ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ “​ផ្លែ​ល្ពៅ​” ចំពោះ​សុខភាព ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​
08, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ល្ពៅ ជា​បន្លែ​ដ៏​ពេញនិយម​បំផុត​មួយ​ដោយសារ​រសជាតិ​ឈ្ងុយឆ្ងាញ់​របស់​វា​ដែល​អាច​យកមក​ធ្វើជា​បង្អែម និង​បែប​អាហារ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​បន្លែ​មួយ​ប្រភេទ​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ផ្លែ​ល្ពៅ ៖
 
១. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​ល្ពៅ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​ពន្យឺត​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។ ជាតិ​សរសៃ​នៃ​ល្ពៅ ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យមាន​សុខភាព​ល្អ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ចុះទម្ងន់​។​លើសពីនេះទៅទៀត ល្ពៅ មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ជួយ​កម្ចាត់​ជាតិ​អំបិល និង​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ កាត់បន្ថយ​ការ​ហើម​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ល្ពៅ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​ឥទ្ធិពល​នៃ​ការ​រលាក​ផ្សេងៗ​លើ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​។ ល្ពៅ ក៏​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លង​នានា​ផងដែរ​។​
 
៣. បង្កើន​សុខភាព​ស្បែក​
 
​ល្ពៅ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ដែល​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយសារ​ពន្លឺព្រះអាទិត្យ​។ ល្ពៅ ក៏មាន​ផ្ទុក​វីតាមីន C និង E ដែល​ជម្រុញ​បង្កើន​ការផលិត​កូ​ឡែ​ជែ​ន​ជួយ​រក្សា​ស្បែក​តឹង​ណែន​ក្មេង​ជាង​វ័យ​។​
 
៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​សារធាតុ beta-carotene នៃ​ផ្លែ​ល្ពៅ​ត្រូវបាន​បំ​លែង​ជា​វីតាមីន A នៅក្នុង​រាងកាយ ហើយ​ជួយ​ការពារ​កោសិកា​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។ លើសពីនេះទៅទៀត គ្រាប់​នៃ​ផ្លែ​ល្ពៅ​មាន​សមាសធាតុ phytoestrogens និង​ជាតិ​សរសៃ​ខ្ពស់ ដែល​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​សុដន់​បាន​យ៉ាង​ប្រសើរ​។​
 
៥. អាហារ​ដ៏​ល្អ​សម្រាប់​អ្នកមាន​ផ្ទៃពោះ​
 
​ល្ពៅ​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​គភ៌ និង​រក្សា​សុខភាព​ស្ត្រី​ជា​ម្ដាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​សុខភាព​ល្អ​, កាបូ​អ៊ី​ដ្រា​ត​, វីតាមីន A, វីតាមីន B1, វីតាមីន C, កាល់ស្យូម​, ផូស្វ័រ និង​ជាតិ​ដែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com