ជាតិ
ត្រី​ត្រសក់ ជា​ពូជ​ត្រី​ធំ​ជិត​ផុត​ពូជ ដែល​អាចមាន​ទម្ងន់​ដល់​៩០​គីឡូក្រាម និង​ដងខ្លួន​វែង​ដល់​ទៅ ១.៥​ម៉ែត្រ​
10, Apr 2019 , 8:39 pm        
រូបភាព
​ត្រី​ត្រសក់​ជា​ពូជ​ត្រី​ធំ និង​ជិត​ផុត​ពូជ វា​អាច​ធំ​លូតលាស់​រហូតដល់​ទម្ងន់​អតិបរមា ៩០​គីឡូក្រាម និង​មាន​ប្រវែង​ដងខ្លួន​អតិបរមា​រហូតដល់ ១.៥ ម៉ែត្រ តែ​ត្រូវបាន​គេ​ចាប់​យកមក​លក់ ត្រឹម​ទម្ងន់​មិន​លើស​កន្លះ​គីឡូក្រាម​ប៉ុណ្ណោះ​។  រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រី​ត្រសក់​ជា​ពូជ​ត្រី​ធំ និង​ជិត​ផុត​ពូជ វា​អាច​ធំ​លូតលាស់​រហូតដល់​ទម្ងន់​អតិបរមា ៩០​គីឡូក្រាម និង​មាន​ប្រវែង​ដងខ្លួន​អតិបរមា​រហូតដល់ ១.៥ ម៉ែត្រ តែ​ត្រូវបាន​គេ​ចាប់​យកមក​លក់ ត្រឹម​ទម្ងន់​មិន​លើស​កន្លះ​គីឡូក្រាម​ប៉ុណ្ណោះ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំ ក្នុងចំណោម​ប្រភេទ​ត្រី​ធំៗ​ដទៃទៀត ដែល​រស់នៅក្នុង​ទន្លេមេគង្គ​។ ត្រី​ប្រភេទ​នេះ វា​អាច​ធំ​លូតលាស់​រហូតដល់​ទម្ងន់​អតិ​មរ​មា ៩០ គីឡូក្រាម និង​ប្រវែង​ដងខ្លួន​អតិបរមា ១.៥ ម៉ែត្រ​។  


 
​ត្រី​ត្រសក់ ជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​អាង​ទន្លេ​គ​ង្គ និង​បឹង​ធំៗ ដែល​ស្រទាប់​បាត​មាន​ខ្សាច់ ឬ​ក្រួស ទឹក​ហូរ​ខ្លាំង ជា​កន្លែង​ដែល​ពួកវា​អាច​រក​ចំណី​បាន ដូចជា​ពពួក ខ្យង ខ្ចៅ គ្រុំ លៀ​ល ជាដើម ព្រមទាំង​មាន​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក​ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​ប្រភេទ​នេះ ឃើញ​មាន​រស់នៅក្នុង​ក្រចេះ និង​ខេត្តស្ទឹងត្រែង​។ 
 
​ត្រី​ត្រសក់ មានឈ្មោះ​វិទ្យាសាស្ត្រ (Probarbus jullieni) មានឈ្មោះ​ជា​ភាសា​អង់គ្លេស Isok barb មាន​ស្រកា​ធំៗ ព្រមទាំង​ឆ្នូត​ខ្មៅ​៦ តាម​បណ្តោយ​ដងខ្លួន​ចាប់ពី​ស្រកី​ដល់​កន្ទុយ​។ នៅក្នុង​ទន្លេមេគង្គ ត្រី​ត្រសក់ ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​ខេត្តកំពង់ចាម ចាប់ពី​ខែតុលា ដល់ ខែកុម្ភៈ ឆ្លងកាត់​ល្បាក់ខោន ឆ្ពោះទៅ​គោលដៅ​នៃ​ខេត្ត​ឆៀង​ខុង ផ្នែក​ខាងលើ​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ​។ មាន​ព័ត៌មាន​ខ្លះ​ពី​អ្នកនេសាទ បាន​ឲ្យ​ដឹងថា ត្រី​ត្រសក់ បានធ្វើ​ចរាចរ​ផ្លាស់​ទី​បន្តទៅទៀត ឆ្ពោះទៅ​ដៃទន្លេ «​ណា​ម​តា​» ក្នុងប្រទេស​ឡាវ ដើម្បី​ពង​-​កូន ក្នុង​ខែមីនា​-​មេសា​។ 
 
​ត្រី​ត្រសក់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ខ្លាំង ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ បច្ចុប្បន្ន ត្រី​ត្រសក់​កំពុង​ប្រឈម​នឹង​ការនេសាទ​ហួស​កម្រិត ការបំផ្លិចបំផ្លាញ​ទីជម្រក និង​ការកសាង​ទំនប់​វារិ​អគ្គិសនី​ធំៗ ព្រមទាំង​ជា​ត្រី​គោលដៅ​នេសាទ ដើម្បី​យក​ពង​របស់​អ្នកនេសាទ​ផងដែរ ក្នុង​រដូវ​ត្រី​ពង​។​ដូច​កាលពី​ឆ្នាំ ១៩៨៩ ត្រី​ត្រសក់ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន​ច្រើន​លើសលប់​ក្នុង​ទន្លេមេគង្គ ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​យ៉ាងគំហុក ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com