ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទស្សនកិច្ច​សិក្សា​ថ្នាក់​អន្តរជាតិ ជួយ​យុវជន​ខ្មែរ​៣​រូប បង្កើត​ស្នាដៃ​សិល្បៈ​បង្ហាញ​ពី​អត្តសញ្ញាណ​
09, Apr 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ចូលរួម​កម្មវិធី និ​វេស​ដ្ឋា​ន​និង​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ស្ទូ​ឌី​យោ​វើ​ល​ម៉ុ​ន នឹង​នៅ​ទីក្រុង​ញូយ៉ក រយៈពេល​៤​សប្ដាហ៍ កាលពី​ឆ្នាំ​២០១៨ បេក្ខភាព​៣​រូប​បាន​ចែករំលែក​បទ​សោធ​របស់ខ្លួន ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​ឆ្នាំ​២០១៩​នេះ​។ កាន់តែ​យល់ច្បាស់​ពី​វិសាលភាព​សិល្បៈ ក្នុងការ​បង្ហាញ​តថភាព​សង្គម​ទៅកាន់​មនុស្ស​ទូទៅ បេក្ខជន​ទាំងនោះ​បាន​ប្ដេជ្ញាចិត្ត នឹង​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន បង្ហាញ​ពី​អត្តសញ្ញាណ​តាមរបៀប​សិល្បៈ​ផ្សេងគ្នា​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​បន្ទប់​ហាត់​សម​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត បេក្ខជន​៣​រូប​ដែលមាន​នារី​តែ​ម្នាក់ បាន​ចែករំលែក​បទពិសោធ​ស្ដីពី​កម្មវិធី​ទស្សនកិច្ច​សិក្សា​សិល្បៈ​នៅ​សហរដ្ឋអាមេរិក ប្រាប់​អ្នក​ចូល​ដែល​មិនបាន​ទៅដល់​ដូច​ខ្លួន​។​
 
​កញ្ញា តាន់ វ​ត្តី ដែលជា​អ្នករស់នៅ​ភ្នំពេញ បាន​និយាយថា នេះ​អាចជា​លើក​ទី​៥​សម្រាប់​នាង ដែល​បានចេញ​ក្រៅប្រទេស​លក្ខណៈ​ទស្សនកិច្ច​សិក្សា​។ នារី​វ័យ​២៦​ឆ្នាំ​រូបនេះ ទទួលបាន ចំណេះដឹង​ថ្មី​ច្រើន ពី​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ រៀន​ផ្នែក​រចនា ដែល​ទាមទារ​គំនិត​ច្នៃប្រឌិត​ខ្ពស់ វ​ត្តី ថា​ខ្លួន​បានឃើញ​ភាពខុសប្លែក​គ្នា​រវាង​ប្រទេស​កម្ពុជា និង​បរទេស ទៅលើ​បច្ចេកទេស​ជំនួយ​ដល់​ការងារ​សិល្បៈ  ៖«​ពេលទៅដល់​ហ្នឹង​(​វើ​ល​ម៉ុ​ន​)​គេ​មាន​ឡ​ឱ្យ​ដុត​ជា​ម៉ា​ស៊ី​ស្វ័យប្រវត្តិ​។ នៅ​សាលា​រចនា មាន​ឡ​ដុត​ដោយ​ដៃ​។ ខ្ញុំ​បានធ្វើ​ការងារ​សេ​រ៉ា​មិច​លើកទីមួយ​នៅ​ទីនោះ ដោយសារ​មាន​ឧបករណ៍​។ ខ្ញុំ​បាន​រៀន​បច្ចេកទេស​នោះ​ពី​សិល្បករ​អាមេរិក​ម្នាក់ និង​ជនជាតិ​សាំង​ហ្គា​ពួ​ម្នាក់ ដែល​គាត់​ធ្លាប់​ធ្វើការ​ខាង​ហ្នឹង​»​។   


