ជាតិ
សង្គមជាតិ
វ័យ៦៥ឆ្នាំទៅហើយ អ្នកស្រី សុគន្ធរ នៅតែចាត់ទុកការការពារស្ត្រី បរិស្ថាន និងជីវៈចម្រុះ ជាទំនួលខុសត្រូវរបស់ខ្លួន រូបភាពផ្តល់ដោយអង្គការOxfam
× ភ្នំពេញ៖ អ្នកស្រី ជិន សុគន្ធរ ជាស្ត្រីឆ្នើមមួយរូបក្នុងសមាគមសំបូរនៅក្នុងការងារការពារសម្បត្តិធម្មជាតិ,ធនធានទឹក និងការអប់រំស្រី្ត និងកុមារជាដើម។ បច្ចុបន្ន អ្នកស្រី សុគន្ធរ មានវ័យ ៦៥ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែចាត់ទុកការការពារ ថែរក្សាព្រៃឈើ បរិស្ថាន និងជីវៈចម្រុះនៅក្នុងទឹក និងស្ត្រី ជាការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាពលរដ្ឋម្នាក់។
ការថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកាពិភាក្សាអំពី«ទឹក និងស្រី្ត» ដែលរៀបចំដោយអង្គការ OXFAM នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីចុងខែមីនាកន្លងទៅ។ ជាវាគ្មិន មានវ័យចំណាស់ជាងគេ ក្នុងចំណោមវាគ្មិនទាំង៦រូប គាត់បានផ្តើមការនិយាយរបស់ខ្លួន ទៅកាន់អ្នកចូលរួមប្រមាណ៣០០នាក់ទៀត ដោយមោទកភាពចំពោះកិច្ចការជួយសង្គមដែលខ្លួនបានប្រឡូកប្រមាណ២០ឆ្នាំមកនេះ។ អ្នកស្រី ជិន សុគន្ធរ ថ្លែងដូច្នេះថា៖«ខ្ញុំមិនមែនជាមនុស្សដែលមានចំណេះដឹងច្រើនទេ ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលរស់នៅក្នុងសង្គម ហើយព្យាយាមធ្វើយ៉ាងណា កុំឱ្យសង្គមមួយនេះពិបាកដោយសារខ្ញុំ ហើយត្រូវចេះជួយសង្គមវិញ»។ ចប់ប្រយោគនេះចប់ភ្លាម សំឡេងទះដៃ ក៏លាន់រំពងឡើងពេញបន្ទប់វេទិកា។
រូបភាពផ្តល់ដោយអង្គការOxfam
ក្រោយការទះដៃអបអរបញ្ចប់ ស្ត្រីចំណាស់បានបន្តទាំងញញឹម ដោយលើកឡើងពីជោគជ័យរបស់ខ្លួន ក្នុងការចូលរួមការពារបរិស្ថាន និងលើកកម្ពស់ការអប់រំនាពេលកន្លងមក។ បើតាម អ្នកស្រី សុគន្ធរ ក្រុមអ្នកស្ម័គ្រចិត្តរបស់ខ្លួនបានសម្រេចភាពជោគជ័យមួយចំនួននៅស្រុក ដូចជា ការបង្កើតក្រុមយុវជនឱ្យចេះរាយការណ៍ពីបញ្ហាកាប់បំផ្លាញព្រៃឈើ, អំពើហិង្សាលើស្ត្រី និងកុមារ, ការនេសាទខុសច្បាប់, ការអប់រំកុមារ, ការរក្សាអនាម័យ និងការប្រើប្រាស់ទឹកស្អាតជាដើម។
