ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ ទី​បូជាសព​និង​ក្លិប​កម្សាន្ត មិន​អនុញ្ញាត​ឲ្យ​នៅ​ជិត​សាលារៀន​ទៀតឡើយ​
08, Apr 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា រដ្ឋាភិបាល នឹង​លុបបំបាត់​មិន​ឲ្យ​មាន​ឈាបនដ្ឋាន​ឬ​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន​និង​ស្ថាប័ន​អបរំ​ទៀតឡើយ ព្រោះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សិស្ស​។

 
 
​ក្នុងឱកាស​ចុះទៅ​ត្រួតពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​អាង​ហែល​ទឹក និង​បណ្តា​ល័យ​នៅ​សាកល​វិទ្យា​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច ស ខេង ថ្លែង​ទៅកាន់​អ្នកកាសែត​ថា «​កន្លែង​បូជាសព មិនគួរ​ឲ្យ​ស្ថិតនៅ​ជិត​សាលា​ទេ ព្រោះ​ធុំក្លិន ធុំ​អី​ទៅ ឬមួយ​ក៏មាន​អារម្មណ៍​ភ័យខ្លាច សម្រាប់​ការរៀនសូត្រ​របស់​ក្មេង ធ្វើ​ឲ្យ​ប៉ះពាល់​»​។​
 
​ចំណែក ក្លិប​កម្សាន្ត​នានា ក៏​រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​បង្កើត​នៅជាប់​ឬ​ជិត​សាលា​ដែរ​។ នេះ​ជាការ​អះអាង​របស់​សម្តេច ស ខែង ដដែល​។ សម្តេច​រដ្ឋមន្ត្រី បញ្ជាក់ថា «​យើង មិន​អនុញ្ញាត​ឲ្យ​ដាក់​ក្លិប​កម្សាន្ត​នៅ​ជិត​សាលារៀន​ទេ​។ បើ​មិន​អ៊ីចឹង​ទេ វា ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​មូល បែក​អារម្មណ៍​។ បើ​ក្លិប​ហ្នឹង មាន​លួចលាក់​គ្រឿងញៀន​ទៀត អាហ្នឹង រឹតតែ​បញ្ហា​»​។ 
 
​សម្តេច ស ខេង ប្រាប់​អ្នកកាសែត​ថា សម្តេច បានផ្តល់​យោបល់​នេះ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​សម្តេច​ទាំងពីរ ទៅ​ទទួល​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី ដែល​យាង​និវត្ត​មក​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃទី​៧ ខែមេសា ក្រោយ​បញ្ចប់​ការពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ អះអាងថា ការលុបបំបាត់​ឈាប​ដ្ឋា​ន​និង​កន្លែង​កម្សាន្ត មិន​ឲ្យ​មាននៅ​ជិត​សាលា គឺជា​គោលការណ៍ ដែល​បន្ថែម​ទៅក្នុង​កម្មវិធី​ជាតិ​ស្តីពី​សុខភាព​អប់រំ​៕ 
 

Tag:
 ស ខេង​
  អប់រំ​
  ឈាន​បន​ដ្ឋា​ន​
  ក្លិប​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com