ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សមាធិ​ជួយ​ឱ្យ​លោក ម៉ី សុធា​វុ​ធ ឡើង​ភ្នំ​អេ​វើ​រេស ដល់​កម្ពស់​ជាង​៥​ពាន់​ម៉ែត្រ​
07, Apr 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ ភ្នំ​អេ​វើ​រេស (Everest) ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​។ កន្លងមក កម្រ​មាន​យុវជន​ខ្មែរ ហ៊ាន​ឡើង​ភ្នំ​នេះ​ណាស់ ដ្បិតថា​មាន​ហានិភ័យ​ខ្ពស់​។ លោក ម៉ី សុធា​វុ​ធ អាច​ចាត់ទុកថា​ជា​ពលរដ្ឋ​ខ្មែរ​ទី​៣​ហើយ ដែល​សាកល្បង​ឡើងលើ​ប្រជុំភ្នំ​អេ​វើ​រេស​។ លោក សុធា​វុ​ធ គូសបញ្ជាក់ថា ការធ្វើ​សមាធិ និង​លំ​ហាត់​ផ្នែក​ស្មារតី ជួយ​ឱ្យ​លោក​ឡើង​រហូតដល់​កម្ពស់ ៥,៣៨០​ម៉ែត្រ លើ​កម្ពស់​សរុប ៨,៨៤៨​ម៉ែត្រ​។​

 
​តើ​ពេល​ព្យាយាម​ឡើង​ភ្នំ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​នេះ លោក ម៉ី សុធា​វុ​ធ​ប្រឈម​ហានិភ័យ​អ្វីខ្លះ​? សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ អ្នកនាង អ៊ី​សា រ៉​ហា​នី​៖



 
​ភ្នំ​អេ​វើ​រេស មាន​កម្ពស់ ៨,៨៤៨​ម៉ែត្រ ស្ថិតនៅ​បន្ទាត់​ព្រំដែន​ប្រទេស​នេ​ប៉ាល់ និង​ចិន ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ ដោយសារ​មាន​កម្ពស់​ខ្ពស់ និង​ត្រជាក់​ខ្លាំង ធ្វើឱ្យ​អ្នក​ទៅដល់​ជំរុំ​ភ្នំ​នេះ អាច​ប្រឈម​នឹង​ហានិភ័យ​ច្រើន ដូចជា​ការវាយប្រហារ​ពី​សុញ្ញ​អាកាស ដែល​ខុសពី​តំបន់​ដែល​គេ​រស់នៅ​ជាដើម​។ 
 
​លោក ម៉ី សុធា​វុ​ធ គឺជា​ជនជាតិខ្មែរ​មួយរូប ដែល​សម្រេច​បំណង​ឡើង​ភ្នំ​អេ​វើ​រេស ដែល​លោក​ចង់​ជំនះ ស្វែងយល់​ពី​កម្លាំង​ធម្មជាតិ និង​បង្ហាញ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់លោក​ឱ្យដល់​ពិភពលោក​បានឃើញ​។ ដ្បិតថា កម្រ​មានកូន​ខ្មែរ​បាន​ទៅដល់​ភ្នំ​មួយ​នេះ ក៏ដូចជា​ចង់​លុប​ពាក្យ​ថា​តំបន់ភ្នំ​អេ​វើ​រេស មាន​គ្រោះថ្នាក់​នោះ ធ្វើឱ្យ​លោក សុធា​វុ​ធ សម្រេច​ឡើង​ភ្នំ​មួយ​នេះ​។​
 
​លោក សុធា​វុ​ធ បានឱ្យដឹងថា ឆ​ន្ទះ​ដែល​ធ្វើឱ្យ​លោក​ឡើង​ភ្នំ​អេ​វើ​រេស គឺ​លោក​បានទទួល​ព័ត៌មាន​ជាច្រើន ពី​ភ្នំ​មួយ​នេះ ថា​ជា​កន្លែង​ដែល​គ្រោះថ្នាក់​មួយ ពិសេស​គឺ​ព័ត៌មាន​អំពី​យុវជន​ខ្មែរ​មួយរូប​រស់នៅ​ខេត្តសៀមរាប ដែល​គ្រោះថ្នាក់ និង​ស្លាប់​នៅ​ភ្នំ​នេះ កាលពី​ឆ្នាំ​២០១២​។ ផ្ទុយទៅវិញ សម្រាប់​លោក សុធា​វុ​ធ ភ្នំ​អេ​វើ​រេស ជា​តំបន់​អច្ឆរិយៈ ឱ្យតែបាន​រៀបចំខ្លួន​ឱ្យ​ច្បាស់លាស់ នោះគេ​នឹង​អាច​ឡើង​វា​បាន​។ មួយ​ចំណុច​ទៀត​នោះ គឺ​លោក​ចង់បង្ហាញ​ក្នុងនាម​ជា​អ្នក​ចូលចិត្ត​សមាធិ យូ​ហ្គា និង​ការព្យាបាល​ដោយ​កម្លាំង​ធម្មជាតិ ចង់យក​កម្លាំង​ទាំងនោះ​ធ្វើការ​នៅពេលដែល​ប្រឈម​ទៅនឹង​ការវាយប្រហារ​ពី​សុញ្ញ​អាកាស​នៅ​តំបន់​នោះ​។ 
 
