ជាតិ
សកម្មជន​ស្ម័គ្រចិត្ត​សង្ឃឹមថា គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID នឹង​លើកកម្ពស់​ជីវភាព​រប​ស់​ពួកគេ​
10, Apr 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
ដោយ: VOA
​ភ្នំពេញ ៖ ​សកម្មជន​ការពារ​ព្រៃ​ឡង់​ដែល​ខិតខំ​ការពារ​ព្រៃ​ទឹកភ្លៀង​ធំ​បំផុត​ចុងក្រោយ​នៅក្នុង​តំបន់​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​គ្រួសារ​។ សកម្មជន​ទាំងនេះ​ចង់​ឲ្យ​មាន​គម្រោង​ជួយ​សម្រួល​បន្ទុក​ជីវភាព​ប្រចាំថ្ងៃ​ដែល​អាច​ឲ្យ​ពួកគាត់​ការពារ​ព្រៃ​ឡង់​ដោយ​មិនមាន​ការបារម្ភ​។

 
​ព្រៃ​ឡង់​លាតសន្ធឹង​នៅក្នុង​ខេត្ត​ចំនួន​បួន រួមមាន​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​ព្រះវិហារ​។ ព្រៃ​ទឹកភ្លៀង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅតែ​ទទួលរង​ការកាប់បំផ្លាញ​ពី​អ្នក​កាប់​ព្រៃឈើ​ខុសច្បាប់​ឥតឈប់ឈរ​។​
 
​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ព្រៃ​ឡង់ រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ពឹង​ផ្អែកលើ​អនុផល​ព្រៃឈើ ដូចជា​ការ​ដង​ជ័រ និង​ការធ្វើ​ស្រែចម្ការ​។ ដោយមាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ព្រៃឈើ​និង​ការបាត់បង់​ប្រភព​ចំណូល ប្រជាជន​មួយចំនួន​បាន​ស្ម័គ្រចិត្ត​ធ្វើជា​សកម្មជន​ការពារ​ព្រៃ​នេះ​។​
 
​លោក ផៃ ប៊ុន​ឡេង អាយុ​៥៦​ឆ្នាំ គឺជា សកម្មជន​ព្រៃ​ឡង់​ស្ម័គ្រចិត្ត​ម្នាក់​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ (PLCN) នៅក្នុង​ខេត្តក្រចេះ​រយៈពេល​២០​ឆ្នាំ​មកហើយ ។​
 
​ខណៈដែល​លោក​នៅតែ​បន្ត​យាមល្បាត​និង​ការពារ​មិន​ឲ្យ​មានការ​កាប់​ឈើ​ខុសច្បាប់ លោក​សង្ឃឹមថា កសិករ​ដែលជា​សកម្ម​ជន​ស្ម័គ្រចិត្ត នឹង​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​និង​ជំនួយ​ពី​អង្គការ​នានា​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖
 
«​ពេលណា​គាត់​ចូល​ព្រៃ លួចបាន​មួយ​រទេះ​ហ្នឹង បាន​លុយ​ភ្លាម​។ ហើយ​អ្នក​ធ្វើស្រែ​ធ្វើ​ចម្ការ ទីមួយ​មាន​ផល​យូរ ហើយ​ទីមួយ​ទៀត មិនមាន​ស្អី​ដែល​គេ​ហៅថា អាច​គ្រប់គ្រាន់​បាន យើង​ធ្វើបាន​តែមួយ​ហូបៗ តែ​ការដោះស្រាយ​លុយ​វា​យឺត​ដែរ​។ អាហ្នឹង​ដែល​ខ្ញុំ​មើលឃើញ​»​។​


 ប្រធានបេសកកម្ម ​USAID អ្នក​ស្រី Veena Reddy និង​លោក Matthew Edwardsen ប្រធាន​គម្រោង​ USAID ព្រៃឡង់​បៃតង ថត​រូប​ជាមួយ​សកម្មជន​ស្ម័គ្រ​ចិត្ត​ដែល​មក​ពី​ខេត្ត​ទាំង​បួនបន្ទាប់​ពី​កម្មវិធី​ប្រកាស​ចាប់​ផ្តើម​គម្រោង​ USAID ព្រៃ​ឡង់​បៃតងនៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៩។ (ទុំ​ ម្លិះ/VOA)
 
