កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន ព្រមាន​ចាត់ការ​មន្ត្រី​ខិលខូច ក្រោយ​មាន​បញ្ជា​ពីស​ម្តេច ហ៊ុន សែន​
09, Apr 2019 , 11:47 am        
រូបភាព
លោក តែម ម៉ឺន ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីអាកណ្តាលចៅក្រម(រូបក្នុងរង្វង់)កន្លងមក, រូបភាពពី NOCC
លោក តែម ម៉ឺន ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីអាកណ្តាលចៅក្រម(រូបក្នុងរង្វង់)កន្លងមក, រូបភាពពី NOCC
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមាន​ចាត់ការ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ខិលខូច បើ​រកឃើញថា នៅ​បន្ត​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ក្នុងការ​កាត់ក្តី​ជូន​កីឡាករ​។ ការប្រកាស​របស់លោក តែម ម៉ឺន ធ្វើឡើង​ក្រោយ​សម្ដេច ហ៊ុន សែន រិះគន់​ពី​ភាពអវិជ្ជមាន​របស់​ម​ន្ត្រី​កាត់សេចក្តី​ទាំងនេះ​។​

 
​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចេញមុខ​ដោះស្រាយ​ជូន​កីឡាករ​ដោយផ្ទាល់ និង​រិះគន់​លើ​ភាពកម្សោយ​របស់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ក្នុងការ​កាត់ក្តី​នោះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ជជែក​ពិភាក្សា​លើ​បញ្ហា​នេះ​។ កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម និង​សមាជិក​របស់​សហព័ន្ធ​នេះ គឺ​រៀបចំ​ដើម្បី​ពង្រឹង និង​កែទម្រង់​លើ​ប្រព័ន្ធ​កាត់ក្តី​ឲ្យ​កាន់​តែមាន​តម្លាភាព និង​យុត្តិធម៌​។​
 
 
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ ព្រមាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ព្យាបាល​វះកាត់ ដើម្បី​ចាត់ការ​លើ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ខិលខូច ឬ​ហៅថា​សាច់​ស្អុយ ក្នុងករណី​រកឃើញថា មន្ត្រី​ខិលខូច​ទាំងនោះ​បន្តធ្វើ​រឿង​មិន​គប្បី​ពាក់ព័ន្ធ​ការកាត់ក្តី​។ ប្រធាន​សហព័ន្ធ​រូបនេះ​ទទួលស្គាល់ថា ការអនុវត្ត​លើ​ការកាត់ក្តី​របស់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​មួយចំនួន​កន្លងមក ពិតជា​នៅមាន​ភាពខ្វះ​ចន្លោះ​ពិតប្រាកដ​មែន​។ 


សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ, រូបភាពពី NOCC
 
​លោក តែម ម៉ឺន ដែល​ប្តេជ្ញា​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ពង្រឹង​លើ​បច្ចេកទេស ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ក្នុងការ​កាត់ក្តី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការប្រជុំ​លើក​នេះ គឺជា​ការដាក់​បទបញ្ជា​ឲ្យ​អនុវត្ត​ឲ្យ​បានល្អ​តែម្តង ដោយ​សហព័ន្ធ ត្រូវអនុវត្ត​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ហើយ​បញ្ហា​សាច់​ស្អុយ គឺ​ត្រូវតែ​ព្យាបាល​ដោយ​ខ្លួនឯង បើ​មិន​ដូច្នេះ​ទេ នឹង​កាត់ចោល​តែម្តង​»​។​
 
​នា​ពិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​ជាង​៤​ពាន់​នាក់​កាលពី​ថ្ងៃទី​៤ ខែមេសា នៅ​កោះ​ពេជ្រ សម្តេច ហ៊ុន សែន ព្រមាន​ចេញមុខ​ដោះស្រាយ​ដោយផ្ទាល់​ជូន​កីឡាករ ដែល​រង​អំពើ​អយុត្តិធម៌​លើ​ការកាត់ក្តី បើ​រកឃើញថា អាជ្ញាកណ្តាល​ចៅក្រម​បន្ត​កាត់​ដោយ​គ្មាន​យុត្តិធម៌​។​បើតាម​សម្ដេច ហ៊ុន សែន ការកាត់ក្តី​គ្មាន​យុត្តិធម៌​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត និង​ប៉ះពាល់​ដល់​កិត្តិយស​សហព័ន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​ទៀតផង​។ 


 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្តេច បញ្ជា​ឲ្យ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ ត្រូវ​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​អាជ្ញា​ចៅក្រម ពី​បច្ចេកទេស ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ក្នុងការ​កាត់ក្តី​។ 
 
«​សូម​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​(​លោក តែម ម៉ឺន​)​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ការបណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ក្រមសីលធម៌​នៃ​អាជ្ញាកណ្តាល បើសិនជា​មិន​ព្រម​កែប្រែ​ទេ ខ្ញុំ​នឹង​ចេញមុខ​រក​ដំណោះស្រាយ​ជូន​កីឡាករ​របស់​យើង ព្រោះ​ពួកគេ​រង​នូវ​អំពើ​អយុត្តិធម៌ ដែល​ខ្ញុំ​មិន​និយាយ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕ 
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com