ជាតិ
សម្ដេច ស ខេង​៖ អភិបាលខេត្ត​កណ្ដាល ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​បំបែក​ខេត្ត​
10, Apr 2019 , 11:59 am        
រូបភាព
ភ្នំពេញ​៖ បញ្ហា​រត់ការ​កាន់កាប់​តំណែង​នៅ​ខេត្ត​ថ្មី គឺជា​ដើមចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល សម្រេចចិត្ត​លុបចោល​គម្រោង​បំបែក​ខេត្ត កាលពី​ចុងឆ្នាំ​២០១៨​កន្លងមក​។ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការអន្តរាគមន៍​លើ​មុខតំណែង​នៅក្នុង​ខេត្ត​ថ្មី​នោះដែរ​។​

 
​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយថា រដ្ឋាភិបាល​ពិតជា​ចង់​បំបែក​ខេត្ត​ថ្មី​ចំនួន​ពីរ ដើម្បី​ជួយ​សម្រួល​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ដែលមាន​ភូមិសាស្ត្រ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​គម្រោង​នេះ បាន​ខកខាន​ទៅវិញ ដោយសារតែ​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ លូកដៃ​ចូល​លើ​កិច្ចការ​នេះ​។​
 
​និយាយ​ដោយ​បើកចំហរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយថា លោក ម៉ៅ ភិ​រុណ បានស្នើ​ទៅ​រដ្ឋាភិបាល សុំ​តែងតាំង​មុខងារ​មន្ត្រី​នៅក្នុង​ខេត្ត​ថ្មី​នោះ ទើប​ធ្វើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី មិន​ពេញចិត្ត ហើយ​សម្រេច​លុបចោល​គ​ម្រោ​ង​នេះ​តែម្ដង​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង​៖ 



សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុប​គម្រោង​បង្កើត​ខេត្ត​ចំនួន​ពីរ​ចោល​វិញ កាលពី​ខែតុលា ឆ្នាំ​២០១៨ ដោយសារ​ការ​បែកធ្លាយ​គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ​។ លើសពីនេះ សម្តេច ហ៊ុន សែន ក៏​ខឹង​នឹង​មន្ត្រី​ខ្លះទៀត ដែល​ឆ្លៀត​សុំ និង​សួរ​ពី​តំណែង​ផ្សេងៗ នៅក្នុង​ការបង្កើត​ខេត្ត​ថ្មី​នេះដែរ​។​
 




គួរ​បញ្ជាក់ថា មុននឹង​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​លុបចោល​នោះ ក្រសួងមហាផ្ទៃ បានដាក់​គម្រោង​សិក្សា​បំបែក​ខេត្ត​ពីរ ដោយ​កំណត់​គោលដៅ​សិក្សា​លើ​ភូមិសាស្ត្រ​ខេត្តកណ្ដាល ខេត្ត​មណ្ឌល​គី​រី និង​រតនគីរី​។ បើតាម​ក្រសួងមហាផ្ទៃ ខេត្ត​មណ្ឌល​គី​រី គឺ​ត្រូវ​ពិនិត្យ​លើក​ត្តា​ភូមិសាស្ត្រ និង​ប្រជាពលរដ្ឋ​របស់​ស្រុក​កោះ​ញែក និង​ទីតាំង​ក្នុងស្រុក​លំផាត់ នៃ​ខេត្ត​រតនគីរី​។  ចំណែក​ខេត្ត​ថ្មី​មួយទៀត នឹងត្រូវ​បំបែក​ចេញពី​ខេត្តកណ្ដាល​៕

Tag:
 ស ខេង​
  ម៉ៅ ភិ​រុណ​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com