 
​កញ្ញា​បញ្ជាក់ថា​ការ​ទៅ​ទស្សនកិច្ច​សិក្សា​សិល្បៈ​ថ្នាក់​អន្តរជាតិ ធ្វើឱ្យ​ខ្លួន​ទទួលបាន​បទពិសោធ​ពី​សិល្បករ​ច្រើន​រូប​ក្នុងពេល​តែមួយ​៖«​ខ្ញុំ​បាន​ចង​សម្ពន្ធភាព​ជាមួយ​សិល្បករ​បរទេស និង​អ្នកនិពន្ធ​ជាច្រើន​ប្រហែល​៥០​នាក់​ក្នុងពេល​តែមួយ​។ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​បទពិសោធ​ជាមួយ​ពួកគាត់​ច្រើន​»​។ 
 
​កញ្ញា​បន្ថែម​ពី​គម្រោង​បង្កើត​ស្នាដៃ​របស់ខ្លួន​ដូច្នេះ ៖«​ខ្ញុំ​បានឃើញ​ការផលិត​ស្នាដៃ​សិល្បៈ​ផ្សេងៗ​។ បើ​រៀន​ឱ្យ​ជា​ចំណេះ​មិន​ទេ តែ​ខ្ញុំ​បានឃើញ​ពី​វិធី​ធ្វើ​ប្លែកៗ​គ្នា​ក្នុង​ស្នាដៃ​សិល្បៈ​។ គម្រោង​ខ្ញុំ​ជាក់លាក់​គឺ​នៅតែ​បន្ត​រហូត ក្នុងការ​ចែករម្លែក​ប​ទ​ពិសោធ​របស់ខ្ញុំ​ដែល​មាននៅ​ទីនោះ​។ ចំណែក​ការងារ​ស្នាដៃ ខ្ញុំ​មិនអាច​បង្ខំ​បានទេ ប្រហែលជា​ឆ្នាំក្រោយៗ ខ្ញុំ​អាច​យក​បទពិសោធ​ដែល​ខ្ញុំ​មាននៅ​ទីនោះ​មក​បន្ត​នៅទីនេះ​»​។ 
 
​ជា​បេក្ខភាព​មួយរូប​ទៀត ដែល​បាន​ជាប់​អាហារូបករណ៍​ទស្សនកិច្ច​សិក្សា​នេះដែរ គឺ​លោក តោ វុត្ថា​។ ជា​សិល្បករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​បេក្ខជន​២​រូប​ផ្សេងទៀត លោក វុត្ថា សង្កេតឃើញថា ទីតាំង​ដែល​លោក​បាន​ទៅដល់​ជា​កន្លែង​ដែល​គេ​ឱ្យ​តម្លៃ​ខ្លាំង​ទៅលើ​សិល្បៈ ៖«​កន្លែង​នីមួយៗ​មានគុណ​តម្លៃ​ផ្សេងៗ​គ្នា​។ សម្រាប់​ខ្ញុំ​បាន​សិក្សា​ពី​របៀប​រស់នៅ ការ ទទួល​និង​ឱ្យ​តម្លៃ​សិល្បករ ដែល​ធ្វើឱ្យ​សកម្មភាព​សិល្បៈ​រីកចម្រើន​សុះសាយ​។ គេ​ឱ្យ​អានុភាព​នៃ​សិល្បៈ​ខ្លាំង​មែនទែន​»​។ 


 
​ក្រោយ​បានឃើញ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើឱ្យ​លោក វុត្ថា កើត​គំនិត​មួយ ៖«​ចំពោះ​ស្នាដៃ​របស់ខ្ញុំ គឺ​ចោទសួរ​ទៅលើ​ជនភាសខ្លួន ដែល​ពួកគេ​ត្រូវបញ្ជូន​ពី​អាមេរិក មក​ស្រុក​ខ្មែរ​។ ខ្ញុំ​បង្ហាញ​ពី​ការរស់នៅ និង​ពី​គំនិត​របស់​ពួកគាត់​។ ជនជាតិខ្មែរ​ដែល​គេ​បញ្ជូន​ពី​អាមេរិក​មក​ទីនេះ ខ្ញុំ​គិតថា​នៅតែមាន​ការរើសអើង​ពី​ប្រជាជន​ខ្មែរ​សម្រាប់​ពួកគាត់​។ ដូច្នេះ​នេះ​ជា​សំណួរ​មួយ​ដែលនាំឱ្យ​ខ្ញុំ​ចង់​ធ្វើ​កិច្ចការ​នេះ​។ ខ្ញុំ​មិនអាច​និយាយថា​ខ្ញុំ​ទៅ​គូរ​គាត់ ឬ​ទៅ​ថត​គាត់​។ វា​ជា​ការងារ​សិល្បៈ អាច​តាមរយៈ​រូបថត វីដេអូ តាមរយៈ​ការធ្វើ​រូប ឬ​ការ​ឆ្លាក់​រូប​ផ្សេងៗ​»​។​
 