​សកម្មជន​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​ឡង់ នៅក្នុង​ខេត្ត​ទាំង​បួន បាន​និយាយថា ពួកគេ​មិនបាន​ទទួល​ការឧបត្ថម្ភ​គ្រប់គ្រាន់​ពី​ស្ថាប័ន​មួយណា​នោះឡើយ​។ អ្នកស្ម័គ្រចិត្ត​ទាំងនេះ​បន្ថែមថា ពួកគាត់​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចំណាយ​ទៅលើ​ការទិញ​ម្ហូបអាហារ និង​ថ្លៃ​សាំង​បន្តិចបន្តួច​អំឡុងពេល​ចុះ​ល្បាត​។ សកម្មជន​ទាំងនេះ​និយាយថា ការខ្វះខាត​នេះ​ជា​កត្តា​ដែល​ដាក់បន្ទុក​បន្ថែម​លើ​កិច្ចការពារ​ព្រៃឈើ​របស់​ពួកគាត់​។​
 
​អ្នកស្រី ភោគ ប៊ុន​ហុង អាយុ ៤៤​ឆ្នាំ ដែលជា​សកម្មជន​ស្ម័គ្រចិត្ត​នៅ​ខេត្តព្រះវិហារ និង​មានមុខរ​បរជា​អ្នក​ដង​ជ័រ​ម្នាក់ បាន​និយាយថា អ្នកស្រី​មានការ​អាក់អន់ស្រពន់ចិត្ត​ដែល​អ្នកស្រី​មិនដែល​ទទួលបាន​ថវិកា​ជួយ​សម្រួល​ក្នុង​កិច្ចការពារ​ព្រៃឈើ​។​
 
​អ្នកស្រី​បាន​និយាយប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖
 
«​សម្រាប់​យើង​សហគមន៍​នៅ​អឺ សហគមន៍​ដែល​បង្ក្រាប​បទល្មើស​ផ្ទាល់​រាល់ថ្ងៃនេះ ធ្វើ​ដែរ តែ​[​ខ្ញុំ​]​មិនដែល​បាន​លុយ​ចាក់​សាំង មិនដែល​បាន​លុយ​អី​ទេ​។ [​ខ្ញុំ​] ចាប់​គោយន្ត ចាប់​អី​ព្រោងព្រាត​។ ខ្ញុំ​មិនដែល​បាន​លុយ​បាន​អី​ទេ​។​[​ខ្ញុំ​]​អស់​ទឹកចិត្ត​អ្នកចូលរួម​។ មិនមែន​ថា​ទាមទារ​អី​ទេ គ្រាន់តែ​បាន​រួច​ថ្លៃ​សាំង​តែ​ប៉ុណ្ណឹង​បាន​ហើយ​»​។​
 
​អ្នកស្រី​បាន​បន្ថែមថា បើទោះជា​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​និង​ការការពារ​ព្រៃឈើ​យ៉ាងណាក៏ដោយ អ្នកស្រី​នឹងមិន​ឈប់​បង្ក្រាប​សកម្មភាព​កាប់​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​នេះឡើយ​។ 
 
​យោងទៅតាម​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ប្រជាជន​ជាង​២៥​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​គួ​យ​រស់នៅ​ពឹង​ផ្អែកលើ​អនុផល​ធម្មជាតិ​ពី​ព្រៃ​ឡង់​ដែលមាន​ទំហំ ៥.០០០​គីឡូម៉ែត្រ​ការេ​។ ព្រៃ​ឡង់​ដែល​ស្ថិតនៅ​ខាងលិច​ទន្លេមេគង្គ​និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​និង​រុក្ខជាតិ​ជាង​៥០០​ប្រភេទ​ផងដែរ​។​
 
​ព្រៃ​ជាង ១១.០០០​ហិកតា​ត្រូវបាន​គេ​កាប់ឆ្ការ ពី​ក្នុង​ចន្លោះ​ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ខែឧសភា ឆ្នាំ​២០១៨ ដែល​ការកាប់​ឈើ​មាន​ចំនួន​ជាង​២.០០០​លើក​នៅក្នុង​ខេត្ត​ទាំង​បួន​។ នេះ​បើ​យោងតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ចុងក្រោយបង្អស់ របស់​បណ្ត​ញ​សហគមន៍​ព្រៃ​ឡង់ (PLCN) ដែលជា​បណ្តាញ​ការពារ​ព្រៃ​ឡង់​ស្ម័គ្រចិត្ត​។​
 
​កាលពី​សប្តាហ៍​មុន ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ USAID បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​សិក្ខាសាលា រៀនសូត្រ​ស្តីពី «​ការគ្រប់គ្រង​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​ប្រកបដោយ​ចីរភាព​និង​ប្រសិទ្ធភាព​» ។​
 
