ជាតិ
លោក ស៊ុន ចាន់ថុល ចាត់វិធានការ​ពិនិត្យ​បណ្ណ​បើកបរ​រថយន្ត​ដឹកទំនិញ​នៅតាម​កំពង់ផែ ដើម្បី​បញ្ចៀស​បញ្ហា​ចរាចរណ៍
09, Apr 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ យ៉ាងយូរ​ដើមខែ​ឧសភា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដើម្បី​បញ្ចៀស​បញ្ហា​ចរាចរណ៍​។ វិធានការ​ជំហាន​ដំបូង​នោះ គឺ​ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ទំនិញ​នៅតាម​កំពង់ផែ​។​

 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា ក្រសួង​បានរៀបចំ​ក្រុមការងារ​រួចហើយ ដើម្បី​ត្រួតពិនិត្យ​ប័ណ្ណបើកបរ របស់​តៃកុង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​នៅ​កម្ពុជា​។ ការត្រួតពិនិត្យ គឺ​ក្រុមការងារ​នឹង​ចុះទៅ​ទីតាំង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​។ ត្រង់ចំណុច​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បើសិនជា​ក្រុមការងារ​ឆែក​ឃើញ​អ្នកបើកបរ​រថយន្ត គ្មាន​ប័ណ្ណបើកបរ ឬ​រថយន្ត​គ្មាន​ការ​ឆៀក​ត្រឹមត្រូវ​ទេនោះ គឺ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ក្រុមហ៊ុន​នោះ ដឹកទំនិញ​ចេញពី​កំពង់ផែ​ឡើយ ។ សម្រាប់​លោក ស៊ុន ចាន់ថុល ការអនុវត្ត​នីតិវិធី​បែបនេះ គឺ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​បញ្ហា​ចរាចរណ៍ រួមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​បាន​មួយកម្រិត​ផងដែរ​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មុន​ចូល​កំពង់ផែ យើងខ្ញុំ​នឹង​សុំ​មើល​ប័ណ្ណបើកបរ​អ្នកបើកបរ​ឡាន​សិន បើ​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ មិន​អនុញ្ញាត​ឲ្យ​ឡាន​នោះ​ចូល​ដាក់​ទំនិញ​កំពង់ផែ​ទេ​។ ទី​២ ត្រូវ​មើលថា​ឡាន​នោះ មាន​ឆៀក​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ បើ​អត់​មាន​ក៏​យើងខ្ញុំ​មិន​ឲ្យ​ឡាន​នោះ​ចូល​កំពង់ផែ​ដែរ​»​។​
 
​ក្រៅពី​ដាក់​វិធានការ​ត្រួតពិនិត្យ​នៅតាម​កំពង់ផែ​នេះ ក្រសួង​សាធារណការ ក៏​គ្រោង​ត្រួតពិនិត្យ​នៅតាម​ស្ថានីយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ផងដែរ ព្រោះ​រថយន្ត​ដឹក​អ្នកដំណើរ​ខ្លះ ក៏​មិនទាន់បាន​អនុវត្ត​ត្រឹមត្រូវ​នៅឡើយ​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល​។​
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ កម្ពុជា​ខាតបង់​ប្រាក់​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​៕

Tag:
 ស៊ុន ចាន់ថុល​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com