​ចំណែក​លោក ហង់ សុខា​រ៉ូ យល់ឃើញថា​ការ​បាន​ទៅ​ឃើញ​តំបន់​មួយ​ផ្សេង​ក្រៅពី​កន្លែង​ដែល​ខ្លួន​រស់នៅ ទោះ​ក្នុងប្រទេស​ឬ​ក្រៅប្រទេស​ក្ដី គឺ​ធ្វើឱ្យ​គំនិត​គិត​បាន​វែងឆ្ងាយ​។ សុខា​រ៉ូ បន្ថែម ៖«​ខ្ញុំ​រៀន​ពី​ជីវិត​រស់នៅ​ស្រុក​គេ​មាន​អ្វី​ប្លែក​ពី​យើង​។ វា​ជួយ​ខ្ញុំ​ឱ្យមើល​អ្វី​បាន​វែងឆ្ងាយ​ជាង​មុន​។ ពេល​ទៅ​ទីនោះ​៤​សប្ដាហ៍ ខ្ញុំ​សរសេរ​រឿង​ហើយ​រឿង​នោះ​វា​វិវឌ្ឍន៍​ខ្លាំង​មែនទែន​។ វា​ខុសពី​គំនិត​គោល​ដែល​ខ្ញុំ​យក​ពី​ស្រុក​ខ្មែរ​ទៅ គឺ​វា​ល្អ​ជាង​មុន​»​។ 


 
​បុរស​មកពី​ខេត្តកណ្ដាល ដែលជា​អ្នកនិពន្ធ​រឿង​ខ្លី​រូបនេះ កំពុងតែ​ស្រាវជ្រាវ​ពិធី​មួយចំនួន​ទាក់ទង​នឹង​អត្តសញ្ញាណ​ខ្មែរ ដែល​លោក​ថា នេះ​ជា​សមិទ្ធផល​ក្រោយ​ទស្សនកិច្ច​សិក្សា នៅ​មជ្ឈមណ្ឌល​វើ​ល​ម៉ុ​ន ៖«​ឥឡូវនេះ​ខ្ញុំ​កំពុងតែធ្វើការ​លើ​ការស្រាវជ្រាវ​មួយ ទាក់ទង​នឹង​អត្ថបទ​សរសេរ​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​ចុះទៅ​ខេត្ត​ដើម្បី​ចងក្រង​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​ពិធី​ហៅ​ព្រលឹង និង​ពិធី​កោ​ជុក​របស់​ខ្មែរ​យើង​។ ក្នុង​អត្ថបទ​រឿង​របស់ខ្ញុំ​ទាក់ទង​នឹង​រឿង​ហ្នឹង ដែល​ខ្ញុំ​ហៅថា ខ្យល់​ទន្លេ​»​។​
 
​ក្នុង​វ័យ​២៦​ឆ្នាំ បុរស​សម្បុរ​ស្រអែម​រូបនេះ ចែករំលែក​ដល់​អ្នក​ដែលមាន​បំណង​ចង់បាន​អាហារូបករណ៍​ទស្សនកិច្ច​សិក្សា យ៉ាង​ដូច្នេះ ៖«​សំខាន់​ថា​តើ​យើង​ពូកែ​រក​ព័ត៌មាន​ប៉ុណ្ណា ព្រោះ​អាហារូបករណ៍​គេ​មាន​ច្រើនណាស់​។ ខ្ញុំ​មើល​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​សួរ​អ្នក​ដែល​ធ្លាប់​ទៅ  ខ្ញុំ​ប្រមូល​ព័ត៌មាន​ច្រើន​។ ទីមួយ​គាត់​ត្រូវតែ​ស្មោះត្រង់​ខ្លួនឯង ថា​គាត់​ចង់​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​។ បើ​ដាក់​ចូលក្នុង​កម្មវិធី​ណា ត្រូវ​សិក្សា​ពី​កម្មវិធី​នោះ​ឱ្យ​ច្បាស់ គេ​ចង់បាន​អ្វី ហើយ​យើង​ត្រូវធ្វើ​តាម​នោះ​។ បើ​យើង​ស្គាល់​កម្មវិធី​នោះ​កាន់តែច្បាស់ ឱកាស​ជាប់​ក៏​កាន់តែច្រើន​»​។  
 
