ថ្នាក់លើ រក​មិនឃើញ​កំហុស​ស្នងការ​ស្វាយរៀង ដូច​ការ​ចោទ​ពី​ក្រុមប៉ូលិស​ឡើយ​
ជាតិ
សង្គមជាតិ
ថ្នាក់លើ រក​មិនឃើញ​កំហុស​ស្នងការ​ស្វាយរៀង ដូច​ការ​ចោទ​ពី​ក្រុមប៉ូលិស​ឡើយ​
10, Apr 2019 , 2:03 pm        
រូបភាព
លោក កឹង ឃន ស្នងការខេត្តស្វាយរៀង។ រូបពីស្នងការខេត្តស្វាយរៀង
លោក កឹង ឃន ស្នងការខេត្តស្វាយរៀង។ រូបពីស្នងការខេត្តស្វាយរៀង
ដោយ: ថ្មីៗ
​ក្រុមការងារ ដែល​ទទួលបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះទៅ​ស្រាវជ្រាវ​រួចហើយ ពី​រឿងអាស្រូវ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​ខេត្ត​ស្វា​វ​រៀង ដែល​រង​ការប្តឹង​ពី​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន ថា​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ជាច្រើន ដូចជា អំពើពុករលួយ ការតែងតាំង​សាច់ញាតិ ការបង្កើត​បក្សពួក និង​ការគាបសង្កត់​កូនចៅ ជាដើម​។


 
​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ដោយ​បង្ហាញថា លោក កឹង ឃ​ន ពុំបាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះទេ​។ នាយកដ្ឋាន​បុគ្គលិក លើកឡើងថា រដ្ឋបាលខេត្ត​ស្វាយរៀង ទទួលយក​ទាំង​ស្នាដៃ​ដឹកនាំ និង​ការយកចិត្តទុក​ដាក់​អនុវត្ត​ផែនការ​របស់​ស្នងការ​ខេត្តស្វាយរៀង​។ 
 
​ចំណែក ស្នាម​ម្រាមដៃ​របស់​មន្ត្រីនគរបាល ដែល​បាននាំគ្នា​ផ្តិត​លើ​បណ្តឹង ដើម្បី​ប្តឹង​លោក កឹង ឃ​ន ថា​គាបសង្កត់​មន្ត្រី​ថ្នាក់ក្រោម និង ប្រព្រឹត្ត​អំពើពុករលួយ ត្រូវបាន​នាយកដ្ឋាន​បុគ្គលិក អះអាងថា ក្រុមការងារ រក​មិនឃើញ​នោះទេ​។ នាយក​ដ្ឋា​ន​បុគ្គលិក បាន​ហៅ​បណ្តឹង​នោះ ថា​ជា​បណ្តឹង​របស់​ជនអនាមិក​។ 
 
​នាយក​ដ្ឋា​ន​បុគ្គលិក បន្ត​បកស្រាយ​ថា ការតែងតាំង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត គឺ​លោក កឹង ឃ​ន ធ្វើឡើង​ដោយមាន​តម្លាភាព និង​ផ្អែកលើ​លក្ខណសម្បត្តិ សមត្ថភាព និង​អតីតភាព​ការងារ ពោលគឺ​មិន​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​ឡើយ​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នាយកដ្ឋាន​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ផ្អែក​តាម​ការ​ស្រង់​មតិ​ទូទៅ​ចំពោះ​ការដឹកនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ភាគច្រើន​ទទួលបាន​ការគាំទ្រ​ចំពោះ​សកម្មភាព​ការងារ​ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព និង​ការយកចិត្តទុកដាក់​អំ​ពី​សុខទុក្ខ​របស់​មន្ត្រី​ថ្នាក់ក្រោម ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដែលជា​ហេតុ​នាំមក​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​យ៉ាង​ល្អប្រសើរ​»​។ 
 
​ប៉ុន្មាន​ថ្ងៃនេះ មានការ​ចុះផ្សាយ​ជា​ហូរហែ​ថា ក្រុមនគរបាល​ខេត្តស្វាយរៀង​ជិត​៤០​នាក់ បាន​ប្រួត​គ្នា​ប្តឹង​លោក កឹង ឃ​ន ដែលជា​មេ​កើយ​របស់ខ្លួន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លើសពីនេះ ក៏មាន​ការផ្សាយ​ផងដែរ​ថា នគរបាល​ទាំងនោះ បានដាក់​សំណើ​រួមគ្នា​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដក​លោក កឹង ឃ​ន ចេញពី​តំណែង​។ យ៉ាងណា នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​បញ្ជាក់ថា លោក ពុំ​បានឃើញ​លិខិត​ឬ​សំណើ​របស់​នគរ​បាលទាំងនោះ​ទេ​។ 
 
​តាមពិតទៅ​រឿងអាស្រូវ​នេះ ធ្លាប់​កើតមានឡើង​ម្តង​រួចមកហើយ ដោយ​កាលនោះ មាន​ក្រុមនគរបាល​ប្រមាណ​២០​នាក់ ដែល​បាន​ប្តឹង​លោក កឹង ឃ​ន តែ​ក្រោយមក ក៏​ស្ងប់ស្ងាត់​ទៅវិញ​៕ 

Tag:
 កឹង ឃ​ន
© រក្សាសិទ្ធិដោយ thmeythmey.com