្ត្រសាមញ្ញ​ទេ​។ ចាស់​ពី​ដើម​ប្រកាន់ ហើយ​អ្នក​មិន​ហ៊ាន​យកទៅ ភ្លេង​នេះ​ក៏​ចេះតែ​បាត់ទៅ​»​។​


 
​លោក​បន្ថែម​៖«​អ្នក​សាមញ្ញ​មិន​ងាយ​ហៅ បានជា​មនុស្ស​ខ្ជិល​ចង់​រៀន​។ មិនមែន​គេ​មិន​ចង់​ចេះ​ទេ តែ​ពេល​ចេះ​មិនបាន​ទៅលេង​ដូច​តែ​អត់​ដដែល​។ ល្បែង​របាំ ល្ខោន ពិណពាទ្យ​គេ​ជួល​ទៅ​បួងសួង​ថ្វាយ​ព្រះ​»​។ 
 
​ការហាត់​រៀន​ពិតជា​កត្តា​លំបាក​បំផុត​សម្រាប់​តន្ត្រីករ ព្រោះ​ទាល់​តែមាន​ពិធី​បុណ្យសព​ទើប​អាច​ទៅ​ហាត់រៀន​បាន​។ លោក ធឿ​ង រំឭក​ពី​គ្រា​កាល​រៀន​ភ្លេង​នេះ​ថា ៖«​រៀន​កាន់តែ​លំបាក​ទីកន្លែង​ទៀត ទាល់តែ​មានបុណ្យ​សព​គេ​ជួល​ភ្លេង​ទៅលេង នោះ​យើង​អាច​ទៅ​រៀន​បាន វគ្គ​ខ្ញុំ​រៀន​។ ខ្ញុំ​សួរ​គ្រូ​ថា​ហេតុអ្វី​គេ​មិនឱ្យ​រៀន​គ្រប់កន្លែង​ដូច​ពិណពាទ្យ​? គាត់​ថា​ចាស់​ពី​ដើម​ប្រាប់ថា​វា​ចង្រៃ​ណាស់​។ ហើយ​អ្នកភូមិ​ប្រកាន់​មិនឱ្យ​ហាត់រៀន​ទេ​»​។​
 
​តែ​ទោះជា​យ៉ាងណា​មកដល់​ពេលបច្ចុប្បន្ន គេ​អាច​ហាត់រៀន​នៅ​ឈាបនដ្ឋាន​ក្នុង​វត្ត​បាន​ខ្លះ​ដែរ ដោយ​មិនឱ្យ​ឭ​សំឡេង​ខ្លាំង​។ «​មក​រៀន​នៅ​វត្ត​នេះ​ទាល់តែ​យើង​ទាក់ទង​តាម​គ្រូ​អធិការ​វត្ត ជួនកាល​រៀន​មិន​ឱ្យឮ​ទៀត​។ យើង​សុំ​គេ​ហាត់​នៅ​ឈាបនដ្ឋាន​ហើយ​នៅតែ​ពិបាក​។ យើង​ចេះតែ​សម្រុះសម្រួល​ជាមួយ​ចៅអធិការ និង​គណៈកម្មការ​វត្ត ទើប​ក្មេង​ទាំងនេះ​បាន​ចេះ​ខ្លះ​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់​គ្រូបង្រៀន​ភ្លេង​កំដរ​សព​។​
 
​ជា​សំណាងល្អ​តន្ត្រី​កំដរ​សព​អាចមាន​សង្ឃឹម​រស់​ខ្លះ ព្រោះ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ស្រាវជ្រាវ​រក​គ្រូ​ដែល​ចេះ ទៅ​បង្ហាត់​សិស្ស​បន្តបន្ទាប់ និង​ចងក្រង​ជា​ឯកសារ​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ ៖«​ឆ្នាំ​១៩៩៥ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​មក​ស្រាវជ្រាវ​ឃើញថា ឪពុក​ខ្ញុំ​ចេះតែ​មិនមាន​ឧបករណ៍​លេង​ទេ​។ ខ្មែរ​អមតៈ​ចាប់ផ្ដើម​ទិញ​មក​ដាក់ ហើយ​ឱ្យ​គាត់​បង្ហាត់​ក្មេង​ជំនាក់ក្រោយមក​រហូត​។ ពុក​ខ្ញុំ​ស្លាប់ ខ្ញុំ​ជា​អ្នក​បន្តវេន​បង្រៀន​ក្មេងៗ​។ ក្មេង​ឥឡូវ​ពេញនិយម​តែ​ភ្លេង​ណា​ដែល​ធ្វើ​ឱ្យគេ​សប្បាយ ទៅតាម​សម័យ​ដែល​គេ​ជឿនលឿន​។ ខ្ញុំ​សរសើរ​ក្មេង​ម្ដុំ​ខ្ញុំ​នេះ ចង់​រៀន​ភ្លេង​នេះ​»​។ 
 
