កីឡាអន្តរជាតិ
អន្តរជាតិ
មុនប៉ះ Porto គ្រូ Liverpool សរសើរកូនក្រុមថាកំពុងពេញកំលាំង ដើម្បីដណ្តើមពានធំពីរដូវកាលនេះ
× លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool និយាយថាកីឡាកររបស់លោកកំពុងពោពេញដោយកំលាំង និងរីករាយក្នុងការឈ្នះគ្រប់ការប្រកួតដែលនៅសល់ដើម្បីប្រជែងយកពាន Premier League និង UEFA Champions League រដូវកាលនេះ។
Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវ FC Porto ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League នៅរាត្រីថ្ងៃទី៩ ខែមេសានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
មុនជំនួបនេះ អ្នកចាត់ការទូទៅហង្សក្រហមលោក Klopp បានអួតពីសមាសភាពកីឡាកររបស់លោកថាកំពុងពេញទៅដោយថាមពល និងដាក់គោលដៅដណ្តើមពានកំពូលអឺរ៉ុប ព្រមទាំងពានក្នុងស្រុកសម្រាប់រដូវកាលនេះឲ្យបាន។
«យើងមានអារម្មណ៍ល្អនៅពេលនេះ។ យើងមានអារម្មណ៍ថាកីឡាករម្នាក់ៗរបស់យើងអស្ចារ្យណាស់ គឺពោពេញទៅដោយកំលាំងតែម្តង។ យើងចង់បានកំណត់ត្រានៅលើទំព័រសៀវភៅរដូវកាលនេះ»។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ថែមដូច្នេះ។
កាលពីរដូវកាលមុន Liverpool ធ្លាប់ទម្លាក់ Porto នៅត្រឹមវគ្គ១៦ក្រុម ចុងក្រោយដោយលទ្ធផលទាំងពីរជើង ៥-០ មុនពេលចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រជែងពានក្នុងក្របខណ្ឌ Premier League វិញ ក្រុមហង្សក្រហមកំពុងឈរកំពូលតារាងមាន៨២ពិន្ទុ ក្នុងការប្រកួត៣៣លើក នាំមុខគូប្រជែង Manchester City ចំនួន២ពិន្ទុ ប៉ុន្តែ Man City ទើបប្រកួតបាន៣២លើកប៉ុណ្ណោះ។
ដោយឡែកជំនួបមួយគូទៀតក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនេះ ក្រុមរបស់លោក Pep Guardiola ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានថ្មីរបស់ Tottenham Hotspur សម្រាប់ជំនួបជើងទី១ នៅវេលាម៉ោងតំណាលគ្នានេះដែរ៕
Tag:
បាល់ទាត់
UEFA Champions League
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com