អន្តរជាតិ
រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក លាលែង​ពី​តំណែង
08, Apr 2019 , 5:57 pm        
រូបភាព
លោកស្រី Kristjen Nielsen លាលែងពីតំណែងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិតាមសំណើប្រធានាធិបតី ដូណាល់ ត្រាំ ។ (រូបភាព VCG)
លោកស្រី Kristjen Nielsen លាលែងពីតំណែងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិតាមសំណើប្រធានាធិបតី ដូណាល់ ត្រាំ ។ (រូបភាព VCG)
​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក Kirstjen Nielsen បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៧ ខែមេសា ក្រោយ​កាន់តំណែង​នេះ​១៨​ខែ​។ ជា​មន្ត្រី​ស្មោះស្ម័គ្រ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោកស្រី Nielsen បាន​អនុវត្ត​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស់​របស់​រដ្ឋា​ភិ​បាល ទោះ​រង​ការរិះគន់​ខ្លាំង​យ៉ាងណាក្ដី​។ លោកស្រី​ក៏​ជា​អ្នកការពារ​ឥត​ងាករេ​ចំណាត់ការ​បំបែក​កូនៗ​ពី​ឪពុកម្ដាយ​ដែល​លួច​ឆ្លង​ចូល​ទឹកដី​អាមេរិក​ខុសច្បាប់​ផងដែរ​។

 
​រដ្ឋមន្ត្រី​ម្នាក់ទៀត បាន​ដើរ​ចេញពី​រដ្ឋាភិបាល​តា​រា​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ប្រកាស​តាម Twitter នៅ​ថ្ងៃទី​៧ ខែមេសា ថា លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ នឹង​ចាក​ចេញពី​តំណែង​។ ខណៈ​ការចាកចេញ​របស់លោក​ស្រី Nielsen ត្រូវបាន​គេ​ខ្សឹបខ្សៀវ​យូរ​មកហើយ មិនមាន​មូលហេតុ​ច្បាស់លាស់​ជុំវិញ​ការលាលែង​នេះឡើយ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​និយាយថា លោកស្រី​ចុះចេញ​តាម​សំណើ​របស់លោក ត្រាំ ផ្ទាល់​។​
 
​ចូលកាន់​តំណែង​កាលពី​ចុងឆ្នាំ​២០១៧ លោកស្រី Nielsen ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដ៏​ម៉ឹងម៉ាត់​ស្របតាម​គោលនយោបាយ​លោក ត្រាំ ។ រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ ជា​តំណែង​សំខាន់ និង​មាន​ឥទ្ធិពល​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ពិសេស​ទទួលបន្ទុក​កិច្ចការ​អន្តោប្រវេសន៍​នៅតាម​ព្រំដែន​ភាគខាងត្បូង​ជាមួយ​ម៉ិ​ក​ស៊ិ​ក​តែម្ដង​។ អង្គភាព​គយ និង​ការពារ​ព្រំដែន (ICE) ដែល​ស្ថិតក្រោម​ក្រសួង​នេះ ក្លាយជា​មុខសញ្ញា​នៃ​រលក​រិះគន់​ព្រោះតែ​អនុវត្ត​ច្បាប់​ដែល​រើសអើង និង​បំពាន​សិទ្ធិមនុស្ស​។​
 
​បញ្ហា​អន្តោប្រវេសន៍ ជា​គោលនយោបាយ​ស្នូល​របស់​រដ្ឋបាល​លោក ត្រាំ តាំងពីដើម​មក​។ ទោះជា​អាមេរិក​ចេញ​វិធានការ​តឹងរ៉ឹង​ក្ដី លំហូរ​នៃ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​អាមេរិក​ឡាទីន​ចូល​អាមេរិក នៅតែ​មិន​ស្រាកស្រាន្ត​ដដែល ហើយ​វា​ធ្វើ​ឲ្យ​លោក ត្រាំ មិន​ពេញចិត្ត​ឡើយ​។ បើតាម​សេចក្ដីរាយការណ៍​ខ្លះ  លោក ត្រាំ ថែមទាំង​បាន​បន្ទោស​លោកស្រី Nielsen ដែល​មិនបាន​អនុវត្តតាម​នយោបាយ​លោក​ឲ្យ​ពេញលេញ​ទៀតផង​។​
 
​ការលាលែង​របស់លោក​ស្រី Nielsen ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោកស្រី​អមដំណើរ​លោក ត្រាំ ទៅ​ត្រួតពិនិត្យ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ជាទី​ដែល​លោក​ចង់​ធ្វើ​ជញ្ជាំង​ព្រំដែន​។ ទោះ​មានមតិ​ប្រឆាំង​គ្រប់​ទិស​ក្ដី ប្រធានាធិបតី​រូបនេះ​បានសម្រេច​ចិត្ត​ប្រកាស​ភាពអាសន្ន​ដើម្បី​យកលុយ​ធ្វើ​ជញ្ជាំង​ឲ្យ​ខាងតែបាន ទោះជា​ប៉ះពាល់​ថវិកា​សម្រាប់​ស្ថាប័ន​ផ្សេង​ក៏ដោយ​។ លោក​ក៏​គំរាម​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​ផ្ដាច់ជំនួយ​រដ្ឋ​អាមេរិក​ឡាទីន​ដែលជា​ប្រភព​នៃ​ជនអន្តោប្រវេសន៍​។​
 
​ក្រោយ​ការចាកចេញ​របស់លោក​ស្រី Nielsen លោក ត្រាំ កំពុង​រកមើល​បេក្ខភាព​ថ្មី​ដែលមាន​ជំហរ​តឹងរ៉ឹង​ជាង​រដ្ឋមន្ត្រី​រូបនេះ​។ សព្វថ្ងៃនេះ លោក​បាន​ឲ្យ Kevin McAleenan ស្នងការ ICE ធ្វើជា​រដ្ឋមន្ត្រី​ស្តីទី​សិន​។ កាលពី​ទស្សនកិច្ច​នៅ​តំបន់​ព្រំដែន​ក្នុង​រដ្ឋ California លោក ត្រាំ មិនបាន​បង្ហាញ​ជំហរ​ទន់ភ្លន់​អ្វី​ឡើយ ហើយក៏​បាន​ផ្ញើ​សារ​ទៅកាន់​ជនអន្តោប្រវេសន៍​ដែល​ស្វែង​សិទ្ធិ​ជ្រកកោន​ថា ពេលនេះ​អាមេរិក​ពេញ​ហើយ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Kirstjen Nielsen
© រក្សាសិទ្ធិដោយ thmeythmey.com