ONE Championship
កីឡាជាតិ
ជាតិ
​ក្រៅពី​ជា​កីឡាករ​នៅ​សង្វៀន One Championship សឹម ប៊ុន​ស្រ៊ន់ មាន​ជំនាញ​ដាំ​កូនឈើ​មួយទៀត​
09, Apr 2019 , 7:59 am        
រូបភាព
 ​ដោយ​៖ ស៊ី​ធី 

​ទោះបី​រៀបការ​រួច​នាពេល​ថ្មីៗ​នេះ និង មាន​មុខរបរ​ផ្ទាល់ខ្លួន អ្នកលេង​គុន​ចម្រុះ សឹម ប៊ុន​ស្រន់ នៅតែ​ខិតខំ​ហ្វឹកហាត់​បន្ថែម​នៅ​ក្លិប Cambodian Top Team ដែលមាន​លោក ហ៊ុន ច័ន្ទ​រាជ្យ ជា​គ្រូបង្វឹក​។ ប៊ុន​ស្រន់ រង់ចាំ​ស្វាគមន៍​ក​គូប្រកួត​នៅ​សង្វៀន One Championship នៅ​ថ្ងៃ​ណាមួយ ក្រោយ​អវត្តមាន​តាំងពី​ចុងឆ្នាំ ២០១៧ មក​។


 
​សឹម ប៊ុន​ស្រន់ បញ្ជាក់ថា​៖«​ខ្ញុំ​មក​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ជាមួយ​គ្រូ ហ៊ុន ច័ន្ទ​រាជ្យ ជាប្រចាំ បើសិន​ខ្ញុំ​អត់​មាន​ការងារ​ចុះទៅ​ខេត្ត​ទេ​។ រាល់ថ្ងៃ​ខ្ញុំ​មាន​របរ​រកស៊ី​បណ្ដុះ​កូនឈើ​នៅ​កសិដ្ឋាន​មួយ​មាន​ផ្ទៃដី​ប្រមាណ ១០ ហិតា ដែលមាន​រយៈពេល​ជាង ១ ឆ្នាំ​មកហើយ​នៅ​ខេត្ត​កំពង់​ឆ្នាំ​។ ខ្ញុំ​ចូលរួម​មុខ​ជំនួញ​នេះ​ជាមួយ​ក្រុមការងារ​ដែល​គាត់​ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ ហើយ មុខរបរ​នេះ​ចេះតែ​ដើរទៅ​មុខ​បណ្ដើរៗ ។ បែបណា​ក៏ ខ្ញុំ​មិន​ភ្លេចខ្លួន​រំលឹក និង ហាត់គុន​ចម្រុះ​របស់ខ្ញុំ​ទេ​»​។ 
 
​កីឡាករ​វ័យ​២៦ ឆ្នាំ​រូបនេះ​បាន​រំលឹកថា​មុន​ចូលចាប់​អាជីព ហាត់ MMA ឬ គុន​ចម្រុះ​រូបគេ​មាន​មូលដ្ឋានគ្រឹះ​ហ្វឹកហាត់​ក្បាច់គុន​យូ​ដូ​ជម្រើសជាតិ​ពី​ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៥ មុន​ចាប់ផ្ដើម​ហាត់គុន​ចម្រុះ ពី ២០១៥ រហូតដល់​បច្ចុប្បន្ន​។ ក្នុងនោះ ប៊ុន​ស្រន់ ក៏មាន​គ្រឹះ​ផ្នែក​ប្រដាល់សេរី​ផង​ដោយ​រូបគេ​ធ្លាប់​ឡើង​វាយ​លើស​ង្វៀន​ចំនួន ៤ ដង​ពោល​ឈ្នះ ២ ដង និង ចាញ់ ២ ដង​។ 
 
​កីឡាករ​ដែលមាន​កំណត់​ត្រា​ឈ្នះ ៣ ដង​នៅ​សង្វៀន One Championship រូបនេះ​ក៏​ធ្លាប់​ហ្វឹកហាត់​ក្បាច់គុន​តុង​ហ្គី​ល​ម៉ូ​ដូ និង ចេញទៅ​ប្រកួត​ឈ្នះ​មេដាយមាស​កាល​ឆ្នាំ ២០១៦​ក្នុង​ព្រឹត្តិការណ៍ Asian Tong il Mo Do Championship នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ 
 
​កីឡាករ​ដែលមាន​ដើមកំណើត​នៅ​ស្រុក​កោះ​សុទិន​ខេត្តកំពង់ចាម​រូបនេះ បាន​គូស​បញ្ជាក់ទៀតថា ពេលខ្លះ​បើ​មិន​បានមក​ហាត់​នៅ​ក្លិប Cambodian Top Team ជាមួយ​មិត្ត​រួម​ក្រុម និង គ្រូបង្វឹក ក៏​រូបគេ​ឆ្លៀត​ហ្វឹកហាត់​ខ្លួនឯង និង រត់​លេង​បាល់ទាត់​នៅលើ​ទីលាន​ដើម្បី​រក្សា​កម្លាំង​ស៊ុ​ហ្វ ជាដើម​។ 
 
​សូមបញ្ជាក់ថា សឹម ប៊ុន​ស្រ៊ន់ មានកំណត់​ត្រា​ប្រកួត​គុន​ចម្រុះ​បាន​ចំនួន ៨ ដង ក្នុងនោះ​ឈ្នះ ៣ ដង ចាញ់ ៥​។ ប៊ុន​ស្រ៊ន់ ចាប់ផ្ដើម​អាជីព​វ៉ៃ​គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៣ ពេល ស៊ី​ធី​អិន រៀបចំ​ការប្រកួត​ជើងឯក​គុន​ចម្រុះ​ជា​ផ្លូវការ​។ ការប្រកួត​ដំបូង របស់ ប៊ុន​ស្រន់ នៅ​នា​ខែ មិថុនា ឆ្នាំ ២០១៣ ចាញ់ កីឡាករ​រួម​ជាតិ ខុន ស៊ី​ចាន់ នៅ​ទឹក​ទី​២ លើស​ង្វៀន​ក្នុងស្រុក​មួយ​នេះ​។ 
 
​ចំណែក​ប្រកួត​ចុងក្រោយ ប៊ុន​ស្រន់ ចាញ់ កីឡាករ​សិង្ហ​បុរី Litao Miao នៅ​សង្វៀន One: Immortal Pursuit កាល​ចុងឆ្នាំ ២០១៧៕ 
 

Tag:
 One Championship
  សឹម ប៊ុន​ស្រ៊ន់
© រក្សាសិទ្ធិដោយ thmeythmey.com