សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណា ប្រូតេអ៊ីន, ប៉ូតាស្យូម, beta-carotene, ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖
១. ត្រីសាឌីន
ត្រីសាឌីន ក៏ជាប្រភេទត្រីសម្បូរខ្លាញ់មិនខុសពីត្រីសាលម៉ុនប៉ុន្មានដែរ។ ត្រីប្រភេទនេះមានផ្ទុកសម្បូរទៅដោយវីតាមីន D និងកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងល្អប្រសើរ។
២. ស៊ុត
ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។
៣. ស្ពៃអេពីណា ឬស្ពៃពួយឡេង
បន្លែនេះជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម។ លើសពីនេះទៅទៀត ស្ពៃពួយឡេង ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមផងដែរ។
៤. គ្រាប់ល្ង
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាសុខភាពសន្លាក់ល្អប្រសើរជៀសផុតពីការឈឺចាប់ និងរលាក។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនដែលជួយបង្កើនសុខភាពឆ្អឹង រួមបញ្ចូលទាំងផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន D, វីតាមីន k និងកាល់ស្យូម។
៥. គ្រាប់អាល់ម៉ុន
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់។ អ្នកជំនាញជាច្រើននិយាយថា គ្រាប់អាល់ម៉ុន ១ ពែង មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ ១ កែវទៅទៀត។
៦. ទឹកដោះគោស្រស់
ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12, វីតាមីន D និងជាតិរ៉ែដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងផូស្វ័រផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh