ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សង្ក្រាន្ត​ព្រៃវែង​» មានការ​ប្រឡង​បវរ​វ័យ​ចំណាស់ ការសម្តែង​រឿង​ទុំ​ទាវ និង​តាំងពិព័រណ៍​ផ្ទះ​បុរាណ​
08, Apr 2019 , 2:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តព្រៃវែង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា នៅ​សួនច្បារ​សម្តេច ជា ស៊ីម​។ ព្រឹត្តិការណ៍​នេះ នឹងមាន​កម្មវិធី​ប្រឡង​បរ​វ័យ​ចំណាស់ ស្រី​ស្អាត ប្រុស​ស្អាត ការសម្តែង​រឿង​ទុំ​ទាវ រឿង​ម៉ាក់ថឺង ការតាំងពិព័រណ៍​ផ្ទះ​បុរាណ​ខ្មែរ និង​ការតាំង​បង្ហាញ​វត្ថុ​យក្ស​។


 
​ប្រធាន​ប្រតិបត្តិ​ស​.​ស​.​យ​.​ក ខេត្តព្រៃវែង កញ្ញា ខៀវ ធា​វី បាន​លើកឡើងថា គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ បាន​យល់ដឹង​កាន់តែច្បាស់​ពី​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដ៏​រុងរឿង ដែលមាន​ពី​បុរាណកាល​មក ហើយក៏​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។ 
 
​បើតាម​កញ្ញា ខៀវ ធា​វី កម្មវិធី​សំខាន់ៗ​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នឹងមាន​ការជ្រើសរើស​បវរ​វ័យ​ចំណាស់​ដែលមាន​អាយុ​ចន្លោះ​៦០ បវរកញ្ញា​ស្រី​ស្អាត ប្រុស​ស្អាត ប្រឡង​ចម្រៀង ការតាំង​បង្ហាញ​វត្ថុ​យក្ស ដូចជា កណ្តៀវ​ច្រូតស្រូវ​យក្ស អង្រុត​ត្រី​យក្ស ទូក​ដែលមាន​ប្រវែង​វែង​ជាងគេ​ប្រចាំ​ខេត្តព្រៃវែង និង​ការតាំងពិព័រណ៍​រូប​ជ្រូក​យក្ស ព្រមទាំង​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ថតរូប​ផងដែរ​។ លើសពីនេះ ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ រាំ​កម្សាន្ត​បែប​ប្រពៃណី​នៅ​តំបន់​ភូមិ​យើង និង​មានការ​ស្រង់​ព្រះ ដើម្បី​សុំ​សេចក្តីសុខ​នៅ​វត្ត​តាំង​ស៊ីវ​ម៉ី​ផងដែរ​។
  
​សម្រាប់​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» ឆ្នាំនេះ កញ្ញា ខៀវ ធា​វី រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​២៥​ម៉ឺន​នាក់ មក​ចូលរួម​កម្សាន្ត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ កញ្ញា ជឿជាក់​ដូច្នេះ ដោយសារ​ឆ្នាំនេះ ខេត្តសៀមរាប​មិនមាន​អង្គ​រស​ង្រា្ក​ន្ត​ឡើយ ទើប​ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​អញ្ជើញ​មក​ទស្សនា​កាន់តែ​កើនឡើង​ជាង​ឆ្នាំមុន​៕ 
 
 
 
 
 
​ 

Tag:
 ​ចូលឆ្នាំ​
  សង្ក្រាន្ត​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com