ម៉ិ​ក​ស៊ិ​ក​ពិន័យ Maradona ដោយសារ​ឧទ្ទិស​ជ័យជម្នះ​ទៅ​ឲ្យ​លោក​ម៉ា​ឌុយ​រ៉ូ
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក​ពិន័យ Maradona ដោយសារ​ឧទ្ទិស​ជ័យជម្នះ​ទៅ​ឲ្យ​លោក​ម៉ា​ឌុយ​រ៉ូ
09, Apr 2019 , 9:39 pm        
រូបភាព
លោក Diego Maradona (ស្តាំ) រូមជាមួយលោកប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ អំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៨
លោក Diego Maradona (ស្តាំ) រូមជាមួយលោកប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ អំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៨
​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ិ​ក​ស៊ិ​ក (MFF) នៅ​ថ្ងៃទី​៨ ខែមេសា បានដាក់​ពិន័យ​លោក Diego Maradona ចំពោះ​ការ​ឧទ្ទិស​ជ័យជម្នះ​របស់​កូនក្រុម​ខ្លួន​ជូនទៅ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​។


 
​វីរបុរស​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ដឹកនាំ​ក្រុម Dorados de Sinaloa នៃ​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​កដោយ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Tampico Madero ក្នុង​លទ្ធផល ៣-២​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ចុងខែ​មុន លោក Maradona បាន​ជូន​ជ័យជម្នះ​នេះ​ដល់​លោក ម៉ា​ឌុយ​រ៉ូ និង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុងមាន​បញ្ហា​ញ​នយោបាយ និង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ជុំវិញ​ករណីនេះ MFF បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​លោក Maradona ត្រូវ​ពិន័យ​ពីបទ​រំលោភ​លើ​ក្រមសីលធម៌​របស់​សហ​ព័ន្ធ​ដែល​កំណត់​មិន​ឲ្យ​ពាក់ព័ន្ធ​នយោបាយ​ក្នុង​វិស័យ​កីឡាបាល់ទាត់ ក៏ដូចជា​កីឡា​ផ្សេងៗ​ទៀត​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ បុរស​វ័យ​៥៨​ឆ្នាំនេះ​និយាយថា​លោក​បានប្រគល់​ជ័យជម្នះ​ដល់​លោក​ម៉ា​ឌុយ​រ៉ូ និង​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Maradona ថែមទាំង​រិះគន់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ដែល​លូកដៃ​ចូលក្នុង​បញ្ហានយោបាយ​របស់​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួ​នេះ​ផងដែរ​៕

Tag:
 បាល់ទាត់​
  Diego Maradona
  វេ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com