អន្តរជាតិ
លោក ប្រា​យុទ្ធ បដិសេធ​គំនិត​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​គ្មាន​បក្សប្រឆាំង​
10, Apr 2019 , 9:43 am        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​លទ្ធផល​មិន​ផ្លូវការ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បង្ហាញថា មិនមាន​បក្សនយោបាយ​ណា​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ឡើយ​។ បក្ស​ធំៗ​ពីរ​មាន​កម្លាំង​ប្រជារាស្ត្រ និង​ភឿ​ថៃ សុទ្ធតែ​ព្យាយាម​បង្កើត​រដ្ឋាភិបាលចម្រុះ​រៀងៗ​ខ្លួន ខណៈ​អ្នកនយោបាយ​ខ្លះ​ថែមទាំង​ចង់ឃើញ​រដ្ឋាភិបាល​រួបរួម​ជាតិ​ផង​។ ប៉ុន្តែ​ប្រមុខ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៩ ខែមេសា បាន​ទាត់ចោល​លទ្ធភាព​ក្នុងការ​បង្កើត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​បែបនេះ​។​

 
​ភាពទ័លច្រក​ផ្នែក​នយោបាយ​ក្នុងប្រទេស​ថៃ បាន​កើតឡើង​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា ដែល​គ្មាន​ណាមួយ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​ឡើយ​។ បក្ស​ភឿ​ថៃ ដែល​ឈ្នះ​អាសនៈ​សភា​ច្រើនជាងគេ បាន​ប្រមូល​កម្លាំង​ពី​បក្ស​៦​ផ្សេងទៀត​ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាលចម្រុះ ខណៈ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ហើយ​ទទួល​សំឡេងគាំទ្រ​ច្រើន​លំដាប់​ទីមួយ ក៏​កំពុង​ចែចូវ​បក្ស​ផ្សេង​ដែរ​។​
 
​ដោយសារតែ​គ្មាន​បក្ស​ណា​មាន​សំឡេង​ក្នុង​សភាព​លើសលប់​នោះ ភាពជាប់គាំង​អាចជា​រឿង​ដែល​ចៀស​មិន​រួច​។ អ្នកនយោបាយ​ខ្លះ​ក៏​លើកឡើង​ពី​លទ្ធភាព​ក្នុង​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ដែល​គ្មាន​បក្សប្រឆាំង​អ្វី​ទាំងអស់ តែ​បក្ស​ទាំងអស់​រួមគ្នា​ដឹកនាំ​ប្រទេស​វិញ​។ ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​របប​យោធា ប្រា​យុទ្ធ ចន្ទ​អូ​ចា ហាក់​មិន​យល់ស្រប​នឹង​គំនិត​នេះឡើយ ហើយ​ចង់​រង់ចាំ​លទ្ធផល​ផ្លូវការ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សិន​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ និយាយ​នៅ​ថ្ងៃទី​៩ ខែមេសា ថា នីតិវិធី​នៅ​វែងឆ្ងាយ​ណាស់ ហើយ​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ ក៏​នៅ​ទាន់​មិនដឹងថា អាចទៅរួច​ឬ​យ៉ាងណាដែរ ព្រោះ​ត្រូវ​ពិនិត្យមើល​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ផង​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ អ្នកនយោបាយ​ទាំងអស់ មិនមែន​សុទ្ធតែ​អាចបង្កើត​ក្បួនច្បាប់​តាមចិត្ត​ចង់​ឡើយ ដ្បិត​វា​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​បានដែរ​។ 
 
​គំនិត​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ ត្រូវបាន​លើកឡើង​ដោយ​បេក្ខជន​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ឈ្មោះ Thepthai Senapong ដើម្បី​ជា​ច្រកចេញ​នៃ​វិបត្តិ​នយោបាយ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី នឹង​មិនមែនជា​លោក ប្រា​យុទ្ធ ឡើយ តែ​ជា​បេក្ខជន​ដែល​គ្រប់ភាគី​ទទួលយកបាន​។ លោក ប្រា​យុទ្ធ ទំនង​ខឹង​នឹង​សំណើ​បែបនេះ ទើប​មិន​ព្រម​តាម​គំនិត​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​តែម្ដង​។​
 
​តាមពិតទៅ បើ​និយាយ​ពី​លទ្ធភាព​ក្នុង​បង្កើត​រដ្ឋាភិបាល​វិញ បក្ស​កម្លាំង​ប្រជារាស្ត្រ​មាន​ភាគរយ​ខ្ពស់ជាង​បក្ស​ភឿ​ថៃ​។ បើ​បូក​អាសនៈ​សភា​ដែល​បក្ស​នេះ​អាច​ទទួលបាន បូក​នឹង​សមាជិក​ព្រឹទ្ធសភា​២៥០​នាក់​ទៀត បក្ស​កម្លាំង​ប្រជារាស្ត្រ​មាន​សំឡេង​គ្រប់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ដោយមាន​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​ក្រោយ​ការបង្កើត​រដ្ឋាភិបាល​ហើយ​នោះ លោក ប្រា​យុទ្ធ ត្រូវ​ប្រឈម​ជាមួយ​សំឡេង​ប្រឆាំង​ដ៏​ច្រើន​ក្នុង​សភា ដែល​ពេលនោះ ការជាប់គាំង​នឹង​កើតឡើង​មិន​ខាន​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com