ជាតិ
សង្គមជាតិ
ថ្នាក់លើស៊ើបអង្កេតរឿងប៉ូលិសជិត៤០នាក់ ដែលសុំឲ្យដកស្នងការស្វាយរៀង ចេញពីតំណែង លោក កឹង ឃន ស្នងការខេត្តស្វាយរៀង។ រូបពីស្នងការខេត្តស្វាយរៀង
× មានព័ត៌មានចុះផ្សាយថា ក្រុមនគរបាលជិត៤០នាក់ បានរួមគ្នាប្តឹងលោក កឹង ឃន ស្នងការខេត្តស្វាយរៀង ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទប្រព្រឹត្តអំពើពុករលួយ ហើយពួកគេ បានចុះហត្ថលេខារួមគ្នាលើសំណើមួយទៀត ដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យដកស្នងការរូបនេះ ចេញពីតំណែង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ថា លោក មិនទាន់បានឃើញលិខិតផ្លូវការរបស់នគរបាលទាំងនោះទេ។ ប៉ុន្តែ លោក អះអាងថា លោក ក៏បានឮនិងឃើញការចុះផ្សាយព័ត៌មាននេះដែរ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា «ខ្ញុំ បានបញ្ជូនព័ត៌មានហ្នឹងទៅឲ្យអគ្គស្នងការនគរបាលជាតិហើយ ហើយអគ្គស្នងការនគរបាលជាតិ ឆ្លើយថានឹងស៊ើបសង្កេត»។
ដោយសារតែមិនទាន់ឃើញលិខិតឬសំណើផ្លូវការ លោក ខៀវ សុភ័គ មិនអាចបកស្រាយឡើយថា មូលហេតុអ្វី ទើបនគរបាលទាំងនោះ នាំគ្នាប្តឹងលោកស្នងការ។ លោក គ្រាន់តែលើកឡើងថា ការគ្រប់គ្រងតាមស្ថាប័ននីមួយៗ តែងតែមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្ត។
សារព័ត៌មានក្នុងស្រុកមួយឈ្មោះ KBN បានចុះផ្សាយថា នគរបាលទាំងនោះ ប្តឹងលោក កឹង ឃន ដែលជាមេកើយរបស់ខ្លួន គឺដោយសារលោក កឹង ឃន បានប្រព្រឹត្តអំពើពុករលួយយូរឆ្នាំមកហើយ គំរាមកំហែងកូនចៅ បង្កើតបក្សពួកជាប្រព័ន្ធ រួមទាំងដាក់កូនខ្លួនឯង ឲ្យធ្វើជាស្នងការរងថែមទៀត។
សារព័ត៌មានថ្មីៗ ព្យាយាមហៅទូរសព្ទទៅលោក កឹង ឃន ជាច្រើនលើកដែរ ដើម្បីសុំឲ្យលោក ឆ្លើយតបនឹងការចោទប្រកាន់នេះ តែលោក មិនបានលើកទូរសព្ទ។
កន្លងមក មាននគរបាលខេត្តស្វាយរៀងជាង២០នាក់ ធ្លាប់រួមគ្នាប្តឹងលោក កឹង ឃន ម្តងរួចមកហើយពាក់ព័ន្ធនឹងរឿងអាស្រូវនេះ។ លោក ខៀវ សុភ័គ និយាយថា «រឿងហ្នឹងធ្លាប់កើតមានម្តងហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com