ជាតិ
​​​ន​យោ​បាយ​ជាតិ​
UN ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា ទាំង​ក្របខណ្ឌ​អាស៊ាន និង​ទ្វេភាគី
09, Apr 2019 , 12:53 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ លោកស្រី អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana) លេខា​ប្រតិបត្តិ UN-ESCAP បាន​ថ្លែង​បែបនេះ ទៅកាន់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​រូបនេះ មក​រៀបរាប់ថា ស្ថាប័ន​មួយ​នេះ បានទទួល​ស្គា​ល់ពី​វឌ្ឍនភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​បច្ចុប្បន្ននេះ​។ ជាពិសេស​តួនាទី​របស់​កម្ពុជា ក្នុងការ​ចូលរួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង UN-ESCAP , កម្ពុជា​-​អាស៊ាន និង UN-ESCAP ។​
 
​ដោយ​មើលឃើញ​ពី​ការចូលរួម​របស់​កម្ពុ​ជា​បែបនេះ លោកស្រី អា​មី​ដា សាល់​សៃ បាន​អះអាងថា ស្ថាប័ន​UN-ESCAP ពេញចិត្ត​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​ទ្វេភាគី ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ជំរុញ គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។​
 
​ឆ្លើយតប​ការលើកឡើង​របស់​លេខា​ប្រតិបត្តិ UN-ESCAP នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កម្ពុជា​បាន​យកចិត្តទុកដាក់​បំផុត ជាមួយនឹង​អង្គការសហប្រជាជាតិ ដោយ​មិន​ត្រឹមតែ​ជំរុញ​ការអភិវឌ្ឍ និង​កំណត់​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នោះទេ តែ​កម្ពុជា​ក៏បាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ផងដែរ​។​
 
«​ជាការ​ពិតណាស់ មិនមាន​ប្រទេស​ច្រើន​ទេ ដែល​បង្កើត​គណៈកម្មកា​រ​ជាតិ សម្រាប់ធ្វើ​ការសម្របសម្រួល​ជាមួយនឹង UN-ESCAP ។​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ កម្ពុជា​បាន​សហការ​យ៉ាង​ល្អជា​ទីបំផុត​ជាមួយនឹង​ភ្នាក់ងារ UN ទាំងអស់ នៅ​កម្ពុជា​។ ជាអាទិ៍​ជា​រៀងរាល់ឆ្នាំ តែងតែមាន​កិច្ចប្រជុំ​រវាង​ភ្នាក់ងារ UN ទាំងអស់ ជាមួយនឹង​នាយករដ្ឋមន្ត្រី ទោះបី​ពេលនេះ មិនមែនជា​កិច្ចប្រជុំ​នោះទេ តែ​ត្រូវបាន​លើកកម្ពស់ ដូចជា​វេទិកា​តែម្ដង​»​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក តាំងពី​ឆ្នាំ​២០០៨ ដោយបាន​សម្របសម្រួល និង​ជំរុញ​ការងារ​យ៉ាង​ជិតស្និត រវាង​អង្គការ UN-ESCAP និង​រដ្ឋាភិបាល​កម្ពុជា​៕
 
 
 

Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com