អន្តរជាតិ
លោកស្រី ស៊ូ​ជី​៖ «​ការ​គិតថា​មានតែ​អ្នករៀន​ចប់​សាកលវិទ្យាល័យ​ជា​អ្នកចេះដឹង​គឺ​ហួស​សម័យ​ហើយ​»
08, Apr 2019 , 8:29 am        
រូបភាព
ដោយ:
​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ងាក​មក​ចាប់អារម្មណ៍​លើ​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​វិជ្ជាជីវៈ ដោយ​លោកស្រី​ជឿជាក់ថា ការអប់រំ​បែប​ខ្លី​នេះ អាចធ្វើ​ឲ្យ​ពួកគេ ងាយ​នឹង​ទទួលបាន​ការងារ​ធ្វើ ជាជាង​និស្សិត​មួយចំនួន ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​។​

​ឆ្លៀតឱកាស នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់ Ayeyarwady នៅ​ថ្ងៃ​៣ មេសា លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករសំណង់ ដែលជា​អ្នក​សាងសង់​ស្ពាន​ឆ្លងទន្លេ​នៅក្នុង​តំបន់​នោះ ហើយ​លោកស្រី ក៏បាន​ផ្ញើ​សារ​ជំរុញ​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការងារ​របស់ខ្លួន​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Myanmar នា​កម្មវិធី​នេះ លោកស្រី ស៊ូ​ជី មិនបាន​បង្អាប់ ឬ​មើលស្រាល អ្នកទទួលបាន​សញ្ញាបត្រ​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ឡើយ ក៏ប៉ុន្តែ​លោកស្រី បានផ្តល់​អនុសាសន៍ ដល់​ពលរដ្ឋ ដែល​មិន​មានឱកាស​ទទួលបាន​ការអប់រំ​ខ្ពស់ ឲ្យ​ស្គា​ល់ពី​លក្ខណៈពិសេស​ជំនាញ​វិជ្ជាជីវៈ​។​
 
​លោកស្រី បាន​គូសបញ្ជាក់​ខ្លី​ថា ផ្នត់គំនិត ដែលថា «​មានតែ​អ្នក​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នោះទេ គឺជា​អ្នកមាន​ការអប់រំ​» ហួស​សម័យ​ហើយ​។ 
 
​ថ្លែង​បែបនេះ​រួចហើយ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ក្រើនរម្លឹក​ដល់ក​ម្មករ​ត្រូវ​ធានា​ផ្តល់​កូន​របស់​ពួកគេ​ពី​ការទទួល​ការអប់រំ​មួយ​សមរម្យ ហើយ​ក្រោយ​ពួកគេ ពេញវ័យ គួរ​បញ្ជូន​ពួកគេ​ទៅកាន់​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លោកស្រី បន្តថា គុណប្រយោជន៍​នៃ​ការអប់រំ​បែប​វិជ្ជាជីវៈ គឺជា​ពួកគេ អាច​ទទួលបាន​ការងា​រ​នៅពេល​បញ្ចប់​ការសិក្សា​វគ្គ​ខ្លី​នោះ​តែម្តង​។ 
 
​លោកស្រី បាន​អះអាងថា បច្ចុប្បន្ន​ប្រទេស​អភិវឌ្ឍ កំពុងតែ​ផ្តោត​ខ្លាំង​ទៅលើ​ការអប់រំ​ជំនាញ​វិជ្ជាជីវៈ​ខ្លី​បែបនេះ​។ លោកស្រី បាន​ប្រៀប​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអប់រំ​នៅ​សកល​វិទ្យាល័យ​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​អ្នកជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ក៏ដោយ វា នឹង​គ្មាន​ន័យ​ឡើយ ប្រសិនបើ​អ្នក មិនអាច​រក​ការងារ​មួយ​បានធ្វើ​នោះ​»​។ 
 
​គួរ​ជម្រាប​ថា បន្ថែម​ពី​ការអនុវត្ត​គោលនយោបាយ​លើក​ទឹក​លើ​ការបណ្តុះបណ្តាល​ជំនាញ​និង​វិជ្ជាជីវៈ​របស់​រដ្ឋាភិបាល​លោកស្រី នៅ​ចុងឆ្នាំ​២០១៨​កន្លងទៅ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទិញ​ដី​ជាច្រើន ដែលជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​រម្លឹក​គុណ​ម្តាយ​របស់​លោកស្រី ដើម្បី​សាងសង់​សាលា​ដែលជា​កន្លែង​បណ្តុះបណ្តាល​ជំនាញ និង​វិជ្ជាជីវៈ​ផងដែរ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com