ជាតិ
សម្ដេច​ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​-​ក្រុង​ចំនួន​៤ ដោះស្រាយ​បញ្ហា​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ភ្នំពេញ​-​ព្រះសីហនុ​
07, Apr 2019 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ជា​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ប្រភព​ភាគខាងត្បូង មកប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្ដាញ​ជាតិ​ទាំងមូល​។ សម្ដេចនាយក​រដ្ឋមន្ត្រី ចាត់ទុក​គម្រោង​ខ្សែ​បញ្ជូន​នេះ ជា​ខ្សែ​អាទិភាព​ដែល​រដ្ឋាភិបាល​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​ខ្លាំង​។ ក្នុង​លិខិត​បញ្ជា​របស់​រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល​, ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដោះស្រាយ​បន្ទាន់​ចំពោះ​ផលប៉ះពាល់​លើ​គម្រោង​ខ្សែ​បញ្ជូន​នេះ​។​

 
​រដ្ឋាភិបាល​កម្ពុជា សង្កេតឃើញថា មាន​ផលប៉ះពាល់​ដល់​គម្រោង​ខ្សែ​បញ្ជូន ២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ជា​ខ្សែ​អាទិភាព​ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុងការ​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ប្រភព​ភាគខាងត្បូង​មកប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្ដាញ​ជាតិ​ទាំងមូល​។ ជាក់ស្ដែង​ខ្សែ​បញ្ជូន​នេះ មាន​បង្គោល​ចំនួន ៤២១​បង្គោល ដែល​បង្គោល​ដោះស្រាយ​រួចរាល់​មាន​ចំនួន ៣៤៩​បង្គោល និង​បង្គោល​ប្រមាណ ៧២​នៅសល់ ដោយសារ​បង្គោល​មួយ​ចំនូ​ន​ធំ​ពាក់ព័ន្ធ​ដី​របស់​ក្រុមហ៊ុន និង​អ្នកមាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​។ នេះ​បើតាម​លិខិត​បញ្ជា​របស់​រាជរដ្ឋាភិបាល​ស្ដីពី​វិធានការ​ដោះស្រាយ​ផលប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន ២៣០ និង​៥០០​គីឡូវ៉ុល ភ្នំពេញ​-​ព្រះសីហនុ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន​។​
 
​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នេះ និង​ដើម្បី​ធានា​ឲ្យ​ការសាងសង់ ការដាក់​ឲ្យ​ដំណើរ​ទៅតាម​ផែនការ សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អភិបាល​រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល​, ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ត្រូវ​ធ្វើជា​ប្រធាន​ដឹកនាំ​ការងារ​ដោះស្រាយ​ផលប៉ះពាល់​ដោយផ្ទាល់​។ តាម​លិខិត​បញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដដែល ក្រុមការងារ​ពិសេស​ថ្មី​ខាងលើ ត្រូវ​បញ្ចប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ប្រគល់​ដី មក​ឲ្យ​ក្រុមហ៊ុន​សាងសង់​ខ្សែ​បញ្ជូន ក្នុង​រយៈពេល​៥​ខែ​យ៉ាងយូរ​។ 
 
​សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងករណី​ចាំបាច់ អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ប្រើ​វិធានការ​រដ្ឋបាល ស្របតាម​ច្បាប់​ក្នុងករណី​សំណង​សមស្រប​មិនត្រូវ​បានទទួល​យក​ដោយ​ម្ចាស់​ដី ដើម្បី​ធានាថា​គម្រោង​ដែលជា​ប្រយោជន៍​ជាតិ មិនត្រូវ​បានអូសបន្លាយ​។ ជាមួយគ្នានេះ អភិបាល​រាជធានី​-​ខេត្ត​ខាងលើ ត្រូវធ្វើ​របាយការណ៍​រៀងរាល់ខែ ពី​ការដោះស្រាយ​ផលប៉ះពាល់​ខាងលើ​មកកាន់​រដ្ឋាភិបាល​៕
 

Tag:
 សម្ដេច ហ៊ុន សែន​
  ខ្សែ​
© រក្សាសិទ្ធិដោយ thmeythmey.com