អន្តរជាតិ
អឺរ៉ុប យក​ស្ទីល​អាមេរិក​ទៅប្រើ​ក្នុង​ការចរចា​ជាមួយ​ចិន​
10, Apr 2019 , 7:19 pm        
រូបភាព
មេដឹកនាំចិន និងអឺរ៉ុបក្នុងសន្និសីទសារព័ត៌មាន។ (រូបភាព AFP)
មេដឹកនាំចិន និងអឺរ៉ុបក្នុងសន្និសីទសារព័ត៌មាន។ (រូបភាព AFP)
​ជំនួប​កំពូល​អឺរ៉ុប​-​ចិន បានបញ្ចប់​ទៅ​នៅ​ថ្ងៃទី​៩ ខែមេសា នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។ ជំនួប​កំពូល​លើក​នេះ ធ្វើឡើង​ក្នុង​បរិយាកាស​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ ទោះជា​ចុងក្រោយ​ភាគី​ទាំងពីរ​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ក្ដី​។ ជា​រឿង​កម្រ អឺរ៉ុប​បានបង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​ចិន និង​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ក្នុងពេល​ចរចា​ដើម្បី​ទាមទារ​ឲ្យ​ចិន​អនុវត្តតាម​ការចង់បាន​របស់ខ្លួន​។ អឺរ៉ុប​ទំនងជា​មើលឃើញ​យុទ្ធសាស្ត្រ​អាមេរិក​ដែល​ប្រើ​ក្នុង​ការចរចា​ជាមួយ​ចិន​នាពេល​កន្លងមក​។​

 
​ពីរ​ថ្ងៃមុន​ជំនួប​អឺរ៉ុប​-​ចិន​លើក​ទី​២១ ដែល​ធ្វើ​នៅ​ថ្ងៃទី​៩ ខែមេសា អ្នកការទូត​ចិន និង​អឺរ៉ុប​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​សេចក្ដីថ្លែងការណ៍​រួម​ដែល​ប្រកាស​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង និង​ប្រធាន​ក្រុមប្រឹក្សា ដូ​ណា​ល់ ទូ​ស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ ។ អ្នកចរចា​អឺរ៉ុប​ត្រូវបាន​រាយការណ៍​ថា បាន​គំរាម​ដើរចេញ​ពី​តុ​ចរចា បើ​ចិន​មិន​ព្រម​ធ្វើតាម​ការទាមទារ​រ​បស់​ខ្លួន​ជុំវិញ​ការបញ្ចូល​ពាក្យពេជន៍​ស្ដីពី​ការកែទម្រង់​ទីផ្សារ​ចិន​នោះ​។ 
 
​ការបញ្ចេញ​ជំហរ​ក្លាហាន​របស់​អឺរ៉ុប ជា​រឿង​កម្រ តែ​វា​បង្ហាញ​ពី​ការ​អត់​ភាព​អត់ធ្មត់​របស់​អឺរ៉ុប​ក្នុង​ការចរចា​ជាមួយ​ចិន​ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​រកស៊ី​នៅ​ទឹកដី​ចិន​ដោយ​ស្រួល ដូចដែល​ក្រុមហ៊ុន​ចិន​រកស៊ី​នៅ​តំបន់​អឺរ៉ុប​ដែរ​។ អឺរ៉ុប ក៏​ខកចិត្ត​មិនតិច​ឆ្នាំ​ដែរ​ក្នុង​ការរង់ចាំ​ការធ្វើកំណែទម្រង់​ទីផ្សារ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដូច​បាន​សន្យា​កន្លងមក​។ 
 
​ជាមួយ​ការប្រកាន់​ជំហរ​តឹង​រ៉ឹ​ពី​សំណាក់​អឺរ៉ុប តំណាង​ចរចា​របស់​ចិន​បាន​ព្យាយាម​ធ្វើ​សម្បទាន​វិញ​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post ដែល​បន្តថា ចិន​ចង់បាន​ការប្រកាស​សេចក្ដី​ថ្លែងការណ៍​នេះ​ខ្លាំង​ជាង​អឺរ៉ុប ទោះ​មានន័យ​ត្រឹម​ជា​និមិត្តរូប​ក្ដី​។ លើសពីនោះ ក្រុម​ចរចា​របស់​អឺរ៉ុប ក៏​ទាមទារ​ឲ្យ​សម​ភាគី​ចិន​របស់ខ្លួន រក​ការយល់ព្រម​ឲ្យ​ម៉ឺងម៉ាត់​ពី​មេដឹកនាំ​ជាន់ខ្ពស់​របស់​ពួកគេ​ទៀតផង​។ 
 
​ការទាមទារ​របស់​អឺរ៉ុប ពិតជា​ទទួលបាន​ផ្លែផ្កា​ខ្លះ​មែន​។ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​លើក​ទី​២១ លោកនាយក​រដ្ឋមន្ត្រី លី បានបង្ហាញ​កាលបរិច្ឆេទ​ដែល​ចិន​នឹង​អនុវត្ត​កំណែទម្រង់​របស់ខ្លួន​លើ​ដំបូង​។ លោក លី និយាយថា នៅត្រឹម​ដំណាច់ឆ្នាំ​២០១៩ ចិន​និង​អឺរ៉ុប នឹង​យល់ព្រម​លើ​បញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ដែល​នេះ​ជាការ​ទាមទារ​មួយ​របស់​អឺរ៉ុប​សំដៅ​ការពារ​ទំនិញ​របស់ខ្លួន​។ លើសពីនោះ ចិន​ក៏​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​អឺរ៉ុប​ដែរ​។​
 
​ក្នុង​សន្និសីទ​ដដែល នាយករដ្ឋមន្ត្រី​ចិន​ចាត់ទុក​សេចក្ដីថ្លែងការណ៍​រួមគ្នា មិន​ត្រឹមតែ​ជា​ក្រដាស​បង្ហាញ​ព័ត៌មាន​ឡើយ តែ​វា​ជាការ​ជំរុញ​ចិត្ត​ចិន​ឲ្យ​បើកចំហ និង​កែទម្រង់​កាន់តែខ្លាំង ហើយ​វា​នាំ​ដល់​ការរួបរួម និង​ការរីកចម្រើន​នៅ​អឺរ៉ុប​ទៀតផង​។ លោក​ក៏​ប្រកាសថា ចិន​និយាយ​អ្វី គឺ​ធ្វើ​ដូច​នោះ ហើយ​នៅពេល​ធ្វើ​ការងារ ប្រាកដជា​បាន​ផល​មិន​ខាន​៕   
 

Tag:
 អឺរ៉ុប​
  ចិន​
  អាមេរិក​
  លី ខឹ​ឈាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com