ជាតិ
សម្ដេច ស ខេង អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំ
× ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ចរាចរណ៍។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញវិធានការ ១១ចំណុចសំខាន់ៗដល់ពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ។ នេះបើតាមសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះហត្ថលេខាដោយសម្ដេច ស ខេង។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ មេសានេះ នឹងមានការចរាចរនូវយានយន្តគ្រប់ប្រភេទជាច្រើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬមានការកកស្ទះជាដើម។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ពលរដ្ឋ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តត្រឹមត្រូវ និងត្រូវគោរពសិទ្ធិអាទិភាព, គោរពសញ្ញាចរាចរណ៍ រួមទាំងប្រកាន់ស្ដាំជានិច្ច។
បើតាមសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពលរដ្ឋដែលប្រើប្រាស់ផ្លូវក្នុងថ្ងៃចូលឆ្នាំខ្មែរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពេលធ្វើដំណើរ ជាពិសេសត្រូវបើកបរដោយមានស្មារតីប្រុងប្រយ័ត្ន និងមានសីលធម៌យោគយល់គ្នា។
ប្រជាពលរដ្ឋ មិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយដេកឡើយ។ ជាមួយគ្នា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋផ្ទុកអ្នកដំណើរលើសចំនួនកំណត់នោះទេ ពិសេសហាមមិនឲ្យផ្ទុកអ្នកដំណើរលើដំបូលរថយន្តឡើយ។
ក្នុងសេចក្ដីអំពាវនាវខាងលើ បានបញ្ជាក់ទៀត អ្នកបើកបរមិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស និងហាមមិនឲ្យមានការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវឡើយ។ សូមបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០១៨ មានមនុស្សចំនួន៤៧នាក់ បានស្លាប់ និង១៤៣នាក់របួសធ្ងន់ឥស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន៩៣លើក៕
Tag:
ចរាចរណ៍
គ្រោះថ្នាក់
ចូលឆ្នាំខ្មែរ
សម្ដេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com