ជាតិ
សង្គមជាតិ
ក្រៅពីសុំឲ្យជួយផ្គត់ផ្គង់អគ្គិសនី កម្ពុជា បន្ថែមសុំឲ្យវៀតណាម ជួយទម្លាក់ទឹក ដើម្បីបង្កើនការផលិតអគ្គិសនី ទំនប់វារីអគ្គិសនីសេសានក្រោម២។ រូបពីក្រសួងរ៉ែនិងថាមពល
× កម្ពុជា ពឹងពាក់វៀតណាម ឲ្យជួយបង្កើនការទម្លាក់ទឹកនៅតាមបណ្តាវារីអគ្គិសនីទាំង១៤ នៅផ្នែកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២របស់កម្ពុជា មានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គិសនី។
សំណើនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង លោក Le Bien Cuong ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរ៉ែនិងថាមពល។ បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែ លោករដ្ឋមន្ត្រី បានក៏ឆ្លៀតស្នើម្តងទៀតដែរ ឲ្យវៀតណាម ជួយផ្គត់ផ្គង់អគ្គិសនី៥០មេហ្កាវ៉ាត់បន្ថែម មកកម្ពុជា។
សំណេរលើទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែ បានសរសេរថា «ជាការឆ្លើយតប លោកទីប្រឹក្សាពាណិជ្ជកម្ម បានស្វាគមន៍ ហើយនឹងធ្វើរបាយការណ៍ពីការស្នើសុំនេះ ទៅកាន់រដ្ឋាភិបាលវៀតណាម»។
ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើលិខិតជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីសុំឲ្យជួយផ្គត់ផ្គង់អគ្គិសនីចន្លោះពី៥០ទៅ១០០មេហ្កាវ៉ាត់បន្ថែមទៀត ខណៈបច្ចប្បន្ន អគ្គិសនីពីវៀតណាម ដែលផ្គត់ផ្គង់មកកម្ពុជា មានប្រមាណ២០០មេហ្កាវ៉ាត់។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានផ្ញើលិខិតជូនរដ្ឋាភិបាលថៃ សុំឲ្យជួយផ្គត់ផ្គង់អគ្គិសនី៨០មេហ្កាវ៉ាត់បន្ថែមផងដែរ និងបានផ្ញើ់លិខិតជូនរដ្ឋាភិបាលឡាវ សុំឲ្យជួយផ្គត់ផ្គង់១០មេហ្កាវ៉ាត់បន្ថែម។
លោក វ៉ិចទ័រ ហ្សូនា ធ្លាប់លើកឡើងថា ការស្នើសុំឲ្យជួយផ្គត់ផ្គង់អគ្គិសនីនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមែនសុំឲ្យប្រទេសទាំងនេះ ជួយផ្គត់ផ្គង់ដោយមិនគិតប្រាក់នោះទេ។
រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ប្រកាសជួលនាវាផ្ទុកអគ្គិសនី២០០មេហ្កាវ៉ាត់ពីតួកគីផងដែរ តែក្រោយមក ក៏លុបចោលវិញ ដោយសារតែតម្លៃថ្លៃពេក។
បច្ចុប្បន្ន កម្ពុជា ខ្វះខាតអគ្គិសនីប្រមាណ៤០០មេហ្កាវ៉ាត់។ មូលហេតុ គឺដោយសារតែគ្រោះរាំងស្ងួង ដែលធ្វើឲ្យខ្វះខាតទឹក នៅតាមបណ្តាវារីអគ្គិសនី។ លើសពីនេះ ការកើនឡើងយ៉ាងគំហុកនូវវិស័យសំណង ក៏ជាមូលហេតុ ធ្វើឲ្យខ្វះខាតអគ្គិសនីដែរ៕
Tag:
អគ្គិសនី
កម្ពុជា-វៀតណាម
ស៊ុយ សែម
© រក្សាសិទ្ធិដោយ thmeythmey.com