ជាតិ
ត្រីត្រសក់ ជាពូជត្រីធំជិតផុតពូជ ដែលអាចមានទម្ងន់ដល់៩០គីឡូក្រាម និងដងខ្លួនវែងដល់ទៅ ១.៥ម៉ែត្រ ត្រីត្រសក់ជាពូជត្រីធំ និងជិតផុតពូជ វាអាចធំលូតលាស់រហូតដល់ទម្ងន់អតិបរមា ៩០គីឡូក្រាម និងមានប្រវែងដងខ្លួនអតិបរមារហូតដល់ ១.៥ ម៉ែត្រ តែត្រូវបានគេចាប់យកមកលក់ ត្រឹមទម្ងន់មិនលើសកន្លះគីឡូក្រាមប៉ុណ្ណោះ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ត្រីត្រសក់ គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលូតលាស់រហូតដល់ទម្ងន់អតិមរមា ៩០ គីឡូក្រាម និងប្រវែងដងខ្លួនអតិបរមា ១.៥ ម៉ែត្រ។
ត្រីត្រសក់ ជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងអាងទន្លេគង្គ និងបឹងធំៗ ដែលស្រទាប់បាតមានខ្សាច់ ឬក្រួស ទឹកហូរខ្លាំង ជាកន្លែងដែលពួកវាអាចរកចំណីបាន ដូចជាពពួក ខ្យង ខ្ចៅ គ្រុំ លៀល ជាដើម ព្រមទាំងមានរុក្ខជាតិដែលដុះក្នុងទឹកផងដែរ។ នៅក្នុងប្រទេសកម្ពុជា ត្រីប្រភេទនេះ ឃើញមានរស់នៅក្នុងក្រចេះ និងខេត្តស្ទឹងត្រែង។
ត្រីត្រសក់ មានឈ្មោះវិទ្យាសាស្ត្រ (Probarbus jullieni) មានឈ្មោះជាភាសាអង់គ្លេស Isok barb មានស្រកាធំៗ ព្រមទាំងឆ្នូតខ្មៅ៦ តាមបណ្តោយដងខ្លួនចាប់ពីស្រកីដល់កន្ទុយ។ នៅក្នុងទន្លេមេគង្គ ត្រីត្រសក់ ធើ្វចរាចរផ្លាស់ទីចេញពីខេត្តកំពង់ចាម ចាប់ពីខែតុលា ដល់ ខែកុម្ភៈ ឆ្លងកាត់ល្បាក់ខោន ឆ្ពោះទៅគោលដៅនៃខេត្តឆៀងខុង ផ្នែកខាងលើទន្លេមេគង្គ ក្នុងប្រទេសថៃ។ មានព័ត៌មានខ្លះពីអ្នកនេសាទ បានឲ្យដឹងថា ត្រីត្រសក់ បានធ្វើចរាចរផ្លាស់ទីបន្តទៅទៀត ឆ្ពោះទៅដៃទន្លេ «ណាមតា» ក្នុងប្រទេសឡាវ ដើម្បីពង-កូន ក្នុងខែមីនា-មេសា។
ត្រីត្រសក់ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះខ្លាំង ដែលនឹងឈានទៅផុតពូជ។ បច្ចុប្បន្ន ត្រីត្រសក់កំពុងប្រឈមនឹងការនេសាទហួសកម្រិត ការបំផ្លិចបំផ្លាញទីជម្រក និងការកសាងទំនប់វារិអគ្គិសនីធំៗ ព្រមទាំងជាត្រីគោលដៅនេសាទ ដើម្បីយកពងរបស់អ្នកនេសាទផងដែរ ក្នុងរដូវត្រីពង។ដូចកាលពីឆ្នាំ ១៩៨៩ ត្រីត្រសក់ ត្រូវបានគេរាយការណ៍ថា មានចំនួនច្រើនលើសលប់ក្នុងទន្លេមេគង្គ ប៉ុន្តែវាហាក់ដូចជាមានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជាអាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com