ជាតិ
សង្គមជាតិ
ឧកញ៉ា គិត ធាង និង នាង យិន ម៉ាណា ស្ទះដង្ហើមដូចគ្នា ហើយបានទៅសម្រាកនៅពេទ្យរុស្ស៊ីទាំងពីរ
× ឧកញ៉ា គិត ធាង ម្ចាស់ក្លិបរ៉ក់ (Rock) ដែលត្រូវបានបិទចោល ដោយសារលួចនាំចូលគ្រឿងញៀន ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យចេញពីពន្ធនាគារភ្នំពេញ (PJ) ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។ នាង យិន ឃុនម៉ី ហៅ យិន ម៉ាណា ដែលបានបើករថយន្តបុកកញ្ញា ឌុំ រីដា និស្សិតឆ្នាំទី៤ ឲ្យស្លាប់ ក៏សុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះដែរ ដោយមានហេតុផលដូចឧកញ៉ា គិត ធាង ថាមានជំងឺ។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ថា ឧកញ៉ា គិត ធាង មានជំងឺសួត និង ស្ទះផ្លូវដង្ហែម។ លោក បន្តថា នាង យិន ម៉ាណា ក៏មានបញ្ហាផ្លូវដង្ហើមដែរ ហើយនាង ថែមទាំងរាករូសនិងមើលទៅល្ហិតល្ហៃទៀតផង។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការអនុញ្ញាតឲ្យអ្នកទាំងពីរ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺដោយសារតែពួកគេមានជំងឺ មិនមែនដោសារតែពួកគេ ជាអ្នកមាន ហើយបានចេញពីពន្ធនាគារតាមចិត្ត ដូចការចោទប្រកាន់របស់មនុស្សមួយចំនួនឡើយ។ លោក បកស្រាយថា «អ្នកមាន អ្នកក្រ ឈឺដូចតែគ្នាហ្នឹង។ ឲ្យពួកខ្ញុំធ្វើម៉េច បើគេឈឺ មានតែយកទៅសង្គ្រោះ។ ចង់ទុកគេឲ្យស្លាប់ឬក៏យ៉ាងម៉េច? អ្នកថាចេះតែថា ឯអ្នកធ្វើចាំតែខុស។ ប្រាប់ទៅអ្នករិះគន់និងអ្នកសើចចំអកហ្នឹងឲ្យទៅសួរពេទ្យខ្លួនឯងទៅ គឺដឹងហើយថា ពួកគេឈឺឬមិនឈឺ»។
ឧកញ៉ា គិត ធាង ត្រូវបានចោទពី «បទចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត»។ សមត្ថកិច្ច បានទៅឃាត់ខ្លួនលោកដល់ភូមិគ្រឹះតែម្តង កាលពីថ្ងៃទី១១ ខែមីនា ហើយក៏បញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅពន្ធនាគារភ្នំពេញ។
រីឯ នាង យិន ម៉ាណា ត្រូវបានចោទពី «បទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលឲ្យស្លាប់អ្នកដទៃ»។ សមត្ថកិច្ច យកនាងទៅឃុំនៅពន្ធនាគារភ្នំពេញ កាលពីថ្ងៃទី២៩ខែមីនា។ គ្រួសាររបស់នាង បានបង់ប្រាក់៧ម៉ឺនដុល្លារជូនគ្រួសាររបស់កញ្ញា ឌុំ រីដា៕
© រក្សាសិទ្ធិដោយ thmeythmey.com