 
​លោក Matthew Edwardsen ប្រធាន​កម្មវិធី USAID ព្រៃ​ឡង់​បៃតង​មានប្រសាសន៍ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រិះរក​វិធានការ​ការពារ​ព្រៃ​ឡង់​ដែលមាន​ប្រសិទ្ធិភាព មុនពេល​ព្រៃ​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​។​
 
​លោក Matthew បាន​ប្រាប់ VOA បន្ថែមថា​៖
 
«​ខ្ញុំ​គិតថា វា​ជាការ​ព្រួយបារម្ភ​ដោយសារតែ​យើង​មានព្រៃ​ឡង់​តែមួយ ហើយ​បើសិនជា​ការកាប់​ឈើ​នៅតែ​បន្ត ព្រៃ​នេះ​នឹង​បាត់បង់​។ ព្រៃ​នេះ​មិនមែន​មាន​សារៈសំខាន់​សម្រាប់តែ​សហគមន៍​ដែល​រស់នៅ​ជុំវិញ​ព្រៃ​នោះទេ វា​គឺ​ជាទី​ជម្រាល​ទឹក​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​។ វា​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប ទន្លេមេគង្គ​»​។​
 
​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំនេះ ជា​កិច្ច​បន្ត​ការគាំទ្រ​ដ៏​យូរអង្វែង​របស់​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា នឹង​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទេសភាព​ព្រៃ​ឡង់​ដែល​រួមមាន​ព្រៃ​ឡង់ ព្រៃ​រកា និង​ឆែប​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​និយាយថា គម្រោង​ព្រៃ​ឡង់​បៃតង​នេះ​នឹង​ជួយ​ជំរុញ​ការងារ​អភិរក្ស​ដើម្បី​កាត់បន្ថយ​ការកាប់​ព្រៃឈើ​ខុសច្បាប់ និង​លើកកម្ពស់​ជីវភាព​រប​ស់​សហគមន៍​ទាំងមូល​នៅក្នុង​ខេត្ត​ទាំង​បួន​។​
 
«​ខ្ញុំ​សង្ឃឹមថា តាមរយៈ​គម្រោង​នេះ យើង​អាច​កាត់បន្ថយ​និង​បន្ត​កាត់បន្ថយ​បទល្មើស​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​ជាពិសេស​តំបន់ការពារទេសភាព​ព្រៃ​ឡង់​បន្ថែមទៀត​»​។​


លោក​ សៅ សុភាព រដ្ឋលេខាធិការ​នៃក្រសួង​បរិស្ថាន​និយាយ​ជាមួយ​សារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី​ប្រកាស​ចាប់​ផ្តើម​គម្រោង​ USAID ព្រៃ​ឡង់​បៃតងនៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៩។ (ទុំ​ ម្លិះ/VOA)
 
​សកម្មជន​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​ឡង់​នៅ​ខេត្តក្រចេះ​ដដែល​គឺ​លោក ផៃ ប៊ុន​ឡេង បាន​និយាយប្រាប់ VOA បន្ថែមថា លោក​សប្បាយចិត្ត​បើសិនជា​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID ដែលមាន​រយៈពេល​៥​ឆ្នាំនេះ អាចធ្វើ​ឲ្យ​សហគមន៍​គ្រប់​មជ្ឈដ្ឋាន និង​អាជ្ញាធរ​ចូលរួម​អភិរក្ស​ទាំងអស់គ្នា​៖
 
«​យើង​បានទាមទារ​ថា ឲ្យ​កសិករ​ស្ម័គ្រចិត្ត​នៅ​ខាងក្រោម ចូលរួម​ដោយ​ពេញលេញ មិនមែន​ចាំតែ​អ្នក​ចុះបញ្ជី សហគមន៍​ការពារ សហគមន៍​ព្រៃឈើ​នោះទេ គឺ​ពួក​អ្នកស្ម័គ្រចិត្ត​ត្រូវតែមាន​សិទ្ធិ​ចូលរួម​ឃ្លាំមើល​ដើម្បី​ជួយ ឲ្យ​កាន់​ព្រៃ​។ បើ​អាចធ្វើ​អ៊ីចឹង​បាន​ពួក​ខ្ញុំ​សប្បាយ​មែនទែន​»​។​
 
​លោក​បាន​បន្ថែមថា លោក​មានការ​សប្បាយចិត្ត​ប្រសិនបើ​គម្រោង​នេះ​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​ដែលជា​បញ្ហា​ប្រឈម​មួយ​របស់​សហគមន៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com