ជាតិ
លោក ថោង ខុន ឲ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់ឲ្យបាន ការដាក់តម្លៃទំនិញ និងសេវាកម្មថ្លៃហួសហេតុ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានព្រមានចាត់វិធានការយ៉ាងតឹងតែង ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលនៅតែមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu)។ ការព្រមាននេះ ធ្វើឡើងក្នុងពិធី បិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី៣ ខែមេសា និងត្រូវបានផ្សាយក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
ទន្ទឹមនឹងការព្រមាននេះ លោករដ្ឋមន្ត្រី ក៏បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបញ្ជាក់រឿងនេះដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុពេក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លោក ថោង ខុន ថ្លែងដូច្នេះ៖«យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងពិន័យតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ពិន័យរឿងឡើងថ្លៃ ឬមិនឡើងថ្លៃនោះទេ បើគេសរសេរហើយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។
នាពិធីបិទសន្និបាតនោះ បញ្ហាសំរាម និងបរិស្ថានក៏ត្រូវបានលោករដ្ឋមន្ត្រីលើកឡើងដែរ ដាស់តឿនជាថ្មីដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ និងត្រូវខិតខំពង្រឹងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឲ្យបានកាន់តែល្អ ក៏ដូចជា ទប់ស្កាត់ការចោលសំរាមតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព៕
Tag:
ពិនិត្យតម្លៃ
អាហារដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com