​លោក​បញ្ជាក់​បន្ថែមថា ៖«​បើ​និយាយ​ពី​ភ្លេង​កន្ទ្រាំ​មីង តាម​ខ្មែរ​អមតៈ​គេ​ស្រាវជ្រាវ​មក​ប្រាប់​យើង ដែល​ចងក្រង​ទុកជា​ឯកសារ គេ​យក​ខេត្តសៀមរាប​។ កន្ទ្រាំ​មីង​នៅ​ខេត្ត​ផ្សេងទៀត​គេ​លេង​ឧបករណ៍​ទ្រ ឯណា​ទៅ​ផ្សេង​»​។ 
 
​តន្ត្រីករ​វ័យ​៥៨​ឆ្នាំ ដែល​រស់នៅ​ភូមិ​ក្រសាំង​រលើង ឃុំ​សៀមរាប ស្រុក​សៀមរាប ខេត្តសៀមរាប​រូបនេះ មិន​ភ្លេច​ស្នើ​ដល់​អ្នកជំនាន់ក្រោយ​ឱ្យ​យកចិត្តទុកដាក់​លើ​តន្ត្រីបុរាណ​មួយ​ទម្រង់​នេះ ៖«​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប​ជួយ​ថែរក្សា ព្រោះ​តម្លៃ​កន្ទ្រាំ​មីង​ជិត​បាត់​បង់ហើយ​។ ទោះបី​ទីផ្សារ​គ្មាន​អ្នក​ជួល​ញឹកញាប់ ក៏​យើង​ចេះតែ​ស្រឡាញ់ ព្រោះ​អស់ពី​ចាស់ៗ មានតែ​យើង​ហើយ​»​។   
 
​អ្នកប្រាជ្ញ​បុរាណ​សន្ម​ត​បង្កើត​ភ្លេង​កំដរ​សព តាម​សំឡេង​ធម្មជាតិ​។ វង់ភ្លេង​នេះ​មាន​ឧបករណ៍​៤​ប្រភេទ គឺ​គង​ពាទ ឬ​គង​ផ្លែ​៩ ស្រឡៃ ស្គរ​និង​គង​ញី​ឈ្មោល​មួយគូ​។ គេ​ត្រូវការ​តន្ត្រីករ​តែ​បីនាក់​ប៉ុណ្ណោះ​កាន់​ឧបករណ៍​ទាំងនោះ​។ តន្ត្រីករ​ត្រូវ​អង្គុយ​បែរខ្នង​ដាក់គ្នា ដោយ​ប្រគំ​ឧបករណ៍​ទាំង​៤​ប្រភេទ​មិន​ឆ្លើយឆ្លង​ចង្វាក់​គ្នា​ឡើយ ក្នុងន័យ​បញ្ជាក់ថា មនុស្ស​ដែល​ស្លាប់​ទៅហើយ​មិន​ទៅ​កន្លែង​ដូចគ្នា​នោះឯង​។ ឈ្មោះថា​តន្ត្រី​ត្រៃ​លក្ខ​បញ្ជាក់​ឱ្យ​លក្ខណៈ​បី​គឺ អនិច្ចំ ទុក្ខំ អនត្តា​៕ 
 

Tag:
 ភ្លេង​កំដរ​សព​
  តន្ត្រីបុរាណ​
  តន្ត្រី​ត្រៃ​លក្ខ​
  ប្រពៃណី​
© រក្សាសិទ្ធិដោយ thmeythmey.com