កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Hazard ស៊ុត​២​គ្រាប់​ជួយ Chelsea ឈ្នះ west Ham ឡើងឈរ​លេខ​៣
09, Apr 2019 , 10:13 am        
រូបភាព
​ពីរ​គ្រាប់​របស់​ខ្សែបម្រើ​ឆ្នើម Eden Hazard បាន​ជួយ Chelsea យកឈ្នះ West Ham ២-០ នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​៨ ខែមេសា​។ ជ័យជម្នះ​នេះ​បាន​រុញ​ក្រុម​តោ​ខៀវ​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​វិញ ខណៈ Spurs, Arsenal និង Manchester United ធ្លាក់​ទៅ​លេខ​រៀង​បន្តបន្ទាប់​។​


 
​នា​ជំនួប​ក្នុង​លី​គ​សប្តាហ៍​ទី​៣៣​នេះ ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​បាន​បញ្ចេញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​នៅលើ​ទីលាន​ក្នុង​ទឹកដី Stamford Bridge ជាមួយនឹង​ការសម្រេច​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​ម្នាក់ឯង​។​
 
​គ្រាប់​បាល់​ដំបូង​របស់ Hazard កើតឡើង​នៅ​នាទី​២៤ បន្ទាប់ពី​រូបគេ​អូស​បាល់​ញាក់​ខ្សែការពារ West Ham ដល់​ទៅ​៣​រូប រួច​ស៊ុត​បញ្ចូល​ទី​តែម្តង​ហើយ​លទ្ធផល ១-០ នៅ​រក្សា​រហូតដល់​នាទី​៩០​ឯណោះ​។​
 
​ជិត​បញ្ចប់​ការប្រកួត​ទៅហើយ Hazard ដែល​កំពុងមាន​ទំនាក់ទំនង​ទៅនឹង​ការផ្ទេរ​ទៅកាន់ Real Madrid បានសម្រេច​គ្រាប់​បាល់​ទី​២​របស់ខ្លួន​នៅ​នាទី​៩០ ដើម្បី​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Sarri យកឈ្នះ West Ham ២-០​។ ការទទួលបាន​៣​ពិន្ទុ​បន្ថែម​នេះ​ក៏បាន​ជួយ Chelsea ឡើងឈរ​លេខ​៣ មាន​៦៦​ពិន្ទុ​ពី​ការប្រកួត​៣៣​លើក នាំមុខ Spurs ទៅ​ខ្ទាត​ទៅ​លេខ​៤ ដែលមាន​៦៤​ពិន្ទុ​ប៉ុន្តែ​ទើប​ប្រកួត​បាន​៣២​លើក​ប៉ុណ្ណោះ ខណៈ Arsenal លេខ​៥ មាន​៦៣​ពិន្ទុ ក្នុង​៣២​ប្រកួត និង Man Utd មាន​៦១​ពិន្ទុ ក្នុង​៣២​ប្រកួត​។​
 
​ដ្បិត​មាន​ពិន្ទុ​ប្រដេញ​គ្នា​ក្រុម​ទាំង​៤​នេះ​ត្រូវយក​ប្រកួត​ដែល​នៅ​សេសសល់​ដើម្បី​ប្រជែង​គ្នា​ដណ្តើមយក​តំបន់ Top ដើម្បី​បាន​លេង Champions League រដូវ​កាល​ក្រោយ​។​
​ដោយឡែក Liverpool នៅ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៨២​ពិន្ទុ ក្នុង​៣៣​ប្រកួត​នាំមុខ Manchester City ២​ពិន្ទុ ដែល​ទើប​ប្រកួត​បាន​៣២​លើក​៕

Tag:
 បាល់ទាត់​
  Eden Hazard
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com