​ពិតណាស់ថា ការឈាន​ទៅដល់​តំបន់ភ្នំ​អេ​វើ​រេស គឺ​ត្រូវមាន​ការត្រៀមខ្លួន​ជាមុន​។ ដោយសារ​មានបទពិសោធន៍​ផ្នែក​កីឡា​ជាច្រើន ធ្វើឱ្យ​លោក សុធា​វុ​ធ ត្រៀមខ្លួន​ត្រឹមតែ​២​សប្ដាហ៍​ប៉ុណ្ណោះ មុន​លោក​សម្រេច​ទៅ​តំបន់​នោះ​។ បើ​អ្នក​មិនសូវ​លេង​កីឡា លោក​ផ្តល់​ដំបូន្មាន គួរ​ត្រៀមខ្លួន​ឱ្យបាន​២​ខែ ដោយ​ត្រូវ​តាមដាន​ទាំង​សុខភាព សម្ពាធ និង​កម្រិត​ឈាម​ក្នុង​ខ្លួន​ជាប្រចាំ ដើម្បីឱ្យ​ស្របទៅតាម​បរិយាកាស​នៅ​តំបន់​នោះ​។​
 
​ដ្បិតថា បាន​ត្រៀមខ្លួន​ក្នុងការ​ទៅ​តំបន់​នោះ​ក៏ពិតមែន តែ​ក្រុមហ៊ុន​មួយចំនួន​បាន​ណែនាំ​ឱ្យ​លោក សុធា​វុ​ធ ទិញ​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ផងដែរ​។ លោក សុធា​វុ​ធ ប្រាប់ថា លោក​មិនបាន​ផ្តោតអារម្មណ៍​ចំពោះ​បញ្ហា​ទាំង​នោះទេ ព្រោះ​វា​កាន់តែ​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ភ័យ និង​រង​សម្ពាធ​កាន់តែ​ធ្ងន់​។ ជាមួយគ្នានេះ លោក​ក៏មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា ពិតជា​អាចធ្វើ​បាន និង​អាចមាន​ជីវិត​ត្រឡប់មកវិញ​។ «​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង ខ្ញុំ​អាចធ្វើ​បាន ទោះបី​មាន​បញ្ហា​ខ្លះៗ ការផ្លាស់ប្ដូរ​បរិយាកាស​ប្រាកដ​មែន​...​ខ្ញុំ​អាចមាន​ជីវិត​មកវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុធា​វុ​ធ​។​
 
​លោក សុធា​វុ​ធ ដែលមាន​វ័យ ៤៥​ឆ្នាំ  បាន​បញ្ជាក់ថា ការ​សមាធិ ពិតជា​សំខាន់​ណាស់ នៅពេលដែល​ឈានដល់​បរិយាកាស​មួយ ដែល​វា​ខុសពី​ធម្មតា និង​ខុស​ប្រក្រតី​។ លោក​ថា អំណាច​នៃ​ការ​សមាធិ ជួយ​ឱ្យ​ខ្លួន​លោក​រស់នៅក្នុង​បរិយាកាស​នោះបាន​។ លោក​បាន​ចំណាយពេល ១៤​ថ្ងៃ ដើម្បី​ឡើង​ភ្នំ​អេ​វើ​រេស គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ដោយ​ឡើងទៅ​ម្នាក់ឯង និង​មាន​មគ្គុទ្ទេសក៍​មួយរូប​។ លោក​ប្រើពេល​ពី​៤ ទៅ​៦​ម៉ោង​ក្នុង​មួយថ្ងៃ ក្នុង​ការឡើង​ភ្នំ​ដែលមាន​ជម្រាល​ចោទ​ខ្លាំង​នេះ​។​
 
