ជាតិ
ក្រសួងមហាផ្ទៃ សម្រេចឲ្យប្រើនិមិត្តសញ្ញាខេត្តកំពង់ធំថ្មី
× ក្រសួងមហាផ្ទៃបានសម្រេចដាក់នូវនិមិត្តសញ្ញាថ្មីនៃខេត្តកំពង់ធំ តាមសំណើរបស់រដ្ឋបាលខេត្ត។ និមិត្តសញ្ញាថ្មីនេះ មានរាងមូល ហើយរូបប្រាសាទយាយព័ន្ធ រូបបដិមាតោ រូបដំរីជាន់ខ្លា កួរស្រូវ និងដើមឈើ។ នេះបើតាមលិខិតប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ មេសា។
សម្រាប់រូបនីមួយៗនៅក្នុងនិមិត្តសញ្ញាថ្មី សុទ្ធតែមានអត្ថន័យច្បាស់លាស់។ ត្រង់ចំណុចនេះក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រូបប្រាសាទយាយព័ន្ធ តំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ចំណែករូបបដិមាតោ តំណាងឲ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡា ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឲ្យអំណាច អានុភាពខ្លាំងក្លា។ សម្រាប់រូបដំរីជាន់ខ្លា តំណាងឲ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីទសវត្ស៦០។ រីឯកួរស្រូវ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម នៃភោគផលដំណាំស្រូវ។ ចំណែកឯដើមឈើ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយជីជាតិ អំណោយផលដល់ដំណាំកសិកម្ម។
និមិត្តសញ្ញាខេត្តកំពង់ធំនេះ បានបង្កើតដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់កន្លែងធ្វើការ, ប្រើប្រាស់លើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ, សម្រាប់ការប្រើប្រាស់របស់រដ្ឋបាលខេត្តកំពង់ធំ និងបែបផ្លូវការក្នុងករណីផ្សេងៗទៀត៕
Tag:
និមិត្តសញ្ញា
ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com