UCL៖ Solskjaer ជឿថា​ការ​វាយបក​ឈ្នះ PSG ជា​ទុន​សម្រាប់ Man Utd បញ្ចប់​សុបិន Barca
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Solskjaer ជឿថា​ការ​វាយបក​ឈ្នះ PSG ជា​ទុន​សម្រាប់ Man Utd បញ្ចប់​សុបិន Barca
10, Apr 2019 , 1:18 pm        
រូបភាព
 
​លោក Ole Gunnar Solskjaer ជឿជាក់ថា​ការ​វាយបក​យកឈ្នះ​ដ៏​អស្ចារ្យ​របស់ Manchester United ដើម្បី​ទម្លាក់ Paris Saint-Germain នៅ​វគ្គ​១៦​ក្រុម​ក្រុម​ចុងក្រោយ Champions League ជា​ទុន​ធ្វើ​ឲ្យ​ក្រុម​លោក​រិត​តែមាន​ជំនឿ​ចិត្ត​ដើម្បី​បញ្ចប់​ក្តី​សុបិន​របស់ Barcelona​។​

​ក្រុម​បិសាច​ក្រហម​នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ស្វាគមន៍ Barcelona សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​១០ ខែមេសា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ស្របពេល​នេះដែរ ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ កំពុង​ស្វែងរក​ការ​ឈ្នះ​ពាន​ធំ​បី​ក្នុង​មួយ​រដូវ​កាល​របស់​ពួកគេ ដែល​ក្នុងនោះ​រួមមាន​ពាន La Liga, Copa del Rey និង Champions League​។​
 
Man Utd ត្រូវមាន​ភារកិច្ច​សំខាន់​ក្នុង​ការបញ្ឈប់​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Lionel Messi និង​ខ្សែប្រយុទ្ធ​ឆ្នើម Luis Suarez ក្នុងជំនួប​នេះ​។ លោក Solskjaer មានការ​ជឿជាក់ថា​កូនក្រុម​លោក​បាន​រៀន​ពី​កំហុស​មួយចំនួន​បន្ទាប់ពី​ចាញ់ PSG ២-០ ក្នុងផ្ទះ​នៅ​ជើង​ទី​១ វគ្គ​១/៨ មុនពេល​វាយបក​យកឈ្នះ ៣-១ វិញ​នៅ​ជើង​ទី​២​ក្នុង​ក្រុងប៉ារីស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
  
 
«​ខ្ញុំ​អាចមាន​អារម្មណ៍​តានតឹង​ផង និង​រំភើប​ផង​។ អារម្មណ៍​នៅមុន​ការប្រកួត​ក្នុង​ដី PSG គឺ​ពិតជា​ខុសគ្នា​ណាស់​។ យើង​បាន​រៀនសូត្រ​ពី PSG ច្រើន​។ ជាការ​ពិតណាស់​នៅពេលដែល​អ្នក​ត្រូវ​តទល់​ជាមួយ Barcelona ដែលជា​ក្រុម​មានគុណ​ភាព​ខ្ពស់​នោះ យើង​ត្រូវតែ​បង្កើន​ការប្រកួត​របស់​យើង​ឲ្យ​ខ្លាំងក្លា​ជាង​មុន​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ដែល​ទើប​តែងតាំង​ជា​អ្នកចាត់ការ​ពេញសិទ្ធិ​របស់​របស់ Man Utd ថ្មីៗ​នេះ​។​
 
Solskjaer បន្ថែមថា​៖«​យើង​ដឹងថា​យើង​ត្រូវ​ការកម្រិត​លេង​ដ៏​ល្អ​បំផុត​មួយ​ដូច​ពេល​យើង​លេង​ជាមួយ PSG ដូច្នោះ​ដែរ​។ លទ្ធផល​នៃ​ការប្រកួត​ជើង​ទី​២​ទល់នឹង PSG បានផ្តល់​ឲ្យ​កីឡាករ និង​អ្នកគាំទ្រ​ជឿជាក់ថា​យើង​អាច​បញ្ចប់ Barcelona បាន​ដូចគ្នា​»​។​
 
​ក្រៅពី​ការជួបគ្នា​រវាង Man Utd និង Barca ក៏មាន​ការ​តទល់​គ្នា​មួយគូ​ទៀត​ដែរ​។ Ajax និង​ត្រូវ​ទទួលភ្ញៀវ Juventus នៅ​ម៉ោង​ដំណាលគ្នា​នេះ​សម្រាប់​ជំនួប​ប្រកួត​ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 
​រដូវ​កាល​នេះ Ajax បានបង្ហាញ​ភាពខ្លាំង​ទាំង​ក្នុង​លី​គ​នៅ​ហូ​ឡង់ និង​ក្របខណ្ឌ​អ៊ឺរ៉ុប​នេះ​ជាមួយនឹង​សមាសភាព​កីឡាករ​ក្មេងៗ​របស់​ពួកគេ​។ ចំណែក​ម្ចាស់​ការពារ​ជើងឯក Serie A ក៏​មិនធម្មតា​ដែរ បន្ទាប់ពី​ក្រុម​នេះ​បាន​បន្ថែម​សមាជិក​ថ្មី Cristiano Ronaldo ដែលជា​ខ្សែប្រយុទ្ធ​មុត​ស្រួច និង​ពោ​ពេញ​ដោយ​គ្រោះថ្នាក់​សម្រាប់​គូប្រជែង​៕

 

Tag:
 បាល់ទាត់​
  UEFA Champions League
  Ole Gunnar Solskjaer
© រក្សាសិទ្ធិដោយ thmeythmey.com