​ក្រៅពី​ប្រឈម​នឹង​ជម្រាល​ខ្ពស់​ហើយ​នោះ នៅពេល​ឡើងដល់​កម្ពស់​ជិត ៤​ពាន់​ម៉ែត្រ លោក សុធា​វុ​ធ ចាប់ផ្តើម​មានការ​វាយប្រហា​រ​ពី​បរិយាកាស​កាន់តែខ្លាំង ដែល​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ហឹ​ង​ត្រចៀក ចុក​ដើមទ្រូង និង​ពិបាក​ដកដង្ហើម​។ លោក​បាន​សម្រួល​ដង្ហើម ដោយ​ធ្វើការ​សមាជិក ឬ​ដក​ដង្ហើមវែងៗ ដើម្បីឱ្យ​លោក​ភ្ជាប់​ទៅនឹង​បរិ​យា​កាល​ទៅ​ទីតាំង​នោះ​។ «​ពេល​ខ្ញុំ​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​មែនទែន ធ្វើឱ្យ​អារម្មណ៍​យើង​រវើរវាយ ដេក​សុបិន នេះ​ជា​បញ្ហា​គ្រោះថ្នាក់​ដែល​អ្នកខ្លះ​ដេកស្លាប់​ដោយ​មិនដឹង​ខ្លួន​»​។ លោក សុធា​វុ​ធ បាន​បន្ថែម​លើ​ករណី​មួយ​នេះ​។ ភ្លាមៗ ពេល​កំពុងមាន​អារម្មណ៍​បែប​នោះ លោក សុធា​វុ​ធ បាន​ទាញអារម្មណ៍​របស់លោក​មកវិញ និង​ដាស់សតិ​ខ្លួនឯង​ឱ្យ​ងាក និង​ព្យាយាម​ប្រាប់​ខ្លួនឯង​ថា សតិ​មិន​ពាក់ព័ន្ធ​អ្វី​នឹង​រាងកាយ​ទេ វា​គ្រាន់តែ​ធ្វើដំណើរ​មក​មួយរយៈ ហើយ​បើ​យើង​ចាប់ផ្តើម​បង្កើត​គំនិតល្អ​នោះ​វា​នឹង​ល្អ​តាម​នោះដែរ​។​
 
​យ៉ាងណាក៏ដោយ លោក សុធា​វុ​ធ នៅ​ព្យាយាម​ឡើង​បន្តទៀត តែ​វា​កាន់តែ​ធ្វើឱ្យ​យល់ច្បាស់​ថា លោក​កំពុង​វាយប្រហារ​កាន់តែខ្លាំង និង​ធ្វើឱ្យ​លោក​មាន​អាកា​រៈ​ដូចជា​ពិបាក​ដកដង្ហើម និង​ចុងដៃ​មាន​ពណ៌​ស្វាយ​។ លោក​បន្ត​ព្យាយាម​សមាធិ និង​បាន​ឡើងដល់​កម្ពស់​៤៩១០​ម៉ែត្រ និង​ចុងក្រោយ​លោក​សម្រេច​ឱ្យ​ឧ​ទ្ធ​ម្ភ​ចក្រ​ដឹក​ទៅ​កម្ពស់ ៥៣៦៥ តែ​ពេលទៅដល់ លោក​បាន​ដើរ​ដល់​កម្ពស់ ៥៣៨០​ម៉ែត្រ​។ លោក សុធា​វុ​ធ ថា​បាន​ឈរ​នៅ​ទីនោះ ប្រមាណ ២០​នាទី មុននឹង​សម្រេច​ចុះមក​វិញ​។ ដ្បិត​មិនបាន​ដល់​កំពូលភ្នំ​អេ​វើ​រេស​ក៏ពិតមែន តែ​សម្រាប់​នាយក​មេ​ម៉​រ ស្ប៉ា នៃ​សណ្ឋាគារ មេ​ម៉​រ​ផា​ឡេស រូបនេះ រីករាយ​ជាខ្លាំង​ពេលទៅដល់​ចំណុច​ជាង​៥​ពាន់​ម៉ែត្រ​នោះ​។​
 
​លោក ម៉ី សុធា​វុ​ធ បាន​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៧ ខែមីនា​។ ក្នុងនាម​ជា​អ្នកមាន​បទពិសោធន៍​ឡើង​ភ្នំ​អេ​វើ​រេស​មួយរូប លោក​លើកទឹកចិត្ត​ឱ្យ​យុវជន​ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​នេះ​។ តែ​យ៉ាងណា លោក​ផ្តល់​ដំបូន្មាន​ខ្លះ មុននឹង​សម្រេចចិត្ត​ឡើង​ភ្នំ​មួយ​នោះ ដូចជា​ស្វែងយល់​ពី​ភូមិសាស្ដ្រ​នៅ​តំបន់​នោះ បន្ថយ​ទម្ងន់ ហាត់​កីឡា តាមដាន​សុខភាព​ជាប្រចាំ ពិសេស​រៀន​គ្រប់គ្រង​សតិ​ខ្លួនឯង ដូច​ជាការ​សមាធិ​ដើម្បីឱ្យ​ផ្ស៉ាំ​ទៅនឹង​បរិយាកាស​នៅ​តំបន់​ត្រជាក់​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com