ជាតិ
សម្ដេច ស ខេង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ចូលឆ្នាំ​
07, Apr 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​វិធានការ ១១​ចំណុច​សំខាន់ៗ​ដល់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ដងផ្លូវ​។ នេះ​បើតាម​សេចក្ដីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង​។ 


 
​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា​នេះ នឹង​មានការ​ចរាចរ​នូវ​យានយន្ត​គ្រប់​ប្រភេទ​ជាច្រើន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មានការ​កកស្ទះ​ជាដើម​។ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​ពលរ​ដ្ឋ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រឹមត្រូវ និង​ត្រូវគោរព​សិទ្ធិ​អាទិភាព​, គោរព​សញ្ញា​ចរាចរណ៍ រួមទាំង​ប្រកាន់​ស្ដាំ​ជានិច្ច​។​
 
​បើតាម​សេចក្ដីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ ជាពិសេស​ត្រូវ​បើកបរ​ដោយមាន​ស្មារតី​ប្រុងប្រយ័ត្ន និង​មាន​សីលធម៌​យោគយល់​គ្នា​។ 
 
​ប្រជាពលរដ្ឋ មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​ងងុយដេក​ឡើយ​។ ជាមួយគ្នា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុក​អ្នកដំណើរ​លើស​ចំនួន​កំណត់​នោះទេ ពិសេស​ហាម​មិន​ឲ្យ​ផ្ទុក​អ្នកដំណើរ​លើដំបូល​រថ​យន្ត​ឡើយ​។ 
 
​ក្នុង​សេចក្ដីអំពាវនាវ​ខាងលើ បានបញ្ជាក់​ទៀត អ្នកបើកបរ​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស និង​ហាម​មិន​ឲ្យ​មានការ​បាចទឹក​លើ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ​។ សូមបញ្ជាក់ថា ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពីថ្ងៃ​ទី​១៣-១៧ ខែមេសា ឆ្នាំ​២០១៨ មាន​មនុស្ស​ចំនួន​៤៧​នាក់ បាន​ស្លាប់  និង​១៤៣​នាក់​របួសធ្ងន់​ឥ​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​៩៣​លើក​៕
 

Tag:
 ចរាចរណ៍​
  គ្រោះថ្នាក់​
  ចូលឆ្នាំ​ខ្មែរ​
  សម្ដេច ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com