ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​៖​ភ្នំ​គូលែន​នឹង​ក្លាយទៅជា​តំបន់​«​ទេសចរណ៍​ផ្សងព្រេង​»​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​
09, Apr 2019 , 4:48 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្តី្រក្រសួងទេសចរណ៍ (ប្រភពរូបភាពបានពីទំព័រហ្វេសប៊ុកក្រសួង)
លោក ថោង ខុន រដ្ឋមន្តី្រក្រសួងទេសចរណ៍ (ប្រភពរូបភាពបានពីទំព័រហ្វេសប៊ុកក្រសួង)
​ភ្នំពេញ​៖ ភ្នំ​គូលែន​ក្នុង​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ដែលមាន​សក្ដានុពល​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​សម្រាប់​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​។ ក្រសួងទេសចរណ៍​នឹង​អភិវឌ្ឍ​-​រៀបចំ​តំបន់​នេះ​បន្ថែម​ឱ្យមាន​លក្ខណៈ​ស្តង់ដារ និង​ប្រែក្លាយ​ឱ្យទៅជា​តំបន់ «​ទេសចរណ៍​ផ្សងព្រេង​» ដ៏​ទាក់ទាញ​ថ្មី​មួយ ដើម្បី​បំពេញតម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ តំបន់​ទេសចរណ៍​ភ្នំ​គូលែន គឺ​សម្បូរ​ទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន​។ ក្រៅពីនេះ នៅមាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅលើ​ភ្នំ​រឹតតែ​ស្រស់ត្រកាល ហើយ​ថែមទាំង​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និង​ទីប្រជុំជន​សៀមរាប​ទៀតផង​។ គុណសម្បត្តិ​ទាំងនោះ​ហើយ បានជា​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានបំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ឱ្យទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យមាន​ប្រភេទ​ទេសចរណ៍​បែប​ផ្សងព្រេង ដូច​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង ភ្នំ​បូកគោ​ជាដើម​។​
 
​គណៈកម្មការ​អន្តរក្រសួង​ទេសចរណ៍​បាន​ឯកភាពគ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍ ធំៗ សម្រាប់​ឆ្នាំ​២០២០-២០៤០ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍ​រយៈពេល​៥​ឆ្នាំ​(២០១៨-២០២៣) ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប ដូចជា​៖ ការជួសជុល​ផ្លូវ​ក្នុង​ខេត្ត ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ សណ្តាប់ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង​ជាដើម​។ រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ បាន​បន្ត​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​ទេសចរណ៍ (Tourism Leakage) ដែល​កើតចេញពី​ការ​នាំចូល​បន្លែ ផ្លែឈើ និង​សាច់​ពី​បរទេស ដោយ​ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញ​ក្រុង​សៀមរាប និង​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ​៕ 
 

Tag:
 ទេសចរណ៍​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com