បច្ចុប្បន្នគាត់កំពុងធ្វើសកម្មភាពខ្លាំងក្លា ទៅលើការគ្រប់គ្រងប្រភពទឹក ពោលព្យាយាមអប់រំ និងផ្សព្វផ្សាយឱ្យពលរដ្ឋក្នុងភូមិ-ស្រុក កុំចោលកាកសំណល់ចូលបឹងស្ទឹង និងទន្លេពិសេសសំណល់ថ្នាំពុលគីមីកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រភពទឹក ដែលជាប្រភពចាំបាច់បំផុតសម្រាប់ជីវិតមនុស្ស-សត្វ និងភាវរស់។ អ្នកស្រីបាននិយាយដូច្នេះ៖«បញ្ហាទឹកដែលខ្ញុំ និងអ្នកឯទៀតក្នុងសមាគម កំពុងយកចិត្តទុកដាក់ធ្វើនេះ ដោយសារតែប្រភពទឹកនានាកំពុងតែរងគ្រោះពីសកម្មភាពផ្សេងៗរបស់មនុស្ស ដូចជាប្រភពទឹកមេគង្គក្នុងខេត្តក្រចេះខ្ញុំ កំពុងរងគ្រោះពីការបង្ហូរសារធាតុកខ្វក់ ពីទំនប់វារីអគ្គិសនី និងចោលកាកសំណល់ជាតិពុលជាដើម»។
បន្ទាប់ពីរំឭកពីភាពជោគជ័យស្ត្រីដដែល ក៏មិនភ្លេចលើកឡើងពីបញ្ហាប្រឈមនានាដែលខ្លួនបានជួបប្រទះនោះដែរ ។ អ្នកស្រី សុគន្ធរ បានឲ្យដឹងថា គាត់ទទួលការគាំទ្រយ៉ាងពេញទំហឹងពីកូន និងស្វាមី ប៉ុន្តែការងាររបស់គាត់ មិនទទួលបានការស្វាគមន៍ពីពលរដ្ឋមូលដ្ឋានឡើយ។ អ្នកស្រីថា រាល់ពេលគាត់ចុះទៅនិយាយពីការថែរក្សាបរិស្ថាន ការថែរក្សាព្រៃឈើ ឬសិទ្ធិស្ត្រីក្នុងសង្គម នៅតាមមូលដ្ឋានតាមក្នុងភូមិ ស្រុកនោះ ជារឿយៗ គាត់តែងទទួលសំណួរផង និងការរិះគន់ផងថា៖«ខ្លួនឯងស្រី ហេតុអ្វីក៏ហ៊ានអះអាងខ្លាំងម្ល៉េះ? ធ្វើការងារទាំងនេះតើបានអ្វីមកវិញ? ធ្វើដើម្បីអ្វី? ទុកការងារនេះឱ្យបុរសៗធ្វើទៅ។ ខ្លួនជាស្រី បង្វិលចង្ក្រានមិនជុំផង ទៅចង់ធ្វើ ចង់ចេះ ចង់ដឹងអ្វីទៀត? មើលតែការងារក្នុងគ្រួសារខ្លួនឯងឱ្យបានតែល្អទៅ»។
ទោះបីជាជួបឧបសគ្គក្នុងការបំពេញការងារច្រើនក្តី ប៉ុន្តែឆន្ទៈជួយការងារសង្គមរបស់ស្ត្រីចំណាស់រូបនេះ នៅតែមិនរួញរា។ អ្នកស្រី សុគន្ធរ បញ្ជាក់ដូច្នេះ៖«អ្វីដែលខ្ញុំធ្វើនេះ គឺកើតចេញពីការស្ម័គ្រចិត្ត មិនដែលគិតថាចង់បានអ្វីពីនរណាម្នាក់ឡើយ។ ខ្ញុំធ្វើទៅតាមអ្វីដែលខ្ញុំស្រលាញ់ និងគិតថាជាប្រយោជន៍សង្គមជាតិ»។
អ្នកស្រី សង្ឃឹមថា សកម្មភាពដែលអ្នកបានធ្វើកន្លងមក នឹងក្លាយជាគំរូល្អមួយ សម្រាប់យុវជនជំនាន់ក្រោយ ហើយពួកគេគឺជាអ្នកបន្តវេន រក្សា ការពារ និងអភិរក្សអ្វីៗ ដែលធម្មជាតិបានផ្តល់ឱ្យមនុស្សនេះ៕
Tag:
បរិស្ថាន
ធម្មជាតិ
ជិន សុគន្ធរ
ក្រចេះ
OXFAM
© រក្សាសិទ្ធិដោយ thmeythmey.com