ជាតិ
សង្គមជាតិ
ថ្នាំ​បង្កើន​ផ្លូវភេទ​ជិត​២​ម៉ឺន​គ្រាប់ ដែល​ភាគច្រើន​នាំចូល​ពី​ចិន ត្រូវបាន​សមត្ថកិច្ច​រឹប​អូស​
09, Apr 2019 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ ថ្នាំសម្រើប ឬ​ថ្នាំ​បង្កើន​ផ្លូវភេទ​ខុសច្បាប់​(​បុរាណ​-​សម័យ​)​គ្រប់​ប្រភេទ ប្រមាណ​១៨,១៦០​គ្រាប់ ត្រូវបាន​សមត្ថកិច្ច​រឹប​អូស​បាន​ពី​ហាង​លក់​ថ្នាំ​៣​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។  ក្រៅពី​ថ្នាំសម្រើប​ទាំងនេះ សមត្ថកិច្ច​ក៏បាន​រឹស​អូស​ថ្នាំ​ហួស​កាលបរិច្ឆេទ និង​ថ្នាំ​ចិន​មិន​ចុះបញ្ជី​ការ​ជាច្រើន​ទៀតផង ។

 
​លោក មៀ​ច សុផាន់​ណា  ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​និយាយថា ករណី​ថ្នាំ​បង្កើន​ផ្លូវភេទ​ទាំងនេះ គឺជា​រឿង​ថ្មី និង​លើកដំបូង ដូច្នេះ​អង្គភាព​លោក​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ឱសថ​ទាំងនេះ ដើម្បី​ចង់​ថា​វា​ជា​ថ្នាំ​ផលិតផល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់ ក្នុង​រយៈពេល​ណាមួយ​សិន មុននឹង​ឈានដល់​ការកំណត់​សណ្ឋាន​ទំហំ​ទោស​ឱ្យបាន​ត្រឹមត្រូវ​។ បើតាម​លោក សុផាន់​ណា ថ្នាំ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ទាំងនេះ ភាគច្រើន​នាំចូល​ពី​ប្រទេស​ចិន តាម​យន្តហោះ​និង​ច្រកព្រំដែន​នានា​។  


លោក មៀច សុផាន់ណា  ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ  ក្នុងសន្នសីទសារព័ត៌មាន ស្តីពី ការរឹសអូសឱសថជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាល ខុសច្បាប់នៅថ្ងៃទី៩មេសា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ
 
​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ទី​៩​មេសា​នៅ​ក្រសួងមហាផ្ទៃ លោក មៀ​ច សុផាន់​ណា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​ច្បាប់​របស់​យើង​បាន​ចែក​រួចហើយ ការជួញដូរ​ថ្នាំ​ដែល​ប្រើប្រាស់​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​មនុស្ស ក្នុងការ​បង្កើន​ភាព​ស្រើបស្រាល​លើផ្លូវ​ភេទ និង​ថ្នាំសម្រើប គឺមាន​ទោស​ពី​៥​ទៅ​១០​ឆ្នាំ និង​ត្រូវ​ពិន័យ​៥០​លាន​រៀល​»​។ 


 
​បើតាម​លោក មៀ​ច សុផាន់​ណា ថ្នាំ​នេះ​មាន​ឥទ្ធិពល​ដូច​ថ្នាំញៀន​ដែរ គឺ​វា​ធ្វើឱ្យ​អ្នកប្រើប្រាស់​ខូច ឬ​បាត់បង់​ស្មារតី និង​បំផ្លាញ​សង្គម​។ 
 
​ក្រៅពី​ប្រទេស​ចិន ថ្នាំសម្រើប​ផ្លូវភេទ​ទាំងនេះ ក៏បាន​នាំចូល​ពី​តៃវ៉ាន់ ហុងកុង និង​អាមេរិក​ជាដើម​។ ថ្នាំ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​រឹប​អូស កាលពី​ថ្ងៃទី​២៧​មីនា ឆ្នាំ​២០១៩​។ សមត្ថកិច្ច​នឹង​ដុត​បំផ្លាញចោល បន្ទាប់ពី​តុលាការ​ចេញ​ដីកា​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​៕





Tag:
 ថ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com