UCL៖ Son ជួយ Spurs យកឈ្នះ Man City ១-០ រីឯ Liverpool ស៊ី Porto ២-០
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Son ជួយ Spurs យកឈ្នះ Man City ១-០ រីឯ Liverpool ស៊ី Porto ២-០
10, Apr 2019 , 10:05 am        
រូបភាព
Son Heung-min នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​កីឡដ្ឋាន​ថ្មី​ដើម្បី​ជួយ Tottenham Hotspur យកឈ្នះ Manchester City ១-០ ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League​។ Naby Keita និង Roberto Firmino រកបាន​ម្នាក់​១​គ្រាប់​ក្នុង​ជ័យជម្នះ​របស់ Liverpool លើ FC Porto សម្រាប់​ជំនួប​ជើង​ទី​១​នេះ​។​


 
​ក្នុងការ​ប្រកួត​ក្នុង​កីឡដ្ឋាន​ Tottenham Hotspur ​នៅ​រាត្រី​ថ្ងៃទី​៩ ខែមេសា ក្រុម​ភ្ញៀវ Man City ទទួលបាន​ឱកាស​មាស​ដោយ​លោក​អាជ្ញាកណ្តាល​សម្រេច​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​បន្ទាប់ពី​ពិនិត្យ VAR ឃើញថា​បាល​ប៉ះ​ដៃ​ខ្សែការពារ Danny Rose​។ ខ្សែប្រយុទ្ធ Sergio Aguero ជា​អ្នកគ្រប់គ្រង​ការ​ស៊ុត​បាល់​ពិន័យ​នេះ​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច ដោយសារ​អ្នកចាំទី Hugo Lloris សង្គ្រោះបាន​។​


 
​លទ្ធផល​សូន្យ​ស្មើ​បាន​បន្ត​រហូត​ចុង​តង់​ទី​២​ឯណោះ​បើ​ទោះ​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ក្តី​។ រហូតដល់​នាទី​៧៨ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អាស៊ី Son Heung-min ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ឈ្នះ​ក្រុម​មេឃ​ខៀវ ១-០​។ នេះ​គឺជា​គ្រាប់​បាល់​ទី​២​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​២៦​ឆ្នាំ​រកបាន​ក្នុង​កីឡដ្ឋាន​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ បន្ទាប់ពី​រកបាន​លើកដំបូង​នៅ​លី​គ​ក្នុងស្រុក​។​


 
​ដោយឡែក Liverpool ក៏​អា​ចរក​ជ័យជម្នះ​របស់ខ្លួន​សម្រាប់​ជំនួប​ជើង​ទី​១ នៅ​ទឹកដី Anfield ដោយ​យកឈ្នះ​ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់ Porto ដោយ​លទ្ធផល ២-០​។​



២​គ្រាប់​របស់​ហង្ស​ក្រហម​ធ្វើបាន​ដោយ​ខ្សែបម្រើ Naby Keita នៅ​នាទី​ទី​៥ និង ខ្សែប្រយុទ្ធ Roberto Firmino នៅ​នាទី​២៦​។​


 
​ទាំង​៤​ក្រុម​នេះ នឹងត្រូវ​ប្រកួត​ក្នុងជំនួប​ជើង​ទី​២ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com