សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន ដកហូត​ទឹកជ្រលក់​នាំចូល​ពី​វៀតណាម​ជិត​២​ម៉ឺន​ដប ក្រោយ​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​
08, Apr 2019 , 12:40 pm        
រូបភាព
រូប៖ www.city.osaka.lg.jp
រូប៖ www.city.osaka.lg.jp
ដោយ:
ជប៉ុន បាន​បញ្ជា​ឲ្យ​ប្រមូល​ទៅវិញ​ទឹកជ្រលក់​ម្ទេស​ស្លាក​យីហោ Chinsu ចំនួន ១៨ ១៦៨​ដប ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។ ការបញ្ជា​បែបនេះ ធ្វើឡើង​ក្រោយពី​រកឃើញថា ទឹកជ្រលក់​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា អាស៊ីត Benzoic ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុងប្រទេស​ជប៉ុន​។​

 
​ទឹកជ្រលក់​ជិត​២​ម៉ឺន​ដប​នេះ ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ជប៉ុន តាមរយៈ​ក្រុមហ៊ុន Javis Co., Ltd ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Osaka កាលពី​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។ ទឹកជ្រលក់​ទាំងនេះ ត្រូវ​យកទៅលក់​បន្ត​ឲ្យ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះថា ISC Industrial Co., Ltd ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Kobe ប្រទេស​ជប៉ុន​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ប្រចាំ​ទីក្រុង Osaka កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Javis Co., Ltd ពុំ​ធ្លាប់​ប្រាប់ថា ទឹកម្ទេស​ដែល​ត្រូវបាន​នាំចូល​ទៅកាន់​ប្រទេស​ជប៉ុន មាន​ផ្ទុក​សារធាតុ​គីមី អាស៊ីត Benzoic ដែល​ត្រូវ​ហាមប្រាម​មិន​ឲ្យ​លាយ​ជាមួយ​ផលិតផល​ទឹកជ្រលក់​ទាំងអស់​ក្នុងប្រទេស​ជប៉ុន​ឡើយ​។ 
 
​បើតាម​ប្រភព​ដដែល អាជ្ញាធរ​ជប៉ុន បាន​អះអាងថា ទឹកជ្រលក់​ម្ទេស​ទាំងនេះ មាន​ផ្ទុក​បរិមាណ​អាស៊ីត Benzoic ចន្លោះ​ពី ០,៤១​ក្រាម ទៅ ០,៤៥​ក្រាម ក្នុង​ទឹកជ្រលក់​មួយ​គីឡូក្រាម​។ ការពិនិត្យ​ឃើញ​នេះ ធ្វើឡើង​ក្រោយពី​មានការ​សង្ស័យថា ក្រុមហ៊ុន ISC Industrial Co., Ltd ដែល​ទទួល​ទិញ​បន្ត​ពី​ក្រុមហ៊ុន Javis Co., Ltd បាន​ល្មើ​សនឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ និង​ស្លាក​យីហោ​ផលិតផល​។​
 
​យ៉ាងណាមិញ ក្រុមហ៊ុន​វៀតណាម Masan Group ដែលជា​អ្នក​ផលិត​ទឹកជ្រលក់​ម្ទេស​ក្រោម​ស្លាក​យីហោ Chin-su នេះ បាន​បកស្រាយ​ថា ខ្លួន​ពុំ​ធ្លាប់​នាំចេញ​ទឹកជ្រលក់​ទៅ​ឲ្យ​ក្រុមហ៊ុន Javis Co,. Ltd ឬក៏ ISC Industrial Co. Ltd នោះឡើយ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ចំណីអាហារ​ដ៏​ធំ​របស់​វៀតណាម​មួយ​នេះ បាន​អះអាងថា ក្រុមហ៊ុន​ខ្លួន​នាំចេញ​ផលិតផល​ទៅកាន់​សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី ចិន តៃវ៉ាន់ និង​សាធារណរដ្ឋ​ឆែក​តែប៉ុណ្ណោះ​។​
 
​ទាក់ទិន​នឹង​ករណី​ទឹកជ្រលក់ Chin-su នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម ពុំទាន់​ទទួលបាន​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ពី​ភាគី​ជប៉ុន​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Tran Viet Nga អនុប្រធាននាយកដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​វៀតណាម កាលពី​ថ្ងៃទី​៦ ខែមេសា​។ ប៉ុន្តែ​លោកស្រី បន្ថែមថា ក្រសួង​បានចាប់ផ្តើម​ធ្វើការ​ដើម្បី​ស្រាយ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​។ 
 
​បើតាម​សារព័ត៌មាន Vietnam Express លោកស្រី Tran Viet Nga គូសបញ្ជាក់ថា សារធាតុ​គីមី​អាស៊ីត Benzoic ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដើម្បី​រក្សា​គុណភាព​អាហារ ដោយ​ផ្អែកលើ​គណៈកម្មាធិការ​ចំណីអាហារ CAC ដែលមាន​វៀតណាម និង​ជប៉ុន​ជា​សមាជិក​។ យោងតាម​ស្តង់ដារ​របស់ CAC កម្រិត​អាស៊ីត Benzoic រកឃើញ​នៅក្នុង​ទឹកជ្រលក់ ដែល​អាជ្ញាធរ​ជប៉ុន​បញ្ជា​ឲ្យ​ដកហូត​នោះ គឺ​ស្ថិតនៅក្នុង​កម្រិតស្តង់ដា​រ​អន្តរជាតិ​នៅឡើយ​ទេ​។ ត្រង់ចំណុច​នេះ លោកស្រី និយាយថា​៖«​ប្រហែលជា ជប៉ុន​មានការ​រឹតត្បិត​ខ្លាំងពេក​ប៉ុណ្ណោះ​»​។ 
 
​សូមបញ្ជាក់ថា ជប៉ុន ហាមប្រាម​លើ​ការប្រើប្រាស់​អាស៊ីត Benzoic ប៉ុន្តែ​អនុញ្ញាត​ឲ្យ​មាននៅ​ក្នុង​ផលិតផល​អាហារ​ផ្សេងទៀត រួមមាន ភេសជ្ជៈ និង​ទឹក​ស៊ី​រ៉ូ​ជាដើម​។ ចំណែក​វៀតណាម អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បរិមាណ​អាស៊ីត benzoic ខ្ពស់បំផុត​ត្រឹម​មួយ​ក្រាម​ក្នុង​ទឹកជ្រលក់​ម្ទេស​មួយ​គីឡូក្រាម​៕
 

Tag:
 ​វៀតណាម​
  ជប៉ុន​
  សារធាតុ​គីមី​
  ចំណីអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com