ជាតិ
សិល្បះ
ក្រសួងវប្បធម៌នឹងប្រគល់សិទ្ធិគ្រប់គ្រងបទ«ថ្ងៃដែលអូនចុកឈាម»ដល់ភរិយាកវី គង្គ ប៊ុនឈឿន រូបពីហ្វេសប៊ុកអ្នកស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
× ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍លើបទ «ថ្ងៃដែលអូនចុកឈាម» ឬចំណងជើងខុស «ភូមិភ្នំធំ» ជូនអ្នកស្រី គាត គឹមលន ភរិយាកវីនិពន្ធ គង្គ ប៊ុនឈឿន តាមសំណើ។ នេះបើតាមសេចក្ដីជូនដំណឹងដែលក្រសួងវប្បធម៌បានប្រកាសជាសាធារណៈ។
កន្លងទៅក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ លើបទដែលជាស្នាដៃរបស់លោក គង្គ ប៊ុនឈឿន ពីអ្នកស្រី គាត គឹមលន ដែលត្រូវជាភរិយា។ ឆ្លងការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងមួយបទ ដែលចំណងជើងដើម «ថ្ងៃដែលអូនចុកឈាម» ឬចំណងជើងខុស «ភូមិភ្នំធំ» ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។ ក្រសួងនឹងប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ជូនអ្នកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងតាមសំណើ។
សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងប្ដឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងបានមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ មានសុពលភាពរយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ។
កន្លងទៅថ្មីៗនេះបទ «ថ្ងៃដែលអូនចុកឈាម»មានភាពចម្រូងចម្រាសខ្លាំងដោយសារក្រុមហ៊ុនសាន់ដេ បានយកទៅកាឡៃ ទៅជាបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ច្រៀងដោយលោក សុខ មេសា ហៅនាយចឺម ដោយមិនបានសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
Tag:
គង្គ ប៊ុនឈឿន
គាត គឹមលន
ក្រសួងវប្បធម៌
ចម្រៀង
សិល្បៈ
តន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com