ជាតិ
សេដ្ឋកិច្ច
ដី​អតីត​អគារ​ប៊ូល​ឌី​ង នឹងត្រូវ​សាងសង់​គម្រោង Naga3 ក្នុង​ទំហំ​វិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ​
08, Apr 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន NagaCorp បានប្រកាស​គម្រោង​សាងសង់ ណាហ្គា​៣ លើដី​អតីត​អគារ​ប៊ូល​ឌី​ង និង​ដី​ជាប់​នោះ ក្នុង​ទំហំ​វិនិយោគ​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ព័ត៌មាន​ក្នុង​របាយការណ៍​ដែល​ក្រុមហ៊ុន​ដាក់ជូន ផ្សារ​ហ៊ុន​ហុងកុង ក្នុងពេល​ថ្មីៗ​នេះ​។​

 
​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​រួចហើយ​សម្រាប់​គម្រោង Naga3 ដែលមាន​អគារ ៤ ប្លុក កម្ពស់​៤២​ជាន់​លើ​អតីត​ដី​អគារ​ប៊ូល​ឌី​ង ទំហំ ៧៧៥៧​ម៉ែត្រក្រឡា កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​។ តែ​ក្រោយមក​ក្រុមហ៊ុន​បាន​ទិញ​ដី ៩០៨០​ម៉ែត្រក្រឡា​ជាប់​នោះ​បន្ថែមទៀត ដូចនេះ​ក្រុមហ៊ុន​បានស្នើ និង​ទទួល​យល់ព្រម​ជាគោលការណ៍​ជា​លើក​ទី​២ ឲ្យ​សាងសង់ Naga3 ដែល​រួមមាន ៥​ប្លុក​អគារ ក្នុង​កម្ពស់​អតិបរមា ៦៦​ជាន់ លើ​ផ្ទៃដី​គម្រោង​សរុប ១៦៨៣៧ ម៉ែត្រក្រឡា សម្រាប់​ធ្វើជា​សណ្ឋាគារ អា​ផាត​មិន និង​កន្លែង​កម្សាន្ត​។ 
 
​ក្រុមហ៊ុន NagaCorp ដែល​កំពុង​ប្រតិបត្តិការ Naga1 និង Naga2  អះអាងថា Naga3 នឹងចូលរួម​ឲ្យ​ក្រុមហ៊ុន​ខ្លួន​កាន់តែ​ឈានមុខ​ទៀត​ក្នុង​តំបន់​ទៅលើ​ប្រតិបត្តិការ​ផ្នែក​ល្បែងស៊ីសង និង​សេវាកម្ម​ផ្សេងៗ​។ ក្រុមហ៊ុន​បានប្រកាស​ទំហំ​វិនិយោគ​ប្រមាណ ៣,៨ ទៅ ៤​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង Naga3 ទាំងមូល​។ ហើយ​គម្រោង Naga3 នេះ​ក៏មាន​ការភ្ជាប់​ផ្លូវ​ក្រោម​ដី​មក Naga1 និង Naga2  ផងដែរ​។​
 
​គួរ​បញ្ជាក់ថា អគារ​ប៊ូល​ឌី​ង ដែលមាន​ពលរដ្ឋ ៤៩២​គ្រួសារ​រស់នៅ ត្រូវបាន​វាយកម្ទេច​ចោល​កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​ដំណោះស្រាយ​ជូន​អ្នករស់នៅ​ទីនោះ ពី​ក្រុមហ៊ុន​អចលនទ្រព្យ Arakawa និង​ជួយ​សម្របសម្រួល​ដោយ​រដ្ឋាភិបាល​។ ពេល​ដំបូង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នេះ បានប្រកាស​ផែនការ​ចង់​អភិវឌ្ឍន៍​ទីតាំង​នេះ ដោយមាន​ការសាងសង់​អគារ​២១​ជាន់ ក្រោម​ទុនវិនិយោគ ៨០​លាន​ដុល្លារ​៕
 

Tag:
 អគារ​ប៊ូល​ឌី​ង Naga
© រក្សាសិទ្ធិដោយ thmeythmey.com