អន្តរជាតិ
លីប៊ី កំពុងឈានទៅរកសង្គ្រាមស៊ីវិល?
× ស្ថានការណ៍នៅលីប៊ី កំពុងឈានទៅរកសង្គ្រាមផ្ទៃក្នុងពេញបន្ទុក ខណៈដែលភាគីសំខាន់ចំនួនពីរ បើការវាយប្រយុទ្ធគ្នានៅក្បែររដ្ឋធានីទ្រីប៉ូលី។ នៅថ្ងៃទី៧ ខែមេសា កងកម្លាំងរបស់សេនាប្រមុខ Khalifa Haftar បានពើបប្រយុទ្ធជាមួយកម្លាំងយោធានៃរដ្ឋាភិបាលសម្ព័ន្ធជាតិ ដែលទទួលស្គាល់ដោយអន្តរជាតិ។ ទោះអង្គការសហប្រជាជាតិអំពាវនាវឲ្យផ្អាកការប្រយុទ្ធក្ដី គេនៅតែឃើញមានសកម្មភាពពីសំណាក់កម្លាំងពីរក្រុមដដែល ខណៈអាមេរិកបានស្នើឲ្យលោក Haftar ផ្អាកប្រតិបត្តិការរបស់ខ្លួន។
ភាពតានតឹងនៅលីប៊ី ដែលត្រូវហែកច្រៀកដោយកម្លាំងយោធាផ្សេងគ្នាជាច្រើនក្រុមក្រោយការដួលរលំរបបដឹកនាំលោក មូអាម៉ា ហ្កាដាហ្វី ចាប់ផ្ដើមពុះកញ្ជ្រោលក្រោយឧត្តមសេនីយ៍ Khalifa Haftar បញ្ជាឲ្យកម្លាំងយោធារបស់ខ្លួន រុលទៅរំដោះរដ្ឋធានីទ្រីប៉ូលី។ កម្លាំងយោធានៃរដ្ឋាភិបាលសម្ព័ន្ធជាតិ (GNA) ក៏បានបើកយុទ្ធនាការសឹក ដើម្បីឆ្លើយតបនឹងការរុលទៅមុខរបស់កម្លាំងក្រោមបង្គាប់របស់លោក Haftar ដែលធ្លាប់បម្រើការឲ្យលោក ហ្កាដាហ្វី ។
លោក Haftar ជាមេកន្ទ្រាញកាន់កាប់ទឹកដីលីប៊ីភាគច្រើន ហើយបោះទីតាំងនៅទីក្រុងបេងហ្កាហ្ស៊ីនៅភាគខាងកើត។ ជាមួយនឹងកម្លាំងពេញដៃបូករួមនឹងភោគទ្រព្យប្រេងសន្ធឹកសន្ធាប់ទៀតនោះ សេនាប្រមុខរូបនេះ ចាប់ផ្ដើមពង្រីកទឹកដីរបស់ខ្លួនទៅកាន់ភាគលិចដែលគ្រប់គ្រងដោយរដ្ឋាភិបាលសម្ព័ន្ធជាតិមានអង្គការសហប្រជាជាតិទទួលស្គាល់។ ការដណ្ដើមរដ្ឋធានីទ្រីប៉ូលី ជាគោលដៅសំខាន់របស់កម្លាំងកងទ័ពជាតិលីប៊ី (LNA) របស់លោក Haftar ។
យោធារដ្ឋាភិបាលក្រុងទ្រីប៉ូលី បានបើកយុទ្ធនាការតបវិញ ខណៈកម្លាំងយោធាមកពីភាគខាងកើតរុលចូលកាន់តែក្បែរតំបន់ខ្លួនត្រួតត្រា។ ភាគីទាំងពីរបានប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅថ្ងៃទី៧ ខែមេសានៅភាគខាងត្បូងរដ្ឋធានី ដោយមានយុទ្ធនាការតាមដែនអាកាសផង។ បើតាមរបាយការណ៍របស់រដ្ឋភិបាលគាំទ្រដោយអន្តរជាតិ មនុស្សយ៉ាងតិច៣២នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធនេះ ហើយជាង៥០នាក់ទៀតរបួស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្រោយការដួលរលំរបបដឹកនាំលោក ហ្កាដាហ្វី នៅឆ្នាំ២០១១ លីប៊ីដែលធ្លាប់តែរួបរួមចម្រុងចម្រើន បែរជាបែកបាក់ និងជួយបញ្ហាមិនចេះចប់។ ស្ដេចក្រាញ់បានកើតឡើងជាបន្ទាប់ ដោយគ្រប់គ្រងទឹកដីដោយឡែកៗ និងវាយប្រហារគ្នាដណ្ដើមអណ្ដូងប្រេងទៀតផង។ យ៉ាងណាមិញ គេបារម្ភថា ប្រតិបត្តិការរបស់យោធាស្មោះស្ម័គ្រនឹងលោក Haftar ក្លាយជាឆ្នួនបញ្ឆេះសង្គ្រាមក្នុងស្រុក ហើយធ្វើឲ្យដំណើរការស្វែងរកសន្តិភាពត្រូវបរាជ័យទៀតផង។
អាមេរិកឯណោះវិញ ដែលមានចំណែកកម្ចាត់លោក ហ្កាដាហ្វី បានស្នើឲ្យកម្លាំងយោធានៅភាគខាងកើតផ្អាកយុទ្ធនាការរបស់ខ្លួន ស្របពេលយោធាអាមរិកមួយចំនួននៅលីប៊ី ត្រូវបានផ្លាស់ប្ដូរដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និយាយថា អាមេរិកប្រឆាំងសកម្មភាពររបស់ឧត្តមសេនីយ៍ Haftar និងបានទទូចឲ្យយោធានេះបញ្ឈប់សកម្មភាពជាបន្ទាន់។ លោក ប៉ុមប៉េអូ បន្ថែមថា យុទ្ធនាការយោធា មិនមែនជាដំណោះស្រាយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com