អន្តរជាតិ
UN ថ្កោលទោស​យោធា​មី​យ៉ាន់​ម៉ា ដែល​បាញ់ប្រហារ​ពី​យន្តហោះ​សំដៅលើ​ជន​ស៊ីវិល​
08, Apr 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស និង​សម្តែង​ការ​សោកសៅ​ខ្លាំង​ចំពោះ​ហេតុការណ៍ នៃ​ការបាញ់ប្រហារ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ជាមួយនឹង​ឧទ្ទាម​ប្រដាប់អាវុធ ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ស៊ីវិល​ទៀត​។ ភ្នាក់ងារ​ជំនាញ បាន​មើលឃើញ សកម្មភាព​រំលោភ​នេះ ថា អាច​ធ្លាក់​ចូលទៅក្នុង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ផងដែរ​។


 
​ពី​ទីក្រុង​ហ្សឺ​ណែវ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​៥ មេសា អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាន​ព្រមាន​ពី​ស្ថានភាព​នៃ​ការប៉ះទង្គិច​គ្នា​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​ពាក់ព័ន្ធ​ជាមួយនឹង​យោធា​ផង ថា​អាច​ធ្លាក់​ទៅក្នុង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ខណៈដែល​មី​យ៉ាន់​ម៉ា ក៏​កំពុងតែ​ស្ថិតក្រោម​ការតាមដានរ​បស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស្រាប់​ផង​នោះ​។​
 
​ការព្រមាន​របស់​អ្នកនាំពាក្យ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បានទទួល​បាន​របាយ​ការណ៍​ថ្មី​បន្ថែម​ស្តីពី​មី​យ៉ាន់​ម៉ា​។ តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ របាយការណ៍​ដែល​ភ្នាក់ងារ​ជំនាញ ទទួលបាន​នោះ គឺ​ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃទី​៣ មេសា​កន្លងទៅ រវាង​កងកម្លាំង​ទាហាន​រដ្ឋាភិបាល និង​ទាហាន​ឯករាជ្យ Arakan ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ តាមរយៈ​ការប៉ះទង្គិច​នេះ កង​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រើប្រាស់​យន្តហោះ ដើម្បី​បើក​ការវាយប្រហារ ទៅនឹង​ក្រុម​ទាហាន​ឯករាជ្យ និង​ថែមទាំង​បាន​សំដៅ​ទៅលើ​ជន​ស៊ីវិល​ដែលជា​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ហើយ​បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៧​នាក់​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​។ 
 
​ខណៈ​សម្តែង​ពី​ការព្រួយបារម្ភ​ពី​ការបន្ត​មាន​អ្នកស្លាប់​ដោយសារ​ការមិន​នាំខ្លួន​អ្នកប្រព្រឹត្ត​ខុស​មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ទាហាន​ឯករាជ្យ បញ្ឈប់​ការបាញ់ប្រហារ​គ្នា​ជា​បន្ទាប់ និង​ត្រូវ​ធានាថា ជន​ស៊ីវិល ពិតជា​ត្រូវបាន​ទទួលបាន​ការការពា​រ​យ៉ាងពិត​ប្រាកដ​។ 
 
​គួរ​ជម្រាប​ថា រាល់ពេល​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ទាហាន​ឯករាជ្យ ឬ​ទាហាន​ព្រៃ ដែល​ត្រូវបាន​បង្កើត​ក្នុង​គោលដៅ​តទល់​ជាមួយនឹង​ការរើសអើង​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ជា​ចលនា​សុំ​ផ្តាច់ខ្លួន​សេដ្ឋកិច្ច​ផង​នោះ អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លះ​បំផុត គឺជា​ជនជាតិភាគតិច​ឥស្លាម រ៉ូ​ហ៊ីង​យ៉ា តែម្តង​។​
 
​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ ដោយសារតែ​ការប៉ះទង្គិច​ស្រដៀង​គ្នា​នេះ មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាង​កន្លះ​លាន​នាក់ បាន​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង និង​ខ្លះទៀត​ឈានដល់​ប្រទេស​ទី​បី​ជាមួយនឹង​ការភ័យខ្លាច​។ មកទល់ពេលនេះ ពួកគេ នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ឡើយ ខណៈ​ស្ថានភាព​រស់នៅ​នៅក្នុង​ជំរំ​បណ្តោះអាសន្ន ក៏​កាន់តែ​អាក្រក់​ទៅៗ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com