រ៉ឹង ប៊ុន​ហៀ​ង ជា​កីឡាករ​កម្ពុជា​សម្រេចបាន Hat-Trick ដំបូង​គេ​
កីឡាជាតិ
ជាតិ
រ៉ឹង ប៊ុន​ហៀ​ង ជា​កីឡាករ​កម្ពុជា​សម្រេចបាន Hat-Trick ដំបូង​គេ​
08, Apr 2019 , 3:33 pm        
រូបភាព
កីឡាករ រ៉ឹង ប៊ុនហៀង (ខាងស្តាំគេ)អបអរគ្រាប់បាល់ជាមួយមិត្តក្រុមក្នុងជំនួបជាមួយកំពង់ចាម
កីឡាករ រ៉ឹង ប៊ុនហៀង (ខាងស្តាំគេ)អបអរគ្រាប់បាល់ជាមួយមិត្តក្រុមក្នុងជំនួបជាមួយកំពង់ចាម
​ក្រោយ​សម្រេចបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ១១-០ របស់​ក្រសួងការពារជាតិ​លើ​ក្រុម​កំពង់ចាម រ៉ឹង ប៊ុន​ហៀ​ង បាន​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​សម្រេចបាន Hat-Trick​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ភា សុ​ភ័​ក្ត្រា ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​ក្នុង​តារាង បន្ទាប់ពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ សម្រាប់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៣ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​៣០​គ្រាប់​។

 
​នា​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៣​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ មេសា ក្រុម​ក្រសួងការពារជាតិ​បាន​លត់​ភ្ញៀវ​កំពង់ចាម​ក្នុង​លទ្ធផល ១១-០​។ នេះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​ផ្ទួនៗ​គ្នា​របស់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ១១-០ ដូចគ្នា​នៅ​សប្តាហ៍​ទី​២​។ ក្រុម​កំពង់ចាម​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​សម្រាប់​កីឡាករ​ក្នុងការ​សម្រេចយក Hat-Trick ក្នុង​រដូវ​កាល​ថ្មី​នេះ​។ 
 
​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បានរួម​ចំណែក​៣​គ្រាប់​ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​ខាងលើ ដែល​នាំ​ឲ្យ​គេ​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ប្រចាំ​ពានរង្វាន់​នេះ ដែល​សម្រេចបាន Hat-Trick​។ គ្រាប់​បាល់​របស់ ប៊ុន​ហៀ​ង សម្រេចបាន​នៅ​នាទី​ទី​៤៩, ៨៣ និង​៨៨​។ កីឡាករ Debiro Dzarma Bata ក៏​សម្រេចបាន Hat-Trick ផងដែរ​ក្នុង​ជ័យជម្នះ​នេះ ដែល​គ្រាប់​បាល់​របស់គេ​កើតឡើង​នៅ​នាទី​២២, ២៦ និង​៦០​។ កីឡាករ Moneke Ugochukwu Obi និង Bisan George សម្រេចបាន​ម្នាក់​ពីរ​គ្រាប់ និង​មួយ​គ្រាប់​ដោយ ណា​រ៉ុង កក្កដា​។ 
 
​ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ភា សុ​ភ័​ក្ត្រា ឡើងទៅ​ឈរ​លេខ​រៀង​ទី​២ ដោយមាន​៧​ពិន្ទុ បន្ទាប់ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​កំពូល​តារាង​មាន​៩​ពិន្ទុ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះដែរ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ ២-១ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ២-០​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​សៀម​រាម​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​៣,០៩០​នាក់ ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​របា​ន​វាយបក​តាម​ស្មើ ១-១ ជាមួយ​ភ្ញៀវ​បឹងកេត​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ajayi Gbenga Samuel បា​នរក​គ្រាប់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ​បឹងកេត​នៅ​នាទី​ទី​៣០ មុន​កីឡាករ Ryota Hayashi រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​នាទី​ទី​៨១​។ 
 
​នៅ​កីឡដ្ឋាន​គីរីវង់ ក្រុម​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ២-០ ដោយ​រួមចំណែក​ម្នាក់​មួយ​គ្រាប់​ពី​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​កីឡាករ Gisung Yeon​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្លាយជា​ក្រុម​កំពូល​តារាង​មិនដែល​ស្គាល់​ចាញ់ ឬ​ស្មើ​។​


 ទស្សនិកជនទស្សនាការប្រកួតរវាងក្រុមអង្គរថាយហ្គឺរជាមួយបឹងកេត
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន Smart RSN ក្រុម​ភ្ញៀវ​វិសាខា បានផ្តល់​ការខកចិត្ត​ដល់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​ជ័យជម្នះ ៣-១​។ សម្លេង​ស្រែក​ហ៊ោ​របស់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​បាន​បន្លឺឡើង​នៅត្រឹម​ពីរ​នាទី​ដំបូង​នៃ​តង់​ទី​១ បន្ទាប់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Eliel da Cruz Guardiano បានសម្រេច​គ្រាប់​នាំមុខ ១-០ ឲ្យ​វិសាខា​។ ការប្រកួត​ដំណើរការបាន​ជាង​២០​នាទី​ខ្សែប្រយុទ្ធ​រូបនេះរ​កមួយ​គ្រាប់​បន្ថែ​ម ដើម្បី​បង្កើន​ការនាំ​មុខ ២-០ ក្នុង​តង់​ទី​១​។ 
 
​ឈានដល់​តង់​ទី​២ កីឡាករ Paulo Victor Costa Soares បាន​វាយបក​តាម​ពីក្រោយ ២-១ សម្រាប់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៦៩​។ ប៉ុន្តែ​១៥​នាទី​ក្រោយមក​កីឡាករ ទិ​ត្យ ឌី​ណា បាន​បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ សម្រាប់​វិសាខា​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​មានការ​ព្យាយាម​វាយបក​ពី​ក្រុម​ម្ចាស់ផ្ទះ​ក៏ដោយ​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៦-០​។ គ្រាប់​បាល់​ទាំងនេះ​រកបាន​ដោយ​កីឡាករ Gurbani Amir ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​មួយគ្រា​ប់​ដោយ Esho Omogba, Athuheire Kipson, គួច ដា​នី និង ញឹម សុវណ្ណារ៉ា​៕        

Tag:
 បាល់ទាត់​
  Cambodian League 2019
  រ៉ឹង ប៊ុន​ហៀ​ង
© រក្សាសិទ្ធិដោយ thmeythmey.com