អន្តរជាតិ
ស៊ី ជិន​ភីង ក្រើនរម្លឹក​ឲ្យ​មន្ត្រី​គ្រប់​ថ្នាក់​ខំ​អនុវត្ត​គោលនយោបាយ​បន្ថយ​ភាពក្រីក្រ​ឲ្យ​ស្របតាម​គោលដៅ​ឆ្នាំ​២០២០
08, Apr 2019 , 2:41 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ក្រើនរម្លឹក​ដល់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោលនយោបាយ​លើកស្ទួយ​ជីវភាព​ប្រជាជន ដើម្បី​ធានា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​កាត់បន្ថយ​ភាពក្រីក្រ​នៅត្រឹម​ឆ្នាំ​២០២០​។​


 
​តាមរយៈ​កិច្ចប្រជុំ​ថ្នាក់ជាតិ​របស់​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃ​៣ មេសា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បានលើកឡើង​ពី​សមិទ្ធផល​គួរកត់សម្គាល់ នៃ​យុទ្ធនាការ​កាត់បន្ថយ​ភាពក្រីក្រ ឬ​ជា​ញឹកញាប់​លោក ហៅថា​សមរភូមិ​ប្រឆាំង​ភាពក្រីក្រ​ពី​សង្គម​ចិន ពិសេស​នៅ​តំបន់​ជនបទ ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ​របស់​ចិន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​បង្កើតជា​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​មនុស្សជាតិ ហើយ លោក ក៏បាន​ប្តេជ្ញា​ធានា​សម្រេច​ឲ្យ​នូវ​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ទាន់ពេល ខណៈពេល​វេលា​គោលដៅ នៅសល់​ត្រឹមតែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ 
 
​លោក ស៊ី ជិន​ពីង ដែលជា​អគ្គលេខាធិការ​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​ផង​នោះ ក៏បាន​ព្រមាន​ពី​កិច្ច​ការលំបាក​មួយចំនួន​ក្នុងការ​អនុវត្ត​គោលនយោបាយ ដែល​បង្ក​ឲ្យ​ភាព​ក្រី​ក្រី​នៅតែ​ដិតដាម និង​អាក្រក់​។ តែ​យ៉ាងណា​ក៏ លោក បាន​ផ្តាំផ្ញើ​ទៅកាន់​ប្រជាជន​ក្រីក្រ​កុំ​មានការ​ព្រួយបារម្ភ​ពី​តម្រូវការ​មួយចំនួន​ដូចជា​អាហារ សម្លៀកបំពាក់ ការអប់រំ ការថែទាំ​វេជ្ជសាស្ត្រ និង​សុវត្ថិភាព​លំនៅដ្ឋាន​ជាដើម​។​
 
​ពី​វេទិកា​នោះ លោក​ប្រធានាធិបតី បានស្នើ​ដល់​ទាំង​សមាជិក​បក្ស និង​រដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ ប្រកៀក​ស្មា​គ្នា​ក្នុងការ​ទទួលខុសត្រូវ​នៅក្នុង​សមរភូមិ​ប្រឆាំងនឹង​ភាពក្រីក្រ​។ លោក ក៏បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​អនុវត្ត​ជៀសវាង​ការប្រព្រឹត្ត​ឥរិយាបថ​ឆ្គាំឆ្គង និង​ពិសេស​នោះ​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កន្លងទៅ ចាប់ពី​ឆ្នាំ ១៩៧៨ ដល់​ឆ្នាំ​២០១៦ មាន​ប្រជាជន​ចិន​ជាង ៧៣០​លាន​នាក់​ហើយ បាន​រួច​ផុតពី​ភាព​ក្រី​ក្រី ។ ហើយ​តាម​ផែនការ​ជាតិ ចិន បានដាក់​គោលដៅ​ក្នុងការ​សម្រេច​កែប្រែ​សង្គម​ចិន​ឲ្យ​ក្លាយជា​សង្គម​មួយ​ដ៏​រុងរឿង​នៅត្រឹម​ឆ្នាំ​២០២០ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុបបំបាត់​ភាពក្រីក្រ​ឲ្យ​អស់ពី​សង្គម​តែម្តង​។ តាម​ផែនការ​នេះ រដ្ឋាភិបាល​ចិន ត្រូវ​ជួយ​ប្រជាជន​យ៉ាងហោចណាស់​មួយ​លាន​នាក់​ឲ្យ​ផុតពី​ភាពក្រីក្រ​ក្នុង​រយៈពេល​១​ខែ​៕
 

Tag:
 ចិន​
  ភាពក្រីក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com