កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Son ជួយ Spurs យកឈ្នះ Man City ១-០ រីឯ Liverpool ស៊ី Porto ២-០
× Son Heung-min នៅតែអាចរកគ្រាប់បាល់បានក្នុងកីឡដ្ឋានថ្មីដើម្បីជួយ Tottenham Hotspur យកឈ្នះ Manchester City ១-០ ក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។ Naby Keita និង Roberto Firmino រកបានម្នាក់១គ្រាប់ក្នុងជ័យជម្នះរបស់ Liverpool លើ FC Porto សម្រាប់ជំនួបជើងទី១នេះ។
ក្នុងការប្រកួតក្នុងកីឡដ្ឋាន Tottenham Hotspur នៅរាត្រីថ្ងៃទី៩ ខែមេសា ក្រុមភ្ញៀវ Man City ទទួលបានឱកាសមាសដោយលោកអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យប៉េណាល់ទីបន្ទាប់ពីពិនិត្យ VAR ឃើញថាបាលប៉ះដៃខ្សែការពារ Danny Rose។ ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកគ្រប់គ្រងការស៊ុតបាល់ពិន័យនេះប៉ុន្តែធ្វើមិនបានសម្រេច ដោយសារអ្នកចាំទី Hugo Lloris សង្គ្រោះបាន។
លទ្ធផលសូន្យស្មើបានបន្តរហូតចុងតង់ទី២ឯណោះបើទោះមានការវាយសម្រុកគ្នាទៅវិញទៅមកក្តី។ រហូតដល់នាទី៧៨ ខ្សែប្រយុទ្ធឆ្នើមរបស់អាស៊ី Son Heung-min ជាអ្នករកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមរហស្សនាមមាន់ខ្នាយមាសឈ្នះក្រុមមេឃខៀវ ១-០។ នេះគឺជាគ្រាប់បាល់ទី២ដែលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង វ័យ២៦ឆ្នាំរកបានក្នុងកីឡដ្ឋានថ្មីតម្លៃជាង១ពាន់លានដុល្លារអាមេរិកផងដែរ បន្ទាប់ពីរកបានលើកដំបូងនៅលីគក្នុងស្រុក។
ដោយឡែក Liverpool ក៏អាចរកជ័យជម្នះរបស់ខ្លួនសម្រាប់ជំនួបជើងទី១ នៅទឹកដី Anfield ដោយយកឈ្នះក្រុមពីព័រទុយហ្គាល់ Porto ដោយលទ្ធផល ២-០។
២គ្រាប់របស់ហង្សក្រហមធ្វើបានដោយខ្សែបម្រើ Naby Keita នៅនាទីទី៥ និង ខ្សែប្រយុទ្ធ Roberto Firmino នៅនាទី២៦។
ទាំង៤ក្រុមនេះ នឹងត្រូវប្រកួតក្នុងជំនួបជើងទី២ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com