​កញ្ញា យ៉ុ​ន សុខន ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ពន្យល់​ពី​គោលដៅ​កម្មវិធី​ទស្សនៈកិច្ច​សិក្សា​ស្ដីពី​សិល្បៈ ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សហ​ការណ៍​ជាមួយ មជ្ឈមណ្ឌល​ស្ទូ​ឌី​យោ​វើ​ល​ម៉ុ​ន យ៉ាង​ដូច្នេះ ៖«​កម្មវិធី​នេះ​មាន​គោលដៅ​ពីរ​ដែល​សំខាន់​។ ទីមួយ​ផ្ដោតលើ​ជំនាញ​សិល្បៈ​គាត់ គឺ​យើង​ផ្ដល់ឱកាស​ដល់​សិល្បករ​ឱ្យ​បង្កើត​គម្រោង​ស្នាដៃ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ និង​តាំង​ក្នុង​វិចិត្រសាល​លំដាប់​ពិភពលោក​តែម្ដង​។ ទី​២​សម្រាប់​ចំណេះដឹង​និង​បណ្ដាញ គាត់​មានឱកាស​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សហគមន៍​សិល្បៈ​នៅ​ទីក្រុង​ញូយ៉ក គាត់​មានឱកាស​ពង្រីក​បណ្ដាញ​និង​ចំណេះដឹង​ជាមួយ​សិល្បករ​ផ្សេងទៀត​។ ហើយ​មួយទៀត​គាត់​អាច​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​នៃ​បទពិសោធ​ការងារ​ដែល​គាត់​ទទួលបាន នៅពេល​គាត់​ត្រឡប់មក​កម្ពុជា​វិញ​»​។  


 
​អាហា​រូប​ការណ៍​នេះ​បើក​ក្នុង​រយៈពេល​២​ឆ្នាំ​ម្ដង​។ អ្នកនាង​បញ្ជាក់​ពី​ឱកាស​ក្នុងការ​ទទួលបាន​អាហារូបករណ៍​នេះ​ថា ៖«​អាហារូបករណ៍​នេះ​បើក​រាល់​ពីរ​ឆ្នាំ​ម្ដង​។ យើង​បើក​ក្នុង​ឆ្នាំ​២០១៨ ដូច្នេះ​ឆ្នាំ​២០២០​ទើប​យើង​បើក​ទៀត​។ អ្នក​ដែល​អាចដាក់​ពាក្យស្នើសុំ​សម្រាប់​អាហារូបករណ៍​នេះ​បាន គាត់​ត្រូវ​បញ្ជាក់ថា​តើ​ឱកាស​នេះ​អាចជួយ​ឱ្យ​គាត់​រីកចម្រើន​ដោយ​របៀប​ណា សម្រាប់​ការងារ​ក្នុង​វិស័យ​សិល្បៈ​? អ្នក​ដែល​ទទួលបាន​ត្រូវមាន​សញ្ជាតិ​កម្ពុជា ឬ​គាត់​មាន​កាន់​ផាស​ស្ព័​រ ឬ​វិសាក​ម្ពុ​ជា​»​។ 
 
​ក្រៅពី​អាហារូបករណ៍​ទស្សនកិច្ច​សិក្សា​ទៅ​សហរដ្ឋអាមេរិក អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ក៏មាន​អាហារូបករណ៍​ជាច្រើន​ទៀត ដែល​ជួយ​ជម្រុញ​ដល់​ជំនាញ​សិល្បៈ​៕ 

Tag:
 អាហារូបករណ៍​
  យុវជន​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com